សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ក្រសួងការពារជាតិ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ចំពោះ​ម្ចាស់​រថយន្ត​ពាក់​ស្លាក​លេខ​ខ.ម

​ដោយ ម៉ៅ សុធានី
2021-09-23
Share
សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ក្រសួងការពារជាតិ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ចំពោះ​ម្ចាស់​រថយន្ត​ពាក់​ស្លាក​លេខ​ខ.ម រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់។
រូប​ពី​ហ្វេសប៊ុក​លោក ទៀ បាញ់

មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​ក្រសួង​ការពារជាតិ ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ម្ចាស់​យានយន្ត​ឯកជន​ពាក់​ស្លាក​លេខ​កងយោធពល​ខេមរភូមិន្ទ ឬ ខ​.​ម ដើម្បី​កុំ​ឲ្យ​បាត់​ចំណូល​ពន្ធ និង​កុំឱ្យ​ពួកគេ​បង្ក​ភាព​មិន​ប្រក្រតី​នៅ​លើ​ដងផ្លូវ​ហើយ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ក្រសួង និង​ស្ថាប័នរដ្ឋ​។ ការជំរុញ​បែប​នេះ គឺ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ហាម​យានយន្ត​ឯកជន​ពាក់​ស្លាក​លេខ ខ​.​ម និង​ណែនាំ​ដល់​ម្ចាស់​យានយន្ត​ឯកជន​ដែល​កំពុង​ពាក់​ស្លាក​លេខ​ពិសេស​នេះ​ត្រូវ​រួសរាន់​បង់​ពន្ធ​ទៅ​តាម​ច្បាប់។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ប្រឆាំង​អំពើពុករលួយ សង្កេត​ឃើញ​ថា ករណី​យានយន្ត​ឯកជន​ពាក់​ស្លាក​លេខ ខ​.​ម ដើម្បី​គេចវេស​ពី​ការ​បង់ពន្ធ និង​អាង​អំណាច​នៅតែ​កើតឡើង​ច្រើន ហើយ​ពិបាក​ដោះស្រាយ ដោយសារតែ​បញ្ហា​អំពើ​ពុករលួយ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា ក្រសួង​ការពារជាតិ គួរតែ​លុបបំបាត់​ករណី​បុគ្គល​ឯកជន ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ ព្រោះ​ករណីនេះ ធ្វើ​ឲ្យ​សាធារណជន​ភាន់ច្រឡំ និង​បង្កើត​ភាព​មិន​ស្មើគ្នា​ចំពោះ​ការប្រើប្រាស់​រថយន្ត ជាពិសេស​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ជាតិ​។ លើស​ពី​នេះ លោក​ពិនិត្យ​ឃើញ​ថា កន្លង​មក មានការ​រិះគន់​ជាច្រើន​ចំពោះ​ម្ចាស់​រថយន្ត​ឯកជន​មួយចំនួន អាង​ស្លាក​លេខ ខ​.​ម បង្ក​ភាព​ភ័យខ្លាច ឬ​គំរាមកំហែង​ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ សាធារណៈ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ក្រសួង និង​ស្ថាប័នរដ្ឋ៖ «ខ្ញុំ​គិតថា បើ​គេ​ប្រើ​វិធី​ផ្សេង​ដើម្បី​ទទួល​បាន​សិទ្ធិ​ប្រើ​ស្លាក​លេខ​នេះ គឺ​មាន​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ផ្សេងៗ ហើយ​ទី​២​ប្រាកដជា​មានការ​ស៊ីសំណូក ស៊ូក​ប៉ាន់​ហើយ ដើម្បី​មាន​សិទ្ធិ​ប្រើ​ស្លាក​លេខ​រដ្ឋ​នេះ​។ កន្លែង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សាធារណជន ខឹង​សម្បារ និង​ព្រួយបារម្ភ ព្រោះ​ជួន​កាល​ការប្រើប្រាស់​ស្លាក​លេខ​នេះ មាន​ទាំង​ជនជាតិ​បរទេស​ទៅទៀត ដែល​មិន​គួរ​ទាល់តែសោះ»

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​រូប​នេះ យល់​ថា វិធានការ​ប្រមូល​ពន្ធ និង​ការ​ហាម​រថយន្ត​ឯកជន​មិន​ឱ្យ​ពាក់​ស្លាក​លេខ​រដ្ឋ​នេះ គឺជា​រឿង​ល្អ ហើយ​អាច​ធ្វើ​បាន​ជោគជ័យ ប្រសិនបើ​ក្រសួងការពារជាតិ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា និង​មិន​មាន​ការ​លើកលែង៖ «​កុំ​ឲ្យ​មាន​ស្តង់ដារ​ពីរ មាន​ន័យថា បើ​យើង​ដាក់​កំហិត​បែប​ហ្នឹង​ទៅដល់​បងប្អូន​ដែល​គាត់​ធ្លាប់​ប្រើ​ស្លាក​លេង​នេះ​ជា​ទូទៅ​ហើយ យើង​មិន​គួរ​ឲ្យ​មានការ​លើកលែង​ទេ បើ​មិន​អ៊ីចឹង​ទេ នៅតែ​មាន​បរិយាកាស​នេះ​កើតឡើង​។ ខ្ញុំ​គិតថា រឿង​ចំណេញ គឺ​យើង​មាន​ច្រើន ទី​១​បង្កើន​ជំនឿ​សាធារណៈ ទី​២​យើង​ដឹង​ថា កាលណា​បងប្អូន​យើង​បង់ពន្ធ យើង​បាន​ចំណូល​ជូន​រដ្ឋ ចូល​ថវិកាជាតិ​ហើយ​យើង​អាច​ប្រើប្រាស់​លុយ​នេះ​ជា​ប្រយោជន៍ ប៉ុន្តែ​យើង​ត្រូវតែ​ធ្វើ​រឿង​នេះ​ឲ្យ​ចប់​តែម្តង កុំ​ឲ្យ​បញ្ហា​នេះ កើតជា​បន្តបន្ទាប់​ទៀត»

ការ​លើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​បែបនេះ គឺ​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ កាល ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា បាន​ចេញ​សារាចរ​ណែនាំ​ដល់​ម្ចាស់​យានយន្ត​ឯកជន​ដែល​កំពុង​ជ្រក​ក្រោម​ស្លាក​លេខ ខ​.​ម ត្រូវ​រួសរាន់​ទៅ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំចូល​ស្របច្បាប់ និង​បទប្បញ្ញត្តិ​ស្ដីពី​គយ​។ ក្រៅពី​នេះ លោក​ក៏​ហាម​រថយន្ត​ឯកជន​បំពាក់​ស្លាក​លេខ ខ​.​ម និង​តម្រូវ​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ពាក់​ស្លាក​លេខ​ពិសេស​នេះ ត្រូវ​ប្តូរ​ចង្កូត​ពី​ស្តាំ​មក​ឆ្វេង​យ៉ាង​យូរ​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២២ ដើម្បី​ជៀសវាង​ការ​ប្រឈម​ផ្លូវច្បាប់​។ លោក ទៀ បាញ់ បញ្ជាក់​ថា ចំពោះ​យានយន្ត​ឯកជន​ដែល​ពាក់​ស្លាក​លេខ ខ​.​ម ហើយ​បាន​ទៅ​បំពេញ​កាតព្វកិច្ច​ពន្ធ ក្រសួង​ការពារ​ជាតិ​នឹង​រក្សាទុក​ឱ្យ​ប្រើ​ប្រាស់​ជា​ធម្មតា។ ប៉ុន្តែ​ក្នុងករណី​យានយន្ត​ឯកជន​ពាក់​ស្លាក​លេខ ខ​.​ម មិនបាន​ទៅ​បំពេញ​កាតព្វកិច្ច​ពន្ធ ក្រសួងការពារជាតិ​នឹង​និរាករណ៍​ស្លាក​លេខ​នោះ​ដោយ​ស្វ័យប្រវត្តិ។

វិទ្យុ​អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​រឿងនេះ​បន្ថែម​ពី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ និង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាត បានទេ នៅ​ថ្ងៃទី​២៣ កញ្ញា។

ទាក់ទង​ករណី​នេះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ លើកឡើង​ថា ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធ​ផ្សេងៗ​ពី​ម្ចាស់​រថយន្ត​ឯកជន ដែល​ពាក់​ស្លាក​លេខ ខ​.​ម ស្លាក​លេខ​ន​.ប និង​ស្លាក​លេខ​រដ្ឋ គឺជា​រឿង​ចាំបាច់ ព្រោះ​លោក​សង្កេត​ឃើញ​ថា រថយន្ត​ពាក់​ស្លាក​លេខ​ទាំង​បី​ប្រភេទ​នេះ​កើនឡើង​ច្រើន។ លោក​បន្ត​ថា ចំពោះ​ករណី​មាន​រថយន្ត​គេចពន្ធ​ចូល​ដល់​ក្នុង​ប្រទេស នៅ​បន្ត​កើត​មាន​នេះ គឺ​ឆ្លុះ​បញ្ចាំ​ឲ្យ​ឃើញ​ពី​អំពើពុករលួយ​របស់​មន្ត្រី​ត្រួតពិនិត្យ​ការ​នាំចូល​រថយន្ត​នៅ​តាម​ច្រកព្រំដែន​ជាមួយ​ប្រទេសជិតខាង៖ «កុំ​ឲ្យ​មាន​មន្ទិល​តទៅទៀត ខ្ញុំ​គិតថា រថយន្ត​ធុន​ធ្ងន់​របស់​ក្រសួង​ការពារជាតិ របស់​ប៉ូលិស​ជាដើម គួរតែ​ប្រើ​ស្លាក​លេខ​រដ្ឋ​ទៅ ហើយ​លុបបំបាត់​ស្លាក​លេខ​ខ​.​ម និង ន​.​ប ចោល​តែម្តង​ទៅ កុំ​ឲ្យ​នៅ​ស្មុគស្មាញ​បន្ត​ទៀត ហើយ​ធ្វើ​បែបនេះ ដើម្បី​ឲ្យ​កម្ពុជា ឃើញ​តែ​ស្លាក​លេខ​ពីរ​ប្រភេទ​ទេ គឺ​ស្លាក​លេខ​ស៊ីវិល និង​ស្លាក​លេខ​រដ្ឋ។ ការ​ធ្វើ​បែប​នេះ ងាយស្រួល​គ្រប់គ្រង​ហើយ​អាច​ឈានទៅ​លុបបំបាត់​ការ​ដែល​មាន​រថយន្ត​គេចពន្ធ»

បច្ចុប្បន្ន​នេះ ការ​ប្រើប្រាស់​រថយន្ត និង​ទោចក្រយានយន្ត​អត់​ពន្ធ​ដែល​មាន​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ និង​ពាក់​ផ្លាក​លេខ​នគរបាល​ផង​នោះ មាន​ទាំង​ជន​ស៊ីវិល និង​មន្ត្រីរាជការ រួម​ទាំង​ជនជាតិ​ចិន​ខ្លះ​ផង។ ពួកគេ​កំពុង​ប្រើប្រាស់​យានជំនិះ​ទាំងនោះ​ជា​មធ្យោបាយ​ធ្វើដំណើរ​ជា​លក្ខណៈ​គ្រួសារ ក្នុង​នោះ ម្ចាស់​យានយន្ត​មួយចំនួន មិនសូវ​គោ​ព​ច្បាប់​ចរាចរណ៍​នោះ​ទេ និង​ខ្លះទៀត​តែងតែ​គំរាមកំហែង ឬ​គេច​ពី​ការទទួលខុសត្រូវ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង។ កន្លង​មក រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ដាក់ចេញ​វិធានការ​ជាច្រើនលើក​ដែរ ដើម្បី​បង្ក្រាប និង​ឲ្យ​ម្ចាស់​រថយន្ត​ដែល​ជ្រក​ក្រោម​ស្លាក​លេខ ខ​.​ម និង ន​.​ប បង់ពន្ធ និង​ផ្លាស់ប្ដូរ​ទៅ​ប្រើ​ស្លាក​លេខ​ធម្មតា​វិញ ប៉ុន្តែ​អ្នកឃ្លាំមើល វាយតម្លៃ​ថា វិធានការ​ទាំងនោះ​បាន​បរាជ័យ​ជា​បន្តបន្ទាប់ ដោយសារ​ការ​អនុវត្ត​ធ្វើឡើង​តែមួយ​ឆាវ​ដូច​ភ្លើងចំបើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល