ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ស៊ើប​អង្កេត​ករណី​រថយន្ត​ស្លាក​លេខ ខ.ម ដឹក​គ្រឿង​ញៀន​ជាង ២០០គីឡូ​ក្រាម

ដោយ ម៉ៅ សុធានី
2022.11.15
Share on WhatsApp
Share on WhatsApp
ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ស៊ើប​អង្កេត​ករណី​រថយន្ត​ស្លាក​លេខ ខ.ម ដឹក​គ្រឿង​ញៀន​ជាង ២០០គីឡូ​ក្រាម គ្រឿងញៀនប្រមាណ ២០០​គីឡូក្រាម ដែលនគរបាលរឹ​បអូសពីក្នុងរថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ វិច្ឆិកា ២០២២។
រូប៖ ប៉ូលិស

ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល ទាមទារ​ដល់​រដ្ឋាភិបាល​ស៊ើប​អង្កេត​ម្ចាស់​រថយន្ត​ដែល​បំពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ដឹក​គ្រឿង​ញៀន​ជាង ២០០គីឡូ​ក្រាម។ អាជ្ញាធរ​ជាន់​ខ្ពស់​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​​អះអាង​ថា រថយន្ត​ដែល​ពាក់​ស្លាក​លេខ ខ.ម ដឹក​គ្រឿងញៀន​ហើយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​ជន​ល្មើស​បម្រុង​ដឹក​គ្រឿងញៀន​ចាក​ចេញ​ពី​កម្ពុជា​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។

ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​មាន​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​នៅ​កម្ពុជា ហើយ​សមត្ថកិច្ច​បង្ក្រាប​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ គឺ​ដោយសារ​តែ​មាន​មន្ត្រី​អាជ្ញាធរ​​មួយ​ចំនួន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ក្នុង​ការ​ឃុបឃិត​គ្នា​ជា​មួយ​ក្រុម​ឧក្រិដ្ឋ​ជន​ដែល​បើក​រោង​ចក្រ​ផលិត និង​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា។

មន្ត្រី​សម្រប​សម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ថា ការ​ចរាចរ​គ្រឿង​ញៀន​នៅ​កម្ពុជា​សព្វ​ថ្ងៃ​នេះ ប្រសិន​បើ​គ្មាន​មន្ត្រី​អាជ្ញាធរ​រដ្ឋាភិបាល និង​ក្រុម​ឧកញ៉ា​មួយ​ចំនួន​ជាប់​ពាក់​ព័ន្ធ​នឹង​មុខ​របរ​បែប​ឧក្រិដ្ឋ​នេះ នោះ​សមត្ថកិច្ច​អាច​នឹង​ទប់​ស្កាត់​ប្រកប​ដោយ​ប្រសិទ្ធភាព។ លោក​ព្រួយ​បារម្ភ​ថា បើ​រដ្ឋាភិបាល និង​ស្ថាប័ន​ដែល​មាន​តួនាទី​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​តែ​បន្ត​ពង្រឹង​អំពើ​និទណ្ឌភាព ពោល​គឺ​គ្មាន​ការ​ស៊ើប​អង្កេត​លើ​មន្ត្រី​ដែល​ពាក់​ព័ន្ធ លំហូរ​គ្រឿង​ញៀន​នឹង​បន្ត​រីក​សាយ​ភាយ​ក្នុង​សង្គម​កម្ពុជា​កាន់​តែ​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​អសន្តិសុខ​សង្គម ជាពិសេស​យុវជន​ជំនាន់​ក្រោយ​ប្រឈម​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ។

លោក អូត ឡាទីន ជំរុញ​រដ្ឋាភិបាល លោក ហ៊ុន សែន និង​ស្ថាប័ន​តុលាការ ស៊ើប​អង្កេត​មន្ត្រី​អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន ហើយ​ត្រូវ​ដាក់​ទោស​ពួកគេ​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ផ្លូវ​ច្បាប់ ដូច​ដែល​រដ្ឋាភិបាល និង​តុលាការ​ដាក់​ទោស​លើ​សកម្មជន​ដែល​ឈឺ​ឆ្អាល​នឹង​បញ្ហា​សង្គម​នោះ​ដែរ៖

«នៅ​ពេល​ដែល​បញ្ហា​គ្រឿងញៀន​វា​ជាប់​ពាក់ព័ន្ធ​មន្ត្រី​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​សុទ្ធ​តែ​មន្ត្រី​ដែល​មាន​តួនាទី​ធំៗ ធ្វើ​ឱ្យ​បញ្ហា​គ្រឿង​ញៀន​នេះ យើង​ពិបាក​ក្នុង​ការ​ទប់​ស្កាត់​មែន​ទែន។ បញ្ហា​នេះ​វា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​អាច​មាន​ទំនាក់​ទំនង​ជា​មួយ​ជន​បរទេស​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ទៀត។ ប្រសិន​បើ​យើង​ចង់​ដោះ​ស្រាយ​បញ្ហា​គ្រឿង​ញៀន​នេះ យើង​ត្រូវ​លុប​បំបាត់​អំពើ​ពុក​រលួយ ហើយ​មួយ​ទៀត ត្រូវ​ធ្វើ​ការ​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រី​ណា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​នេះ ដាក់​ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តែ​ម្ដង»

ប្រតិកម្ម​របស់​យុវជន​បែប​នេះ កើត​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា បាន​រឹប​អូស​រថយន្ត​មួយ​គ្រឿង​បំពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ០២-១៤១៥ ស្ថិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ។ ក្រោយ​មក​ទៀត សមត្ថកិច្ច​ក៏​បាន​បន្ត​ឆែក​ឆេរ​ក្នុង​រថយន្ត​បំពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​នេះ ដោយ​រឹប​អូស​គ្រឿងញៀន​ប្រមាណ​ជាង ២រយ​គីឡូក្រាម (២០០)

អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន លោក ម៉ក់ ជីតូ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា គ្រឿងញៀន​ដែល​សមត្ថកិច្ច​រឹប​អូស​បាន​ជា​ប្រភេទ​មេតំហ្វេតាមីន (ICE) ដែល​ឧក្រិដ្ឋជន​អាច​នឹង​បម្រុង​ដឹក​ចាក​ចេញ​ពី​កម្ពុជា​ឆ្លង​ដែន​នៅ​ប្រទេស​វៀតណាម។ លោក​អះអាង​ថា សមត្ថកិច្ច​កំពុង​បន្ត​ការ​ស៊ើប​អង្កេត ដោយ​សារ​តែ​បន្ទាប់​ពី​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នោះ​ម្ចាស់​រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ​បាន​រត់​គេច​ខ្លួន​ភ្លាមៗ៖

«អាច​ចេញ​ពី​ភ្នំពេញ​ទៅ​ហើយ​តាម​មើល។ ប៉ុន ប្រភព​ដើម​ចេញ​ពី​ឡាវ យើង​មិន​ទាន់​ដឹង​ច្បាស់​ទេ កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត ព្រោះ​ថា​គ្រឿងញៀន មេតំហ្វេតាមីន (ICE) នៅ​យើង​អត់​មាន​ទេ មាន​តែ​ឆ្លង​ពី​ឡាវ​មក»

ទាក់​ទង​នឹង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​អាច​កំណត់​អត្ត​សញ្ញាណ​ម្ចាស់​រថយន្ត​ដែល​មាន​ផ្ទុក​គ្រឿងញៀន​បាន​នៅ​ឡើយ​ទេ។ លោក​អះអាង​ថា សមត្ថកិច្ច​ក៏​បាន​ត្រួត​ពិនិត្យ​ស្លាក​លេខ​រថយន្ត​ដឹក​ជញ្ជូន​គ្រឿងញៀន​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង (System) របស់​ក្រសួង​មហាផ្ទៃ​ដែរ ក៏​ប៉ុន្តែ​លោក​ថា ពុំ​មាន​ការ​បញ្ជាក់​ថា អ្នក​ដែល​ដឹក​គ្រឿងញៀន​នោះ​ជា​មន្ត្រី​យោធា ឬ​កង​ទ័ព​នោះ​ទេ៖

«អត់​ទាន់​កំណត់​បាន​អត្ត​សញ្ញាណ​ថា បុគ្គល​ហ្នឹង​ជា​នរណា​ដែរ។ បន្ទាប់​ពី​យើង​ឆែក (Check) មើល​ទៅ​ស្លាក​លេខ​ហ្នឹង អត់​មាន​ក្នុង System (ប្រព័ន្ធ​គ្រប់​គ្រង) ពាក់​ព័ន្ធ​ខាង​ក្រសួង​ការពារ​ជាតិ​នោះ​ទេ។ អ៊ីចឹង​មាន​ន័យ​ថា ស្លាក​លេខ​ហ្នឹង ជា​ស្លាក​លេខ​ក្លែង​ក្លាយ។ ឥឡូវ​សមត្ថកិច្ច យើង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម ថា​តើ​បុគ្គល​ជា​បើក​ឡាន​ជា​នរណា? អ៊ីចឹង ឥឡូវ​កម្លាំង​ជំនាញ​កំពុង​តែ​សហការ​ធ្វើ​ការ លើ​ករណី​ហ្នឹង»

ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំ​មើល យល់​ថា ករណី​រថយន្ត​ពាក់​ស្លាក​លេខ ខ.ម ដឹក​គ្រឿងញៀន​នេះ គឺ​ជា​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​ណា​ម្នាក់ ឬ​មាន​ការ​ឃុបឃិត​គ្នា​ជា​មួយ​នឹង​មន្ត្រី​យោធា​ខ្ពស់ ព្រោះ​មនុស្ស​សាមញ្ញ មិន​អាច​មាន​លទ្ធភាព​ប្រើ​ប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​ពិសេស​នេះ ដើម្បី​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​បាន​ឡើយ។ កន្លង​មក ក៏​មាន​ករណី​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ដែរ។ លើស​ពី​នេះ ករណី​រថយន្ត​ពាក់​ស្លាក​លេខ​ ខ.ម សម្រាប់​យោធា​នេះ ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​មធ្យោបាយ​ខុស​ច្បាប់​នេះ មិន​មែន​ជា​រឿង​ថ្មី​ឡើយ ដូច​ជា​ការ​លួច​ដឹក ឈើ និង​គេច​បង់​ពន្ធ​ចូល​រដ្ឋ​ជាដើម។

កម្ពុជា​នា​រយៈពេល​ចុង​ក្រោយ​នេះ ហាក់​កំពុង​រង​ការ​ញ៉ម​ញី​យ៉ាង​ខ្លាំង​ពី​លំហូរ​គ្រឿង​ញៀន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​តាម​រយៈ​ក្រុម​ឧក្រិដ្ឋជន​ជន​ជាតិ​ចិន​ដែល​បើក​រោង​ចក្រ​ផលិត​គ្រឿងញៀន និង​ដឹក​គ្រឿង​ញៀន​ឆ្លង​ដែន​ចូល​កម្ពុជា។ អាជ្ញាធរ បាន​បង្ក្រាប​ទ្រង់​ទ្រាយ​ធំ​ជា​បន្ត​បន្ទាប់​ដោយ​រឹប​អូស​គ្រឿងញៀន​ម្តងៗ រាប់​រយ​តោន ហើយ​ថែម​រក​ឃើញ​ទីតាំង​ក្រុម​ឧក្រិដ្ឋជន​បើក​រោង​សិប្បកម្ម​គ្រឿងញៀន​ថែម​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខ្លះ ក្រុម​ឧក្រិដ្ឋជន​បាន​ដក​កាំភ្លើង​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ថែម​ទៀត​ផង។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP-Center) លោក យង់ គិមអេង ព្រួយ​បារម្ភ​អំពី​កំណើន​គ្រឿងញៀន​នៅ​កម្ពុជា ខណៈ​រថយន្ត​ដឹក​ជញ្ជូន​គ្រឿងញៀន​បំពាក់​ស្លាក​លេខ​ខេមរភូមិន្ទ។ លោក លើក​ឡើង​ថា បើ​អាជ្ញាធរ​នៅ​តែ​បន្ត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ដោយ​គ្មាន​ស្ថាប័ន​ណា​ស៊ើបអង្កេត ដើម្បី​យក​ពួកគេ​ឱ្យ​ទទួល​ទោស​តាម​ច្បាប់​នោះ លំហូរ​គ្រឿងញៀន​នៅ​កម្ពុជា​នឹង​មិន​អាច​ថមថយ​ឡើយ៖

«មាន​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ក្រឡាប់​ឡាន ឃើញ​គ្រឿងញៀន​អ៊ីចឹង​ហើយ គឺ​ត្រូវ​តែ​ស្វែង​រក​ចាប់​ជន​ល្មើស​ជួញដូរ​គ្រឿង​ញៀន​ឱ្យ​បាន ដើម្បី​យក​មក​ផ្ដន្ទាទោស មិន​អាច​បន្ធូរ​បន្ថយ ឬ​ពន្យារ​ពេល​ក្នុង​ការ​នាំ​ខ្លួន ក្នុង​ការ​ចាប់​ខ្លួន​ជន​ល្មើស​យក​មក​កាត់​ទោស​បាន​ទេ។ នេះ​ជា​រឿង​មួយ​សំខាន់ ព្រោះ​វា​បង្ក​មហន្តរាយ វា​បង្ក​វិនាសកម្ម យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​សង្គម​ជាតិ​យើង​បាទ»

កន្លង​មក ពលរដ្ឋ និង​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន មាន​ភាព​ធូរ​រលុង និង​មាន​អំពើ​ពុក​រលួយ ដោយ​ភាគ​ច្រើន អាជ្ញាធរ បង្ក្រាប​បាន​តែ​អ្នក​ជួញដូរ និង​ប្រើប្រាស់​តូច​តាច ប៉ុន្តែ​កម្រ​បង្ក្រាប​បាន​មេ​ខ្លោង​ធំៗ។ ជាក់​ស្ដែង ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ (Rock )និង​ត្រូវ​ជា​បង​ប្រុស​ឧកញ៉ា គិត ម៉េង គឺ​ឧកញ៉ា គិត ធាង ដែល​ជា​មេខ្លោង​ចែក​ចាយ​គ្រឿង​ញៀន​ក្នុង​ក្លឹប​កម្សាន្ត​របស់​ខ្លួន​នោះ អាជ្ញាធរ​មិន​ហ៊ាន​បង្ក្រាប​ភ្លាមៗ ទេ លុះត្រាតែ​មាន​ការ​រិះគន់​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ហើយ​មាន​បទ​បញ្ជា​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទើប​ហ៊ាន​ចូល​ទៅ​ចាប់​លោក គិត ធាង។ លើស​ពី​នេះ ទោះ​បី​ជា​លោក គិត ធាង ត្រូវ​បាន​ចាប់​ខ្លួន​ក្ដី ក៏​លោក ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​កន្លះ​ខែ​ប៉ុណ្ណោះ។ បន្ទាប់​មក លោក បាន​ជួល​បន្ទប់​ពិសេស វី.អាយ.ភី (VIP) នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ឬ​ហៅ​ថា មន្ទីរ​ពេទ្យ​រុស្ស៊ី សម្រាប់​រស់​នៅ​ជំនួស​ពន្ធនាគារ ហើយ​ទី​បំផុត តុលាការ​ឧទ្ធរណ៍​ភ្នំពេញ ក៏​បាន​ជួយ​សម្រាល​ទោស​ដោះលែង​លោក​ពី​ពន្ធនាគារ​ស្ងាត់ៗ​ថែម​ទៀត។ ករណី​ក្មួយ​ប្រុស​របស់​លោក ហ៊ុន សែន គឺ​ឧកញ៉ា ហ៊ុន តូ ក៏​ធ្លាប់​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា ជាប់​ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ទាំង​ក្នុង​ប្រទេស និង​រហូត​ឆ្លង​ប្រទេស​ដែរ ដូចជា​ទៅ​ប្រទេស​អូស្ត្រាលី ជាដើម។

កាល​ពី​ថ្ងៃ​ទី២៦ ខែ​មិថុនា អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ដុត​បំផ្លាញ​សារធាតុ​ញៀន និង​សារ​ធាតុ​គីមី សរុប​ជាង ៦តោន​ក្នុង​ចំណោម​វត្ថុ​តាង​គ្រឿង​ញៀន សារ​ធាតុ​គីមី​ផ្សំ និង​សារ​ធាតុ​គីមី​ពាក់ព័ន្ធ​ផ្សេងៗ ដែល​រឹប​អូស​បាន មាន​ទម្ងន់​សរុប​ជិត ១០០តោន។ អាជ្ញាធរ​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ២០២០ និង​ឆ្នាំ២០២១ ដែល​មាន​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ សមត្ថកិច្ច​បង្ក្រាប និង​រឹប​អូស​គ្រឿងញៀន​បាន​ជិត ១០តោន និង​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ជាង ៣ម៉ឺន​នាក់។ ក្នុង​នោះ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​ជាង ១ម៉ឺន​ករណី (១០.៤៦១ករណី) ក្នុង​ឆ្នាំ២០២០ និង​ជាង ៦ពាន់​ករណី (.៣០៨ករណី) ទៀត​ក្នុង​ឆ្នាំ២០២១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។