អ្នកឃ្លាំមើលសង្គមបារម្ភថា ក្រុម Hacker កូរ៉េខាងជើងចូលលួចយកទិន្នន័យក្នុងស្ថាប័ននៅកម្ពុជាប៉ះពាល់ដល់សន្តិសុខជាតិ
2024.10.06
អ្នកឃ្លាំមើលសង្គមបារម្ភថា កម្ពុជាអាចប្រឈមបញ្ហាសន្តិសុខជាតិដោយសារក្រុមចោរព័ត៌មានវិទ្យា ឬហេកឃឺរ (Hackers) របស់ប្រទេសកូរ៉េខាងជើង (North Korea) បានបង្កើតប្រព័ន្ធជ្រៀតជ្រែកចូលទៅយកឯកសារព័ត៌មាន និងទិន្នន័យក្នុងកុំព្យូទ័ររបស់អង្គការ ឬស្ថាប័នសំខាន់ៗនៅកម្ពុជា។ ពួកគាត់ជំរុញឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតលើករណីនេះឱ្យបានម៉ត់ចត់ដើម្បីកុំឱ្យមានការជ្រៀតជ្រែក និងការគំរាមកំហែងតាមអ៊ីនធឺណិត ពីក្រុមហេកឃឺរ (Hackers) ទាំងនោះ។
អ្នកឃ្លាំមើលសង្គមលើកឡើងថា ការណ៍ដែលក្រុមចោរព័ត៌មានវិទ្យា ឬហេកឃឺរ (Hackers) របស់កូរ៉េខាងជើងចូលមកលួចឯកសារទិន្នន័យនៅក្នុងស្ថាប័នសំខាន់ៗរបស់កម្ពុជានេះគឺ ដោយសារកម្ពុជាបានបង្កើនទំនាក់ទំនងជាមួយប្រទេសផ្សេងដែលនាំឱ្យទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងជើងឃ្លាតឆ្ងាយ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែតុលា ថា បញ្ហាក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើងជ្រៀតជ្រែកចូលលួចឯកសារមួយចំនួនពីកម្ពុជាគឺដោយសារតែរដ្ឋាភិបាលកម្ពុជាបានបង្កើនទំនាក់ទំនងជាមួយប្រទេសផ្សេងដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍កូរ៉េខាងជើង។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាគួរតែបង្កើនការប្រុងប្រយ័ត្ន និងស៊ើបអង្កេតឱ្យបានច្បាស់លាស់ពីបញ្ហានេះ។
លោក សេង វណ្ណលី៖ «លេចលឺព័ត៌មានចារកិច្ចកូរ៉េខាងជើងដែលលួចទិន្នន័យទៅលើប្រទេសដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើងតាមពិតវាកើតឡើងដោយសារតែប្រទេសមួយចំនួនជាពិសេសនៅក្នុងតំបន់អាស៊ានរួមទាំងកម្ពុជាចាប់ផ្ដើមងាកចេញពីទំនាក់ទំនងបែបប្រពៃណីដោយកសាងទំនាក់ទំនងជាមួយហ្នឹងពង្រឹង និងកសាងកិច្ចប្រតិបត្តិការទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងជប៉ុនរៀងខ្លាំង»។
ក្ដីបារម្ភរបស់អ្នកតាមដានស្ថានការណ៍សង្គមរូបនេះគឺធ្វើឡើងបន្ទាប់ពី អ្នកជំនាញសន្តិសុខអ៊ីនធឺណិតនៃក្រុមហ៊ុន ស៊ិចឃ្យូរ៉ូនិច (Securonix) បានចេញរបាយការណ៍មួយមានកម្រាស់២២ទំព័រ កាលពីថ្ងៃទី៣ ខែតុលា ដោយរកឃើញថា កម្ពុជាគឺជាប្រទេសគោលដៅរបស់រដ្ឋាភិបាលកូរ៉េខាងជើង (North Korea) ហើយក្រុមHackersដែលមានឈ្មោះថា អេភីធី៣៧ (APT37) មានទិសដៅជ្រៀតជ្រែកទៅប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ី។ ប៉ុន្តែក្រុមអ្នកជំនាញមិនបានដឹងអំពីមូលហេតុពិតប្រាកដដែលនាំឱ្យក្រុមHackers នេះកំពុងស្វែងរក ឬផ្ដោតគោលដៅលើប្រទេសកម្ពុជានោះឡើយ។ ដោយឡែកឯកសារដែលក្រុមអ្នកជំនាញពីក្រុមហ៊ុន Securonix បានរកឃើញមានជាភាសាខ្មែរពាក់ព័ន្ធនឹងប្រាក់ចំណូលពីវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានឯកសារខ្លះទៀត គឺជាភាសាអង់គ្លេស ដែលមានព័ត៌មានជាច្រើនទាក់ទងនឹងកម្ពុជា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន និងអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី០៦ ខែតុលា។
ទោះបីជាយ៉ាងណា ក្នុងជំនួបរវាងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងឯកអគ្គរដ្ឋទូតនៃប្រទេសកូរ៉េជើងប្រចាំកម្ពុជា លោក ចាង យ៉ុងហ្គុន (Jang Yun Gon ) កាលពីថ្ងៃទី០៤ ខែតុលា លោក ហ៊ុន សែន បានថ្លែងថា ការណ៍ដែលកម្ពុជាបានចូលរួមដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលកូរ៉េខាងជើងកាលពីពេលកន្លងទៅគឺជាការបង្ខំចិត្តដោយសារតែកម្ពុជា គឺជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាគួរតែបើកការស៊ើបអង្កេតជុំវិញករណីនេះចៀសវាងមានការប៉ះពាល់ដល់ទិន្នន័យផ្នែកហិរញ្ញវត្ថុដែលក្រុមចោរព័ត៌មានវិទ្យាទាញយក។ លោកបន្តថា បញ្ហានេះកើតឡើងដោយសារតែកម្ពុជាគ្មានសមត្ថភាពពង្រឹងប្រព័ន្ធសុវត្ថិភាពសន្តិសុខព័ត៌មានវិទ្យារបស់ខ្លួនដែលអាចបង្កឱ្យកម្ពុជាស្ថិតក្រោមការត្រួតពិនិត្យតាមប្រព័ន្ធអ៊ីនធឺណិតរបស់បរទេស និងរារាំងដល់ឯករាជ្យភាព អធិបតេយ្យភាពរបស់កម្ពុជា។
លោក ស៊ឹង សែនករុណា៖ «ក្នុងនាមជាអ្នកដឹកនាំប្រទេសគួរតែពិនិត្យឱ្យបានច្បាស់ ហើយរកវិធីសាស្ត្រណាមួយដើម្បីការពារនូវប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ផលប្រយោជន៍រួមរបស់ប្រទេសជាតិការពារការជ្រៀតជ្រែកចូលពីបណ្ដាប្រទេសដែលគេហៅថា ធ្វើនូវអំពើទុច្ចរិត ឬក៏ជ្រៀតចូលកេងនូវផលចំណេញដែលប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជន ឬផលប្រយោជន៍ប្រទេសជាតិ។ អ៊ីចឹងក្នុងនាមជាអ្នកដឹកនាំគួរតែរកវិធីសាស្ត្រ និងអ្នកជំនាញណាមួយដើម្បីទប់ស្កាត់»។
នេះមិនមែនជាលើកទីមួយនោះទេដែលកម្ពុជារងការជ្រៀតជ្រែកពីសំណាក់ក្រុមចោរព័ត៌មានវិទ្យា ឬហេកឃឺរ (Hackers) ។ កាលពីឆ្នាំ២០១៨ និងឆ្នាំ២០២៣ ក្រុមហេកឃឺរ (Hackers) ដែលសង្ស័យថា គ្រប់គ្រងដោយរដ្ឋអំណាចចិន ហៅកាត់ថា អេភីធី៤០ (APT40) ឬ TEMP.Periscope បានចូលទៅគ្រប់គ្រងទិន្នន័យនៅក្នុងក្រសួងសំខាន់ៗរបស់កម្ពុជាក្នុងរួមទាំងស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប គណបក្សសង្គ្រោះជាតិ និងអង្គការលីកាដូផង ប៉ុន្តែបើទោះជាមានការចូលលួចទិន្នន័យបែបនេះក្ដី ក៏រដ្ឋាភិបាលកម្ពុជានៅតែរក្សាភាពស្ងប់ស្ងាត់ជុំវិញបញ្ហានេះដែលធ្វើឱ្យអ្នកឃ្លាំមើលសង្គមសង្ស័យថា កម្ពុជាអាចជាប់ព័ន្ធនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទៅលើក្រុមមន្ត្រីនៃគណបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។