សង្គម​ស៊ីវិល​ថា តួលេខ​ជួញដូរ​ស្ត្រី​ខ្មែរ​បង្ខំ​ឱ្យ​រៀបការ​នៅ​ប្រទេស​ចិន​កើន​ឡើង​ក្នុង​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០២៤

ដោយ សេក បណ្ឌិត
2024.10.31
សង្គម​ស៊ីវិល​ថា តួលេខ​ជួញដូរ​ស្ត្រី​ខ្មែរ​បង្ខំ​ឱ្យ​រៀបការ​នៅ​ប្រទេស​ចិន​កើន​ឡើង​ក្នុង​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០២៤ ក្រុម​គ្រួសារ​របស់​អ្នក​នារី​រងគ្រោះ​ចាញ់​បោក​រៀបការ​ទៅ​ប្រទេស​ចិន យំ​ឱប​គ្នា​នៅ​ពេល​ដែល​កូនស្រី​របស់​គាត់​ត្រូវ​ជួយ​សង្គ្រោះ​ឱ្យ​វិល​ត្រឡប់​មក​ស្រុកកំណើត​ជួបជុំ​គ្រួសារ​វិញ។
រូប៖ សមាគម​អាដហុក

សង្គម​ស៊ីវិល​រក​ឃើញ​ថា ក្នុង​រយៈ​ពេល ៩​ខែ​ឆ្នាំ​២០២៤​នេះ ​ចំនួន​ស្ត្រី​ខ្មែរ​ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ​ត្រូវ​គេ​បង្ខំ​ឱ្យ​រៀបការ​នៅ​ក្នុង​ប្រទេស​ចិន មាន​ការ​កើន​ឡើង​ខ្ពស់​ជាង​ករណី​ជួញដូរ​មនុស្ស​ផ្សេងៗ​ទៀត។

សង្គម​ស៊ីវិល​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល ​គួរ​តែ​ត្រួតពិនិត្យ​ឡើង​វិញ​ទៅ​លើ​មន្ត្រី​ខ្លះ​ពាក់​ព័ន្ធ​នឹង​ការ​រៀបចំ​ឯកសារ​ផ្លូវ​ច្បាប់ ​ដែល​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​នាំ​ស្ត្រី​ខ្មែរ​ទាំង​នោះ​ចេញ​ទៅ​ក្រៅ​ប្រទេស។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ចំនួន​ស្ត្រី​ខ្មែរ​ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​នេះ ​នឹង​បន្ត​កើន​ឡើង​ថែម​ទៀត ​ប្រសិន​បើ​រដ្ឋាភិបាល​គ្មាន​វិធី​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ថា តាម​របាយការណ៍​ដែល​អង្គការ​របស់​លោក​ទទួល​បាន​បង្ហាញ​ថា អំពើ​ជួញដូរ​ស្ត្រី​ខ្មែរ​ យក​ទៅ​រៀបការ​ដោយ​បង្ខំ​នៅ​ប្រទេស​ចិន​ គឺ​មាន​តួលេខ​ខ្ពស់​ជាង​ករណី​ជួញដូរ​មនុស្ស​ផ្សេង​ទៀត ។

លោក នី សុខា បញ្ជាក់​ថា ការ​កើន​ឡើង​នេះ ​គឺ​ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​ចំពោះ​ការ​ប៉ះពាល់​ដល់​កិត្តិយស​និង​តម្លៃ​នៃ​ប្រទេស​ខ្មែរ​ផង និង​​ដល់​ជីវិត​និង​ជីវភាព​ជនរងគ្រោះ​យ៉ាង​ខ្លាំង​ផង។

លោក នី សុខា៖ «យើង​ពិត​ជា​បារម្ភ​អំពី​ការ​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​តម្លៃ​នៃ​ប្រទេស​របស់​យើង ​ហើយ​ទី​២​ទៀត​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​អនាគត​របស់​ជន​រងគ្រោះ​ផ្ទាល់។ នៅ​ពេល​ដែល​ជន​រងគ្រោះ​ត្រឡប់​មក​ពី​ប្រទេស​ចិន​វិញ​ អ្នក​ខ្លះ​ក្លាយ​ជា​ជន​បាត់​សតិ ​អ្នក​ខ្លះ​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​អ្នក​ជិតខាង​រើស​អើង។ ដូច្នេះ​វា​ប៉ះពាល់​ទៅ​ដល់​អនាគត និង​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​ទៅ​ថ្ងៃ​អនាគត​វែង​ឆ្ងាយ​ទៀត»

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) បង្ហាញ​ថា រយៈ​ពេល​៩​ខែ​ឆ្នាំ​២០២៤​ គេ​បាន​អន្តរាគមន៍​និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​នៅ​ប្រទេស​ចិន​ចំនួន ២៥​ករណី។ ក្នុង​ចំណោម​ស្ត្រី​រងគ្រោះ​ទាំង​អស់ ២៩​នាក់ គឺ​មាន​២៨​នាក់ ​បាន​រងគ្រោះ​​ដោយ​អំពើ​បង្ខំ​ឱ្យ​រៀបការ​នៅ​ប្រទេស​ចិន។

ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​មិន​យល់​ស្រប​ចំពោះ​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជុំវិញ​តួលេខ នៃ​អំពើ​ជួញដូរ​ស្ត្រី​ខ្មែរ ​នៅ​ប្រទេស​ចិន​នេះ​ទាំង​ស្រុង​ទេ។

អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ នៃ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ថា កន្លង​មក​អ្នកស្រី​ធ្លាប់​បាន​ជួប​ពិភាក្សា​ជា​មួយ​សមត្ថកិច្ច​ចិន។ កាល​នោះ​សមត្ថកិច្ច​ចិន​បដិសេធ​ថា មិន​មាន​ករណី​ជួញដូរ​ស្ត្រី​ខ្មែរ​ឱ្យ​រៀបការ​នៅ​ប្រទេស​ចិន​ទេ ​គឺ​មាន​តែ​ស្ត្រី​ខ្មែរ ​បាន​ស្ម័គ្រ​ចិត្ត​ទៅ​រៀបការ​និង​ព្រម​ធ្វើ​លិខិត​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​ជនជាតិ​ចិន​ដោយ​ខ្លួន​ឯង។

អ្នកស្រី ជូ ប៊ុន អេង បញ្ជាក់​ទៀត​ថា តាម​ការ​កត់​សំគាល់​ បណ្ដឹង​ជុំវិញ​ករណី​ជួញ​ដូរ​មនុស្ស​និង​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ភាគ​ច្រើន​តែង​កើត​ឡើង​នៅ​ពេល​ដែល​ស្រ្តី​ខ្មែរ​ទាំង​នោះ ​មាន​ជម្លោះ​ជាមួយ​ក្រុម​គ្រួសារ​ចិន។ ទោះ​ជា​យ៉ាង​ណា អ្នកស្រី​ថា​ អាជ្ញាធរ​ខ្មែរ​នៅ​តែ​បន្ត​ស៊ើប​អង្កេត​ជុំវិញ​ករណី​នេះ។

អ្នកស្រី ជូ ប៊ុនអេង៖ «បើ​ទៅ​ប្រទេស​គេ​មាន​បញ្ហា​ ហេតុ​ដូច​ម្តេច​នៅ​តែ​នាំ​គ្នា​ទៅ​ទៀត?​ ។ ឥឡូវ​នេះ​តួនាទី​របស់​រដ្ឋាភិបាល​ បាន​ក្លាយ​ទៅ​ជា​អ្នក​ដឹកជញ្ជូន​ជន​រង​គ្រោះ​ទាំង​នោះ​ត្រឡប់​មក​ស្រុក​​វិញ។ បាន​ន័យ​ថា ពេល​ដែល​ពួក​គាត់​នាំ​គ្នា​ទៅ​ស្រុក​គេ​គឺ​ធ្វើ​ដោយ​អាថ៌កំបាំង ​តែ​ដល់​​ពេល​មាន​បញ្ហា​គឺ​ឱ្យ​រដ្ឋាភិបាល​ទៅ​យក​ត្រឡប់​មក​វិញ។ នៅ​ពេល​យក​មក​ដល់​ប្រទេស​មិន​បាន​ប៉ុន្មាន​ផង ​ក៏​នាំគ្នា​ទៅ​ស្រុក​គេ​ទៀត​។ យើង​មិន​បដិសេធ​ហើយ​ក៏​មិន​បោះបង់​ចោល​ការងារ​ជួយ​ជនរងគ្រោះ​ដែរ ​ទាំង​ការងារ​បង្ការ​ទប់ស្កាត់ ​ដែល​ការងារ​នេះ​ ជា​ការងារ​សង្គ្រោះ​ ឬ​ក៏​ពេល​ខ្លះ​ពួក​ជន​រងគ្រោះ​បាន​ត្រឡប់​មក​វិញ​ដោយ​ខ្លួន​ឯង​ក៏​មាន»។

បែប​នេះ​ក្តី ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់​(CENTRAL) លោក ឌី ថេហូយ៉ា បញ្ជាក់​ថា​បើ​ពិនិត្យ​តែ​លើ​របាយការណ៍​​​ជួញដូរ​មនុស្ស​នៅ​ប្រទេស​ចិន​មួយ​មុខ ឃើញ​ថា អំពើ​ជួញដូរ​បង្ខំ​ស្ត្រី​ខ្មែរ​ឱ្យ​រៀបការ​មាន​តួលេខ​ប្រហែល​ពី​៩០​ទៅ​៩៥% ក្នុង​ចំណោម​ករណី​ជួញដូរ​មនុស្ស​ផ្សេងៗ​ទៀត។

លោក ឌី ថេហូយ៉ា៖ «ភាគ​ច្រើន​ខ្ញុំ​អាច​វាយ​តម្លៃ​ ពី​៩០​ រហូត​ទៅ​ដល់​ជាង​​៩០​ភាគ​រយ​នៃ​​ស្រ្តី​ខ្មែរ​ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន ​គឺ​ទៅ​រៀបការ​ជាមួយ​បុរស​ចិន។ បើ​ប្រៀបធៀប​តែ​ករណី​ទៅ​ប្រទេស​ចិន​តែ​មួយ​មុខ ​គឺ​មាន​ស្រ្តី​ខ្មែរ​ច្រើន​ ​ដែល​គេ​នាំ​ទៅ​ប្រទេស​ចិន ​ដើម្បី​តែ​យក​ទៅ​រៀបការ​ដោយ​បង្ខំ​តែ​ម្ដង»។

អង្គការ​CENTRAL ឱ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​សកម្មភាព​ជួញដូរ​មនុស្ស​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន ​មាន​បី​ប្រភេទ​ គឺ​រូបភាព​ជួញដូរ​ទៅ​បំរើ​ផ្លូវ​ភេទ រូបភាព​ជួញដូរ​យក​ទៅ​បង្ខំ​ឱ្យ​រៀបការ​និង​រូបភាព​ជួញដូរ​កម្លាំង​ពលកម្ម។

របាយការណ៍​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ ការ​ជួញដូរ​មនុស្ស ​នៃ​ក្រសួង​មហាផ្ទៃ ឱ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល ៧​ខែ ឆ្នាំ​២០២៤ ​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ ​ពី​អំពើ​ជួញដូរ​មនុស្ស​ទាំង​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស​ចំនួន ៣១២​នាក់។ ក្នុង​នោះ​ដែរ​សមត្ថកិច្ច ​ក៏​បាន​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដែល​គេ​បង្ខំ​ឱ្យ​រៀបការ​ខុស​ពី​ឆន្ទៈ​ចំនួន ៩៣​នាក់។ ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​កម្ពុជា​ ក៏​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ក្នុង​អំពើ​ជួញដូរ​មនុស្ស​ចំនួន ១៣៤​នាក់​ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន​៤​នាក់។

កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០២៤ ក្រសួង​ការបរទេស​អាមេរិក​ធ្លាប់​ចេញ​របាយការណ៍​ចាត់​ទុក​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បំពេញ​តាម​ស្តង់ដារ ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​ទេ ​ដោយសារ​តែ​អំពើ​ពុក​រលួយ ​របស់​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​ ហើយ​រដ្ឋាភិបាល​មិន​បាន​ដាក់​ទោស ​ទើប​ផ្ដល់​ឱកាស​ឱ្យ​អំពើ​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នៅ​តែ​រីក​រាលដាល​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។