អ្នកឃ្លាំមើលថា កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» រវាងកម្ពុជា-ចិនគ្មានពន្លឺសម្រាប់កម្ពុជាឡើយ
2024.09.11
រដ្ឋាភិបាលកម្ពុជាកំពុងអួតអាងពីភាពជោគជ័យ និងក្ដីរំពឹងក្នុងការទទួលបានផលប្រយោជន៍កាន់តែច្រើនពីប្រទេសចិន (China) កុម្មុយនិស្តតាមរយៈកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ ដែលភាគីកម្ពុជា និងចិនបានឯកភាពគ្នាបង្កើតឡើងកាលពីឆ្នាំ២០២៣។ ក្រុមអ្នកតាមដានបញ្ហានយោបាយវាយតម្លៃថា កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» នេះគ្មានពន្លឺសម្រាប់កម្ពុជាឡើយ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្ររបស់ចិនយកកម្ពុជាធ្វើជាឈ្នាន់សម្រាប់ពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួនក្នុងតំបន់។
អ្នកឃ្លាំមើលបញ្ហានយោបាយលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហាក់កំពុងដើរតាមបន្ទាត់នយោបាយការបរទេសរបស់ប្រទេសចិនកំណត់ទុកជាស្រេច ពិសេសតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការចុងក្រោយដែលមានឈ្មោះថា ត្បូងពេជ្រ ដើម្បីអាចមានឱកាសក្នុងការទ្រទ្រង់អំណាចដឹកនាំកម្ពុជាតវង្សត្រកូល។
អ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរីថា ប្រទេសចិនកុម្មុយនិស្តកំពុងរិះរកយុទ្ធសាស្ត្រសម្រុកឈានដល់ការសម្រេចមហិច្ឆតាពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ខ្លួនកាន់តែខ្លាំងនៅក្នុងតំបន់ តាមរយៈការប្រើប្រាស់រដ្ឋាភិបាលត្រកូល ហ៊ុន ធ្វើជាឈ្នាន់។ លោកអះអាងថា ការបង្កើតកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ កម្ពុជាហាក់គ្មានពន្លឺក្នុងការទទួលបានផលប្រយោជន៍ពីចិនជាដុំកំភួនឡើយ ប៉ុន្តែលោកថា នេះគឺជាយុទ្ធសាស្ត្ររបស់ចិនដែលអាចទាញឱ្យកម្ពុជាពឹងផ្អែកចិនកាន់តែខ្លាំង ដែលធ្វើឱ្យចិនក៏អាចងាយស្រួលដាក់អាណានិគមតាមបែបសម័យទំនើបលើកម្ពុជាដែរ។
លោក គឹម សុខ៖ «មែនទែនទៅបើនិយាយកម្ពុជាទាំងមូលស្ទើរតែគ្មានជំហរខ្លួនឯងក្នុងការដើរដោយខ្លួនឯងនៅឡើយ ព្រោះកម្ពុជាអត់មានរដ្ឋាភិបាលមួយដែលស្របច្បាប់។ រដ្ឋាភិបាលត្រកូល ហ៊ុន សព្វថ្ងៃមិនមែនអាចតំណាងផលប្រយោជន៍ឱ្យកម្ពុជាបានទេ។ រដ្ឋាភិបាលត្រកូល ហ៊ុន គ្រាន់តែម្ដងរត់ទៅតាមចិន ម្ដងរត់ទៅតាមវៀតណាមទៅតាមសិល្បៈនយោបាយដែលពួកគេទាញផលប្រយោជន៍ពីចិន ឬផលប្រយោជន៍ពីវៀតណាម ដើម្បីតែពង្រឹងអំណាចរបស់ពួកគេតែប៉ុណ្ណោះ។ ប៉ុន្តែ កម្ពុជាទាំងមូលគឺលង់នៅក្នុងវិបត្តិនៃការដណ្ដើមពីវៀតណាមដែលចង់លេបយកទឹកដីខ្មែរ និងពីចិនដែលចង់គ្រប់គ្រងភូមិសាស្ត្រប្រទេសកម្ពុជា»។
កម្ពុជា និងចិនបានឯកភាពបង្កើតកិច្ចសហប្រតិបត្តិការត្បូងពេជ្រកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដែលភាគីទាំងពីរអះអាងថា នឹងបង្កើតកិច្ចសហការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅលើវិស័យសំខាន់ៗដូចជា វិស័យនយោបាយ ការទូត សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន និងវិស័យសន្តិសុខ កិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ អប់រំ វប្បធម៌ ទេសចរណ៍ និងសុខាភិបាលជាដើម។
ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត បញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនពីន (Wang Wenbin) ក្នុងពិធីផ្សព្វផ្សាយសៀវភៅស្ដីពី «សហគមន៍ជោគវាសនារួមកម្ពុជាចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» កាលពីថ្ងៃទី៤ ខែកញ្ញាថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រនេះ គឺជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមសុខ រួមទុក្ខ និងជោគវាសនាក្នុងការកសាងប្រទេសជាតិជាមួយចិន ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក។ លោក វង្សី វិស្សុត បញ្ជាក់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក៏គ្រោងបង្កើតគោលនយោបាយផ្សេងៗទៀតជាមួយចិន ដើម្បីដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ឱ្យមានភាពបន្ស៊ីគ្នាជាមួយនឹងគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក វង្សី វិស្សុត ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី១០ ខែកញ្ញា។
តាមរយៈកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលបង្កើតឡើងជាង ១ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា ពឹងដង្ហើមចិនដកស្ទើរគ្រប់វិស័យដែលរួមមានទាំងប្រាក់កម្ចី ការវិនិយោគទុន និងលំហូរភ្ញៀវទេសចរចិនជាដើម ខណៈចិនពង្រីកវិស័យអប់រំភាសាចិន និងការចាយលុយយ័នតាមឌីជីថល (Digital) នៅកម្ពុជាជាដើម។
ប៉ុន្តែ ក្នុងផ្នែកពាណិជ្ជកម្មជាមួយចិននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិញ ចិនបាននាំចូលទំនិញមកកម្ពុជាច្រើនជាងកម្ពុជានាំទៅកាន់ប្រទេសចិន។ ជាក់ស្ដែង កាលពីឆ្នាំ២០២៣ ចិននាំចូលផលិតផលមកលក់នៅកម្ពុជាជិត ១១ពាន់លានដុល្លារ ចំណែកកម្ពុជា វិញនាំចេញទៅលក់នៅចិនត្រឹមតែជាង ១ពាន់លានដុល្លារតែប៉ុណ្ណោះ។
អ្នកសិក្សាបញ្ហាសង្គម និងនយោបាយ លោក ប៉ោ មករា មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជានៅមិនទាន់ទទួលផលប្រយោជន៍ពីចិនល្អប្រសើរនៅឡើយ ខណៈបញ្ហាវិស័យកសិកម្មលោករិះគន់ថា រដ្ឋាភិបាលនៅតែអសមត្ថភាពក្នុងការជួយរកទីផ្សារជូនកសិករ។ លើសពីនេះ លោកមើលឃើញថា តាមរយៈការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ក្រោមរូបភាពកិច្ចសហប្រតិបត្តិការត្បូងពេជ្រនេះ ជនជាតិចិនមួយចំនួនបែរជាមកនាំទុក្ខលំបាកដល់ប្រជាពលរដ្ឋទៅវិញ។
លោក ប៉ោ មករា៖ «ការផ្លាស់ប្ដូរប្រជាជនយើងឃើញថា ប្រជាជនចិនមកកម្ពុជាមួយចំនួនជាប្រជាជនក្រុមងងឹតអាចថា គឺជាអ្នកដែលបង្កបញ្ហាដល់កម្ពុជា។ ពេលខ្លះពួកគាត់មកដណ្ដើមការងារនៅកម្ពុជាដូចជាការរត់តាក់ស៊ី (Taxi) អ្នកខ្លះបើកអាហារដ្ឋានដណ្ដើមការងារម្ចាស់ស្រុកអ៊ីចឹងទៅ។ អ៊ីចឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូលហ្នឹងគឺទទួលបានតិចតួចណាស់ ហើយពេលខ្លះធ្វើឱ្យកម្ពុជាខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិដោយសារតែការបង្កអសន្តិសុខទៅលើកម្ពុជាដោយជនជាតិចិនតែម្ដង»។
ក្រៅពីការបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងស្អិតល្មួតរវាងរដ្ឋាភិបាលកម្ពុជា និងចិននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាកំពុងជាប់ឈ្មោះជា «មជ្ឈមណ្ឌល» ប្រព្រឹត្តអំពើឆបោកតាមអនឡាញដ៏សម្បើមមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីនេះ កម្ពុជាក៏ហាក់ផុងខ្លួនក្លាយជាកន្លែងឈានមុខគេក្នុងតំបន់ខាងឧក្រិដ្ឋកម្មជួញដូរមនុស្ស គ្រឿងញៀនឆ្លងដែន ការពង្រីកបនល្បែងកាស៊ីណូ និងការណ៍ដែលកម្ពុជាអាចធ្លាក់ចូលអន្ទាក់បំណុលចិនវ័ណ្ឌកដកខ្លួនមិនរួចនាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។