កម្ពុជានឹងមិនអាចទាក់ទាញភ្ញៀវទេសចរទេ បើមិនដោះស្រាយបញ្ហាឧក្រិដ្ឋកម្មក្នុងប្រទេស
2024.09.03
អ្នកឃ្លាំមើលលើកឡើងថា ព្រឹត្តិការណ៍ជួបជុំឡានអន្តរជាតិ ហ្គាំបល ៣០០០ (Gumball 3000) ដែលឆ្លងកាត់ប្រទេសកម្ពុជា នឹងពុំអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានច្រើនឡើយ បើរដ្ឋាភិបាល មិនដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនោះទេ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងទេសចរណ៍ និងអ្នករៀបចំកម្មវិធី ហ្គាំបល ៣០០០ បានរៀបចំពិធីត្រៀមនេះ (Pre-Event) នៅខេត្តសៀមរាប កាលពីថ្ងៃទី១ ខែកញ្ញា។
ខណៈកូនចៅអ្នកមានលុយមានអំណាច និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា កំពុងសំញែងទ្រព្យសម្បត្តិ រថយន្តទំនើបៗ ក្នុងពិធីជួបជុំរថយន្តកម្រិតអន្តរជាតិ ហ្គាំបល ៣០០០ (Gumball 3000) នៅលើទឹកដីអង្គរ អ្នកឃ្លាំមើលសង្កេតឃើញថា កត្តានេះ មិនអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានឡើយ។
អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ ខែកញ្ញាថា កម្ពុជាត្រូវបានសហគមន៍អន្តរជាតិ វាយតម្លៃថា ជាប្រទេសសម្បូរដោយអំពើពុករលួយជាប្រព័ន្ធ ការរំលោភសិទ្ធិមនុស្ស និងសម្បូរដោយអំពើចាប់ជំរិត និងការបាញ់បោះអនាធិបតេយ្យជាដើម។ លោកថា ទោះជាមានព្រឹត្តិការណ៍ ហ្គាំបល ៣០០០ ដែលមានអ្នកចូលរួមមកពីអន្តរជាតិក៏ដោយ ក៏មិនអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានដែរ។
លោក ស៊ឹង សែនករុណា៖ «កាលណាទេសចរបរទេសគេចង់មកលេងនៅកម្ពុជា គេត្រូវបើកមើលបណ្ដាញសង្គម ឬសារព័ត៌មាននានា ដែលនិយាយពីទីកន្លែង ដែលពួកគេត្រូវទៅ ភូមិសាស្ត្រ ដែលពួកគេត្រូវទៅ តើវាមានសុវត្ថិភាពដែរទេ សម្រាប់ខ្លួនគេ និងគ្រួសារគេ ដែលនឹងមកទស្សនាកន្លែងហ្នឹង? អីចឹងបើគេមើលមក កម្ពុជាយើងនៅមានអំពើបាញ់បោះអានាធិបតេយ្យដូចជាជនជាតិចិនថ្មីៗ យើងឃើញហើយ ហើយនិងរឿងការជួញដូរមនុស្សនៅក្នុងកាស៊ីណូ នៅក្នុងហ្គេមអនឡាញ ស្កេមមីង (Scamming) បោកបញ្ឆោតអ្វីទាំងអស់នេះ យើងសួរថា តើគេសម្រេចចិត្តមកលេងប្រទេសយើង?»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងទេសចរណ៍ និងអ្នករៀបចំកម្មវិធីហ្គាំបល ៣០០០ បានរៀបចំកម្មវិធីត្រៀម នៃព្រឹត្តិការណ៍ហ្គាំបល៣០០០ កាលពីថ្ងៃទី១ ខែកញ្ញា នៅព្រលានយន្តហោះចាស់ខេត្តសៀមរាប។
កម្មវិធីត្រៀមព្រឹត្តិការណ៍ (Pre-Event) នេះ មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ស្ថាបនិកសមាគមវប្បធម៌រថយន្តកម្ពុជា លោក ទៀ ស្យាម ដែលជាកូនប្រុសរបស់អតីតរដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ និងប្រធានក្រុមហ៊ុន និងតារាចម្រៀងមួយចំនួនផង។ កម្មវិធីនេះ ក៏មានការបើកបរសាកល្បង (Drag Race) ហើយមានរថយន្តប្រណិតៗ ប្រមាណ៨០គ្រឿងចូលរួម។
ក្នុងចំណោមរថយន្តប្រណិតៗទាំងនោះមានដូចជា សេរីឡាំបូហ្គីនី (Lamborghini) ហ្វើរ៉ារី (Ferrari) រ៉ូលរ៉យស៍ (Roll Royce) ផច្ឆ (Porsche) អសស្តុនម៉ាទីន (Auston Martin) និងប៊ូកាទី (Bugatti) ជាដើម។
ព្រឹត្តិការណ៍ Gumball 3000 គឺជាព្រឹត្តិការណ៍អន្តរជាតិមួយ ដែលប្រមូលផ្ដុំដោយរថយន្តកំពូលៗ និងប្រណិតៗ ប្រមាណ១៥០គ្រឿង បើកបរដោយអ្នកលេង (Playboy) មហាសេដ្ឋី និងកំពូលតារាលំដាប់ពិភពលោក ដែលឆ្លងកាត់ពីទ្វីបមួយទៅទ្វីបមួយ ក្នុងចម្ងាយផ្លូវសរុប ៣០០០ ម៉ាយ៍ (Miles) ដើម្បីរៃអង្គាសប្រាក់ជួយដល់ការងារមនុស្សធម៌។
បើទោះជាការធ្វើដំណើរក្នុងចម្ងាយ៣០០០ ម៉ាយ៍ ដែលមានអ្នកលេង (Playboy)មហាសេដ្ឋី និងអ្នកចូលចិត្តរថយន្តមកពីប្រទេសជាង៥០ ប្រមាណ ២៥០នាក់ ជិះឡានប្រណិតតម្លៃរាប់សិបម៉ឺនរហូតដល់ខ្ទង់លានដុល្លារ ឆ្លងកាត់ប្រទេសជាច្រើនក្នុងពិភពលោកក៏ដោយ ក៏មិនមែនសុទ្ធតែមនុស្សទូទៅអាចចូលរួមបាននោះទេ គឺពួកគេត្រូវចំណាយលុយច្រើនជាង ៥ម៉ឺនដុល្លារជាមួយរថយន្តទំនើបមួយគ្រឿង និងក្រុមកូនចៅអ្នកមានលុយមានអំណាចនៅកម្ពុជា ដែលដឹកនាំប្រទេសក្រីក្រនៅលើពិភពលោក។
ចំណែកពលរដ្ឋកម្ពុជា ដែលមានរថយន្តមួយគ្រឿងទំនើប ហើយមានបំណងចង់ចូលរួមកម្មវិធីនេះ អាចទិញសំបុត្រចូលរួមបានជាមួយក្រុមវប្បធម៌ឡានកម្ពុជា (Cambodia Car Culture) ដែលមានលោក ទៀ ស្យាម ប្រធានក្រុម និងជាកូនប្រុសរបស់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ក្នុងតម្លៃ៥រយដុល្លារ។
លោក ទៀ ស្យាម ដែលចូលចិត្តជិះរថយន្តប្រណាំង និងជិះរថយន្តដើម្បីលុកព្រៃ ឬហៅថា អហ្វ រ៉ូដ (Off Road) បានយករថយន្តទំនើបមួយចំនួន ដូចជារថយន្តអង់គ្លេសម៉ាក ម៉ាក់ក្លែរិន ប្រាំពីររយម្ភៃអែស (McLaren 720s) ដែលមានតម្លៃជាង ៣០ម៉ឺនដុល្លារ (ចាប់ពី ៣១០ ០០០ដុល្លារ ដល់ ៣៣៦ ០០០ដុល្លារ) និងរថយន្តអាល្លឺម៉ង់ ផច្ឆ (Porsche X Bella , Porsche X Big King) ចំនួន២គ្រឿង ដែលត្រូវបានកែច្នៃដោយសេដ្ឋីច្នៃម៉ូដជនជាតិជប៉ុន ដែលមានតម្លៃខ្លួនខ្ទង់១០ម៉ឺនដុល្លារជាដើម ចូលរួមកម្មវិធីនេះ។
ចំណែកឯ អគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប លោក លាង ពៅ ដែលល្បីខាងហៅយុវជនឡើងទៅគាស់ស្រាបៀផឹកនៅលើឆាក ហើយផ្សាយតាមកញ្ចក់ទូរទស្សន៍ បានយករថយន្ត ប៊ូកាទី ឈីរ៉ុន (Bugatti Chiron) ដែលមានតម្លៃជាង ៤លានដុល្លារ (៤ ៣០០ ០០០ដុល្លារ) ចូលរួមព្រឹត្តិការណ៍នេះ។
ទន្ទឹមនឹងនេះ ឧកញ៉ា ខេមរៈ សេរីមន្ត ដែលជាតារាចម្រៀងនៅផលិតកម្មកាឡាក់ស៊ី របស់ឧកញ៉ាឡេង ណាវ៉ាត្រា ដែលល្បីខាងបោកលុយពលរដ្ឋ រឿងទិញផ្ទះបានដី បានយករថយន្តម៉ាក ឡាំបូហ្គីនី (Lamborghini) និងរ៉ូលរ៉យស៍ (Roll Royce)ចូលរួមកម្មវិធីនេះដែរ។
គេសង្កេតឃើញភាគច្រើននៃអ្នកចូលរួមកម្មវិធីត្រៀមព្រឹត្តិការណ៍ ហ្គាំបល ៣០០០ គឺជាជនជាតិខ្មែរ ហើយមានជនបរទេសតិចតួចប៉ុណ្ណោះចូលរួម។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២ ខែកញ្ញា។
ព្រឹត្តិការណ៍ជួបជុំឡានអន្តរជាតិ ហ្គាំបល ៣០០០ លើកទី២៤ បានធ្វើឡើងនៅសហគមន៍អឺរ៉ុប ដែលមានឡានទំនើបៗចូលរួមប្រមាណ១រយគ្រឿង ធ្វើដំណើរលើចម្ងាយផ្លូវ ៣ពាន់ម៉ាយ៍ ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍ជួបជុំឡានអន្តរជាតិ ហ្គាំបល ៣០០០ លើកទី២៥ (2024 Gumball 3000 Rally) នឹងធ្វើឡើងនៅតំបន់អាស៊ី ដែលចេញដំណើរពីទីក្រុង ហូជីមិញ (Ho Chi Minh) ប្រទេសវៀតណាម (Vietnam) ឆ្លងកាត់រាជធានីភ្នំពេញ និងទីក្រុងសៀមរាបប្រទេសកម្ពុជា ហើយបន្តដំណើរទៅទីក្រុងបាងកក (Bankok) និងកោះក្រាប៊ី (Krabi) ប្រទេសថៃ (Thailand) រួចឆ្ពោះទៅទីក្រុងកូឡាឡាំពួរ (Kuala LUMPUR) របស់ប្រទេសម៉ាឡេស៊ី (Malaysia) និងគោលដៅចុងក្រោយនៅប្រទេសសិង្ហបុរី (Singapore) ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែកញ្ញា។
ចំណែកក្បួនរថយន្តទាំងនេះ នឹងឆ្លងកាត់ប្រទេសកម្ពុជា (Gumball 3000 Rally in Cambodia) នៅថ្ងៃទី១៥ ដល់ថ្ងៃទី ១៧ ខែកញ្ញាខាងមុខនេះ។
សារព័ត៌មានអន្តរជាតិមួយចំនួនហៅព្រឹត្តិការណ៍ ហ្គាំបល ៣០០០ ថា ជាល្បែងកម្សាន្ត (Playground) របស់អ្នកមាន ដែលមានឡានប្រណិតៗ កម្រងបានឃើញ ហើយជាធម្មតាក្បួនរថយន្តទាំងនេះ បានរំលោភច្បាប់ចរាចរណ៍ពេញមួយសប្ដាហ៍។
ទោះជាយ៉ាងណា លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា កម្ពុជាជាទឹកដីសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ ប្រាង្គប្រាសាទ តំបន់ទេសចរណ៍គ្រប់ទីកន្លែងទូទាំងប្រទេស ដែលអំណោយផលខ្លាំងខាងវិស័យទេសចរណ៍។ លោកថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ រដ្ឋាភិបាលគួរតែចាត់វិធានការម៉ឺងម៉ាត់ ចំពោះឧក្រិដ្ឋកម្ម ពង្រឹងសន្តិសុខសង្គម និងស្ដារលទ្ធិប្រជាធិបតេយ្យជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។