ក្រសួង​មហាផ្ទៃ​ចាត់ទុក​ព័ត៌មាន​ដែល​ថា កម្ពុជា​លាក់​រឿង​ផ្ដល់​សញ្ជាតិ​ឲ្យ​ជនបរទេស ជា​ការ​មួលបង្កាច់

ដោយ មាន ឫទ្ធិ
2024.10.09
ក្រសួង​មហាផ្ទៃ​ចាត់ទុក​ព័ត៌មាន​ដែល​ថា កម្ពុជា​លាក់​រឿង​ផ្ដល់​សញ្ជាតិ​ឲ្យ​ជនបរទេស ជា​ការ​មួលបង្កាច់ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ថ្លែង​ក្នុង​សិក្ខាសាលាស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបម្រើការងារនៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរតនគិរី កាល​ពីថ្ងៃទី៩ តុលា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ស ខេង

មន្ត្រី​នាំពាក្យ​ក្រសួង​មហាផ្ទៃ ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​ក្រុម​អ្នកកាសែត​ស៊ើបអង្កេត​អន្តរជាតិ OCCRP ថា កម្ពុជា​កំពុង​លាក់​បាំង​ព័ត៌មាន​អំពី​ការ​ផ្ដល់​សញ្ជាតិ​ឲ្យ​ជនបរទេស ជា​ការ​មួល​បង្កាច់​ដោយ​គ្មាន​មូលដ្ឋាន។ ការ​ឆ្លើយ​តប​នេះ ធ្វើ​ឡើង​ក្រោយ​ក្រុម​អ្នក​កាសែត​ស៊ើប​អង្កេត​អន្តរជាតិ​បាន​រក​ឃើញ​ថា កម្ពុជា​កំពុង​លាក់​បាំង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សញ្ជាតិ​ឲ្យ​ជនបរទេស ក្រោយ​ពី​នគរបាល​ប្រទេស​សិង្ហបុរី (Singapore) បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់ឧក្រិដ្ឋជន​ដើម​កំណើត​ចិន​មាន​សញ្ជាតិ​ខ្មែរ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹងសំណុំរឿង​លាង​លុយ​កខ្វក់​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រទេស​សិង្ហបុរី ។

អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ចាត់ទុក​ការ​រក​ឃើញ​របស់​ក្រុម​អ្នកកាសែត​ស៊ើប​អង្កេត​អន្តរជាតិ OCCRP ថា មាន​ចេតនា​មូល​បង្កាច់​ទាំង​ស្រុង​ដោយ​គ្មាន​មូលដ្ឋាន និង​មិន​យល់​ពី​បែបបទ​នៃ​ការ​បំពេញ​ភារកិច្ច​របស់​រដ្ឋ​អធិបតេយ្យ។ អ្នកនាំពាក្យ​រូប​នេះ អះអាង​ថា របាយការណ៍ ឬ​ប្រធានបទ​ដដែល​នេះ មាន​លក្ខណៈ​អុចអាល រើ​កកាយ​រឿងរ៉ាវ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ឯករាជ្យ ហើយ​លោក​ថា គ្មាន​ច្បាប់​ជាតិ-អន្តរជាតិ​ណា ចែង​អំពី​កាតព្វកិច្ច​ឲ្យ​រដ្ឋ​នីមួយៗ​ផ្សាយ​នូវ​ព័ត៌មាន​ណាមួយ​ឡើយ។ លោក​អះអាង​ទៀត​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ គឺ​អាស្រ័យ​លើ​ការ​ចាំបាច់​របស់​រដ្ឋ​នីមួយៗ ។ នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី០៨ ខែ​តុលា។

ការ​ឆ្លើយតប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​កាសែត​ស៊ើបអង្កេត​អន្តរជាតិ នៃ​គម្រោង​រាយការណ៍​អំពី​ឧក្រិដ្ឋកម្ម ដែល​មាន​អង្គការ​ចាត់​តាំង និង​អំពើ​ពុករលួយ (OCCRP) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ កាលពី​ថ្ងៃ​ទី៣០ ខែ​កញ្ញា ក្រោម​ចំណង​ជើង​ថា «ឧក្រិដ្ឋជនមួយចំនួន អាច​ទទួល​បាន​ផលប្រយោជន៍ ខណៈ​កម្ពុជា​លាក់បាំង​ទិន្នន័យ​អំពី​ការទទួល​បាន​សញ្ជាតិ​ថ្មី»

ការ​លាក់បាំង​នេះ កើត​មាន​ឡើង​ក្រោយ​ពី​អាជ្ញាធរ​នៃ​​ប្រទេស​សិង្ហបុរី បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ឧក្រិដ្ឋជន​ដើម​កំណើត​ចិន១០នាក់ ក្នុង​នោះ​៩នាក់​កាន់​សញ្ជាតិ​ខ្មែរ កាល​ពី​ថ្ងៃទី១៥ ខែ​សីហា ឆ្នាំ​២០២ពាក់ព័ន្ធ​នឹង​បទល្មើស​លាង​លុយ​កង្វក់ និង​ក្លែងបន្លំ​ឯកសារ​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ២ពាន់​លាន​ដុល្លារ​អាមេរិក ដែល​បាន​មក​ពី​ការ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ ដូច​ជា​អាជីវកម្ម​បនល្បែង​អនឡាញ (Online) ខុសច្បាប់ និង​សហការ​ជាមួយ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ ជាដើម។ ពួកគេ​ទាំង​៩នាក់​នោះ​ទទួល​បាន​សញ្ជាតិ​ខ្មែរ កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា ក្នុង​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ។

OCCRP បាន​ពិនិត្យ​មើល​ទិន្នន័យ​ពី​សៀវភៅ​រាជកិច្ច និង​រក​ឃើញ​ថា ក្នុង​ចំណោមរាជកិច្ច​ចំនួន៦១ ដែល​បាន​ចេញផ្សាយ​ក្នុង​ឆ្នាំ២០២៤ មានជនបរទេស​តែ​៥​នាក់​ប៉ុណ្ណោះ ដែល​ទទួល​បានសញ្ជាតិ​ខ្មែរតាំងពី​ចុង​ឆ្នាំ​២០២៣

OCCRP កត់​សម្គាល់​ឃើញ​ថា ចំនួន​នេះ បាន​ធ្លាក់​ចុះ​ខ្លាំង​បើ​ធៀប​នឹង​ឆ្នាំ២០២៣ ដែល​មាន​ជនបរទេស​ទទួល​បាន​សញ្ជាតិ​ខ្មែរ ច្រើន​ជាង​៦៥០ នាក់ ត្រូវ​បាន​ប្រកាស​ក្នុង​រាជកិច្ច។ ក្នុង​នោះ​ប្រមាណ​ពាក់​កណ្ដាល​ជា​ជនជាតិ​ចិន។ ចំណែកឯ​ក្នុង​ឆ្នាំ២០២១ និង​២០២២ មាន​ជន​បរទេស​ទទួល​បាន​សញ្ជាតិ​ខ្មែរ​រាប់​រយ​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ប្រកាស​ក្នុង​រាជកិច្ច ហើយ​ពួកគេ​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ដើម​ខែតុលា​ថា កម្ពុជា​គួរ​តែ​ធានា​នូវ​សុចរិត​ភាព និង​តម្លាភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ផ្ដល់​សញ្ជាតិ ដោយសារ​តែ​ការ​ខកខាន​ត្រួត​ពិនិត្យ​លក្ខខណ្ឌ និង​​អនុវត្ត​ច្បាប់​ផ្ដល់​សញ្ជាតិ​ឲ្យ​គ្រប់​លក្ខខណ្ឌ អាច​បង្ក​ផល​ប៉ះពាល់​ដល់​អធិបតេយ្យ និង​ផ្ដល់​ឱកាស​ឲ្យ​ជនបរទេស ដែល​គេចវេស​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ក្រោម​យន្តការ​នៃ​ការ​ទទួល​បាន​សញ្ជាតិ​ទី២។

លោក ប៉ិច ពិសី៖ «យើង​ឃើញ​ហើយ​បើសិនជា​យើង​មិន​ប្រុងប្រយ័ត្ន​ទេ ជន​ឧក្រិដ្ឋ​អាច​ប្រើប្រាស់​យន្តការ​នៃ​ការ​ទទួល​បាន​សញ្ជាតិ​ហ្នឹង ដើម្បី​បន្ត​អនុវត្ត​អំពើ​ខុស​ច្បាប់​របស់​ពួកគាត់​ ដែល​ធ្វើ​ឲ្យ​ទឹកដី​របស់​យើង ទៅ​ជា​ដែន​ដី​មួយ​ដែល​មាន​ជន​ឧក្រិដ្ឋ​ច្រើន កាល​ណា​មាន​ជន​ឧក្រិដ្ឋ​ច្រើន យើង​នឹង​ប៉ះពាល់​ទី១ គឺ​កិត្តិនាម​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បារម្ភ​ជាង​គេ ទី​១ គឺ បរិយាកាស​វិនិយោគ​ហ្នឹង​គឺ​កាន់​តែ​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ស្អាតស្អំ»។

កន្លង​ទៅ​គេ​ឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជន​បរទេស ជាពិសេស​គឺ​ជន​បរទេស​ភាគ​ច្រើន ទទួល​បាន​បាន​សញ្ជាតិ​ខ្មែរ តាមរយៈ​សញ្ជាតូបនីយកម្ម ដោយសារ​តែ​រដ្ឋាភិបាល​ពុំ​បាន​បង្ហាញ​តម្លាភាព​ជុំវិញ​ករណី​នេះ។ ក្នុង​នោះ មាន​ជនបរទេស​ខ្លះ​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា ហើយ​ជន​បរទេស​ខ្លះ​ទៀត មាន​ឈ្មោះ​ក្នុង​បញ្ជី​ឧក្រិដ្ឋជន​អន្តរជាតិ ក៏​នៅ​តែ​ទទួល​បាន​សញ្ជាតិ​ខ្មែរ។

ជាក់ស្ដែង ករណី​បុរស​ជន​ជាតិ​ចិន​ម្នាក់​លោក វ៉ាង យ៉ាវហ៊ុយ (Wang Yaohui) ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ទីក្រុង​ប៉េកាំង​ពាក់ព័ន្ធ​នឹង​អំពើ​សូកប៉ាន់ និង​ការ​លាង​លុយ​កខ្វក់​នោះ បាន​ទទួល​បាន​សញ្ជាតិ​ខ្មែរ និង​ក្លាយ​ជាទី​ប្រឹក្សា​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ២០១៥ ហើយ​កាន់​លិខិត​ឆ្លង​ដែន​ការ​ទូត។

ក្រៅ​ពី​នេះ ក៏​មាន​ករណី​ឧក្រិដ្ឋជន​ចិន​ឈ្មោះ ស៊ូ អាយមីន (Xu Aimin) ដែល​ត្រូវ​បាន​តុលាការ​ចិន​កាត់ទោស​ឱ្យ​ជាប់គុក​នៅ​ប្រទេស​ចិន​រយៈពេល​១០ឆ្នាំ​កាលពី​ឆ្នាំ២០១៣ ដោយសារ​តែ​លោក​បាន​ធ្វើ​ជា​មេខ្លោង​នៃ​បន​ល្បែង​ស៊ីសង​អន្តរជាតិ​ខុសច្បាប់។ ឧក្រិដ្ឋជន​ចិន​រូប​នេះ​មិន​បាន​ជាប់គុក​នៅ​ចិន​ទេ តែ​បាន​មក​កសាង​អាណាចក្រ​ជំនួញ​ដ៏​សម្បើម​មួយ​នៅ​ខេត្ត​ព្រះសីហនុ។ ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ថា​លោក​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នៅ​មុន​ឆ្នាំ២០១២។

ករណី​ដ៏​លេចធ្លោ​មួយ​ទៀត​នោះ គឺ​សំណុំ​រឿង​របស់​មហាសេដ្ឋី​ដើម​កំណើត​ចិន​វ័យក្មេង ឈ្មោះ ចេន ហ្ស៊ី (Chen Zhi) ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​កាលពី​ដើម​ឆ្នាំ២០១៤។ លោក ចេន ហ្ស៊ី គឺ​ជា​ម្ចាស់សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) ជា​ទីប្រឹក្សា​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ តុលាការ​នៅ​ប្រទេស​ចិន បាន​ចោទ​ប្រកាន់​សម្ព័ន្ធ​ក្រុមហ៊ុន​លោក​ពី​ការ​លាង​លុយ​កខ្វក់​ដ៏​សម្បើម និង​ពណ៌នា​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប របស់​លោក​ថា​ជា «ក្រុម​ឧក្រិដ្ឋកម្ម​បនល្បែង​អនឡាញ​ឆ្លងដែន​ដ៏​អាក្រក់»​មួយ ដែល​រក​ប្រាក់​ចំណូល​បាន​យ៉ាងហោចណាស់ ៥ពាន់​លាន​យ័ន (៧០០​លាន​ដុល្លារជា​ចំណូល​មិន​ស្រប​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​បាតុកម្ម​ទាមទារ​ឲ្យ​បារាំង​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​«​ហ៊ុន​»
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។