ក្រុមឆបោកតាមអនឡាញនៅខេត្តជាប់ព្រំដែនថៃ និងវៀតណាម «រីករាលដាលខ្លាំង»
2024.10.10
កម្ពុជាហាក់កំពុងល្បីរន្ទឺពីការរីករាលដាលនៃឧស្សាហកម្មឆបោកតាមអនឡាញ ដែលធ្វើឱ្យប្រទេសក្រីក្រមួយនេះកំពុងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងវិស័យទេសចរណ៍។ ទោះបីជារដ្ឋាភិបាលត្រកូលហ៊ុន តែងតែប្រកាសអំពីការប្ដេជ្ញាចិត្តប្រឆាំងអំពីជួញដូរមនុស្ស និងឆបោកតាមអនឡាញប៉ុន្មានឆ្នាំចុងក្រោយនេះក្ដី ក៏ក្រុមឧក្រិដ្ឋជននៅតែបន្តប្រតិបត្តិការលើអាជីវកម្មឆបោកតាមអនឡាញ និងផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែង នៅកម្ពុជាដែលភាគច្រើនស្ថិតនៅតាមបណ្ដាខេត្តជាប់នឹងព្រំប្រទល់ប្រទេសថៃ និងវៀតណាម។
ពលរដ្ឋ និងអ្នកធ្វើកិច្ចការងារប្រឆាំងការជួញដូរមនុស្សឱ្យដឹងថា នៅតាមបណ្ដាខេត្តមួយចំនួនដូចជាឧត្តរមានជ័យ ប៉ៃលិន និងខេត្តស្វាយរៀង ជាដើមដែលជាប់នឹងព្រំដែនប្រទេសថៃ និងវៀតណាម ហាក់កំពុងញាំញីខ្លាំងទៅដោយអំពើឆបោកតាមអនឡាញ ហើយជារឿយៗបទល្មើសឧក្រិដ្ឋកម្មការបង្កហិង្សាតាមទីសាធារណៈក៏កើតមានជាបន្តបន្ទាប់ដែរ។ ពួកគាត់ឱ្យដឹងថា អំពើឆបោកតាមអនឡាញទាំងនោះភាគច្រើនជ្រកក្រោមស្លាកនៃសំណង់អគារពាណិជ្ជកម្ម និងអាជីវកម្មបនល្បែងកាស៊ីណូជាដើម។
បុគ្គលិកកំពុងបម្រើការងារក្នុងកាស៊ីណូមួយកន្លែងស្ថិតក្នុងតំបន់ផ្សារព្រំខេត្តប៉ៃលិន ថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភបញ្ហាសុវត្ថិភាពទម្លាយប្រាប់វិទ្យុអាស៊ីសេរីថា តំបន់ផ្សារព្រំបច្ចុប្បន្នកំពុងក្លាយជាតំបន់ទីក្រុងបនល្បែងកាស៊ីណូខ្នាតតូច ហើយនៅពីក្រោយស្លាកអាជីវកម្មកាស៊ីណូពោរពេញដោយបទល្មើសឆបោកតាមអនឡាញ ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងពេស្យាចារជាដើម។ បុគ្គលិករូបនេះអះអាងទៀតថា ជនបរទេសដែលភាគច្រើនជាជនជាតិថៃ ចិន និងវៀតណាម ដែលបម្រើការងារនៅតំបន់អគារពាណិជ្ជកម្ម ញ៊ូស៍ ហ្វ ជូណឺ (New for Junior) លើឧស្សាហកម្មឆបោកតាមអនឡាញមិនត្រូវបានថៅកែអនុញ្ញាតឱ្យចេញចូលដោយសេរីនោះទេ ហើយអ្នកខ្លះទៀតថែមទាំងត្រូវបានគេធ្វើទារុណកម្មដោយសារតែមិនអាចបំពេញលក្ខខណ្ឌការងារឆបោកជនរងគ្រោះតាមចំនួនថៅកែកំណត់។
បុគ្គលិកថ្លែងលាក់ឈ្មោះ៖«រឿងមួយទៀត [មុនបុណ្យភ្ជុំបិណ្ឌ] មានជនជាតិចិនត្រូវគេយកទៅចងកាងនៅលើដំបូងអគារ (New for Junior) ហ្នឹងរហូតឮសូរថា មានវាយធ្វើបាបគាត់ មូលហេតុគឺដោយសារតែមិនធ្វើតាមបង្គាប់បញ្ជារបស់មេធ្វើការងារទាក់ទងការងារអនឡាញ ភាគច្រើនការងារនេះជាការងារបោកប្រាស់ទេ។ មួយទៀតសំណង់អគារគឺមានច្រើន ហើយភាគច្រើនតម្រូវលើចិនគេមកជួលនៅទាំងក្រុមៗ មួយអគារឧទាហរណ៍ថា មួយអគារមាន ១០ ឬ២០បន្ទប់ គឺចិនយកដាច់ទាំង ២០បន្ទប់ ហើយពិបាកក្នុងការចេញចូលនៅពេលបានចូលនៅកន្លែងណាមួយចិនអត់មានការដើរហើរសេរីទេ»។
ការរីកមុខមាត់ថ្មីផ្នែកសំណង់អគារពាណិជ្ជកម្ម និងបនល្បែងកាស៊ីណូនៅខេត្តប៉ៃលិនដែលសម្បូរទៅដោយរឿងរ៉ាវអាស្រូវពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម និងការឆបោកតាមអនឡាញនេះ បុគ្គលិកថ្លែងសុំមិនបញ្ចេញឈ្មោះដដែលអះអាងថា ក្រុមអាជ្ញាធរនៃថ្នាក់ដឹកនាំខេត្តនេះ ក៏ហាក់ធ្វើមិនដឹងមិនឮ និងបែរជាព្យាយាមបំបិទរាល់ព័ត៌មានទាំងនេះ។
បុគ្គលិកថ្លែងលាក់ឈ្មោះ៖ «អាជ្ញាធរថ្នាក់ខេត្តគេ មានតែហាមប្រាមបិទព័ត៌មានមិនឱ្យផ្ទុះ លេចឮចេញមកខាងក្រៅទេ ទីមួយដើម្បីការពារកេរ្តិ៍ឈ្មោះ ខេត្តប៉ៃលិនស្អុយវាខូចឈ្មោះអ៊ីចឹងទៅ រាល់ព័ត៌មានដែលយើងឃើញភ្លាមៗបើមានអ្នកណាថត ប៉ូលិសឃើញគឺយកកាមេរ៉ា (Camera) បញ្ជាឱ្យយើងលុប បើមិនលុបទេដកកាមេរ៉ាពីដៃហើយចុចលុបខ្លួនឯងហើយ លុបអស់ហើយវាចង់ធ្វើអីចាប់អ្នកណាទៅណា បង្ខំជំរិតទារប្រាក់របៀបម៉េចៗគឺលើចំណាត់ការរបស់ប៉ូលិស»។
អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃលោក ទូច សុឃៈ ចាត់ទុកការរាយការណ៍របស់ពលរដ្ឋនេះថា ជាគំនិតនៃក្រុមមនុស្សដែលមានអង្គការចាត់តាំង។ ទោះជាយ៉ាងណា លោកថា បញ្ហាឆបោកតាមអនឡាញនេះ រដ្ឋាភិបាលកំពុងខិតខំកំណត់មុខសញ្ញាដើម្បីបង្ក្រាប ហើយក៏ត្រូវការប្រជាពលរដ្ឋចូលរួមផ្ដល់ព័ត៌មានដែរ។
លោក ទូច សុឃៈ៖ «ប្រសិនបងប្អូនប្រជាពលរដ្ឋរស់នៅញាំញីដោយល្បែង ឬអំពើឆបោកតាមអនឡាញផ្សេងៗនេះ ប្រហែលពួកគាត់មិនអាចដំណើរជីវភាពប្រចាំថ្ងៃបំពេញការងារ ឬដើរកម្សាន្តអ្វីៗផ្សេងៗតាមតំបន់ពួកគាត់បានទេ។ ខ្ញុំគិតថា ពួកគាត់ក៏មិនអាចសម្ងំរស់នៅបានដែរ អ៊ីចឹងទេការលើកឡើងនេះគឺជាគំនិតអគតិមួយធ្វើឱ្យមានការអាប់អួ បម្រើឱ្យរបៀបវារៈនយោបាយប៉ុណ្ណោះ»។
ទោះជាបែបនេះក្ដី កម្ពុជាត្រូវបានគេមើលឃើញថា ហាក់អសមត្ថភាពក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជនដែលធ្វើឱ្យពួកគេអាចប្រើប្រាស់ទឹកដីប្រទេសនេះ ធ្វើជាកន្លែងជួញដូរមនុស្ស និងឧស្សាហកម្មឆបោកតាមអនឡាញ។ ចាប់តាំងពីឆ្នាំ២០១៩ ក្នុងគ្រាដែលមានជំងឺកូវីដ (Covid-19) សំណង់អគារពាណិជ្ជកម្មនៅតាមបណ្ដាខេត្តមួយចំនួនដូចជានៅខេត្តព្រះសីហនុ ស្វាយរៀង កណ្ដាល ក្រុងប៉ោយប៉ែត ខេត្តកំពត និងរាជធានីភ្នំពេញជាដើមត្រូវបានជនល្មើសជួលពីក្រុមអ្នកមានអំណាចដើម្បីប្រតិបត្តិការឧស្សាហកម្មឆបោកតាមអនឡាញ។ ជនបរទេសរាប់ពាន់នាក់ដែលរងការបង្ខិតបង្ខំ និងបង្ខាំងឱ្យបម្រើការងារឆបោកតាមអនឡាញដូចជា ចិន (China) វៀតណាម (Vietnam) ថៃ (Vietnam) ឥណ្ឌូណេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) នេប៉ាល់ (Nepal) និងឥណ្ឌា (India) ជាដើមត្រូវបានអាជ្ញាធរជួយសង្គ្រោះជាបន្តបន្ទាប់។
ទាក់ទងនឹងរឿងនេះ រដ្ឋាភិបាលប្រទេសឥណ្ឌា និងប៉ាគីស្ថាន (Pakistan) បានបង្កើនការផ្សព្វផ្សាយព្រមានដល់ពលរដ្ឋខ្លួនមុននឹងសម្រេចចិត្ត ចូលមកបម្រើការនៅកម្ពុជាតាមរយៈការឃោសនាតាមបណ្ដាញសង្គមដែលអាចក្លាយជាទាសករតាមប្រព័ន្ធអ៊ីនធឺណិត។ ឥណ្ឌាក៏បានប្ដេជ្ញាចិត្តជួយសង្គ្រោះពលរដ្ឋខ្លួនរាប់ពាន់នាក់ដែលកំពុងរងការបង្ខាំង និងបង្ខំឱ្យបម្រើការងារឆបោកតាមអនឡាញនៅកម្ពុជា។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា ឱ្យដឹងថា ក្រៅពីខេត្តព្រះសីហនុនៅតាមបណ្ដាខេត្តមួយចំនួនជាប់ព្រំដែនវៀតណាម និងថៃ កំពុងមានការកើនឡើងនៃបទល្មើសឆបោកតាមអនឡាញ។
លោក ឌី ថេហូយ៉ា៖ «អ៊ីចឹងកាលណារូបភាពបែបនេះវាលេចធ្លាយកម្រិតអន្តរជាតិ អ្នកវិនិយោគគេពិចារណា និងពិបាកក្នុងការរកស៊ីក្នុងប្រទេសណាដែលមានឧក្រិដ្ឋកម្មឆ្លងដែន អំពើឆបោក អំពើជួញដូរជាដើម។ សូម្បីតែភ្ញៀវទេសចរក៏ប៉ះពាល់ដែរ ព្រោះកាលពីស្ថានទូត ឬរដ្ឋណាមួយដែលប្រកាសឱ្យពលរដ្ឋគេមានការប្រុងប្រយ័ត្ន គេក៏មិនចំណាយលុយអីមកទេសចរណ៍ស្រុកយើងដែរ គេបារម្ភពីសុវត្ថិភាព គេមើលឃើញពីការអនុវត្តច្បាប់មិនប្រសើរជាដើម។ មនុស្សចាប់ផ្ដើមបារម្ភខ្វះសុវត្ថិភាពក្នុងការរស់នៅ ក្នុងការទំនាក់ទំនងរកការងារធ្វើ ព្រោះពលរដ្ឋមួយចំនួនលោកក៏ប្រើប្រាស់បច្ចេកវិទ្យាក្នុងការស្វែងរកឱកាសការងារ ហើយនៅពេលដែលមនុស្សឆបោកតាមឧក្រិដ្ឋកម្មតាមអនឡាញនេះវាធ្វើឱ្យមនុស្សខ្លាចរអា ធ្វើឱ្យមនុស្សបារម្ភពីបញ្ហាសុវត្ថិភាពផ្សេងៗជាដើម»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បីឆ្លើយតបជុំវិញបញ្ហាទាំងនេះបាននៅឡើយទេ នៅថ្ងៃទី៩ ខែតុលា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា បញ្ហាឆបោកតាមអនឡាញនៅកម្ពុជាកំពុងក្លាយជារឿងរសើប និងបង្កឱ្យមានភាពចម្រូងចម្រាសរវាងរដ្ឋាភិបាលកម្ពុជាជាមួយសហគមន៍អន្តរជាតិ។ លោកបន្ថែមថា ដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញឱ្យមានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាលបង្ហាញការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង លុបបំបាត់អំពើពុករលួយ និងបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសក្នុងតំបន់។
លោក អំ សំអាត៖ «ក្នុងនោះយើងក៏បានឃើញបណ្ដាប្រទេសមួយចំនួនដែលបានលើកឡើងក្រើនរំលឹកដល់ពលរដ្ឋគេក្នុងការធ្វើដំណើរមកកម្ពុជាឱ្យមានការប្រុងប្រយ័ត្នទាក់ទងនឹងការឆបោកតាមប្រព័ន្ធអនឡាញហ្នឹង។ វាមានផលប៉ះពាល់សម្រាប់មុខមាត់កម្ពុជាយើង ជាពិសេសទាក់ទងនឹងបញ្ហាភ្ញៀវទេសចរអន្តរជាតិកាលណាមានបញ្ហាហ្នឹងធ្វើឱ្យប៉ះពាល់ ទីពីរការវិនិយោគ បញ្ហាសន្តិសុខសុវត្ថិភាពនៅកម្ពុជាយើងផងដែរ»។
រយៈពេល ៩ខែដើមឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាសហការជាមួយស្ថានទូតឥណ្ឌាប្រចាំក្រុងភ្នំពេញជួយសង្គ្រោះជនជាតិឥណ្ឌាជិត ៨រយនាក់ (៧៧០) ចេញពីកន្លែងឆបោកតាមអនឡាញបញ្ជូនទៅប្រទេសកំណើតពួកគេវិញ។ កាលពីថ្ងៃទី៦ តុលា សមត្ថកិច្ចកម្ពុជាបានក៏បណ្ដេញជនជាតិវៀតណាម ៤៦នាក់ដោយសារតែពួកគេលួចចូលមកបម្រើការងារឆបោកតាមអនឡាញនៅកម្ពុជា និងគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។
ដោយឡែក ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ នេះ អាជ្ញាធរកម្ពុជាបានបញ្ជូនជនសង្ស័យជនជាតិចិនជាង ១ពាន់ ២នាក់ (១.២០០នាក់) ត្រឡប់ទៅប្រទេសចិនវិញដោយសារតែពួកគេពាក់ព័ន្ធប្រតិបត្តិការនៃអំពើឆបោកតាមអនឡាញនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។