មន្ត្រីបក្សប្រឆាំងរិះគន់ លោក ហ៊ុន សែន តែងតាំងឧក្រិដ្ឋជនចិនជាទីប្រឹក្សា

ដោយ ម៉ៅ សុធានី
2024.04.21
មន្ត្រីបក្សប្រឆាំងរិះគន់ លោក ហ៊ុន សែន តែងតាំងឧក្រិដ្ឋជនចិនជាទីប្រឹក្សា អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ឧក្រិដ្ឋជន​ចិន​ម្នាក់​ដែល​ជាប់​ឈ្មោះ​ថា ជា​អ្នក​រក​ស៊ី​បនល្បែង​អនឡាញ​ឆ្លង​ដែន​ខុស​ច្បាប់​ត្រូវ​បាន​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន តាំង​តែង​ឱ្យ​ជាទី​ប្រឹក្សា​របស់​លោក។

មន្ត្រី​គណបក្ស​ប្រឆាំង​ថា ការ​តែងតាំង​លោក ចេន ហ្ស៊ី (Chen Zhi) ជា​ទីប្រឹក្សា នឹង​ធ្វើ​ឱ្យ​កម្ពុជា​សម្បូរ​ទៅ​ដោយ​អំពើ​ពុក​រលួយ អំពើនិទ្ទណ្ឌភាព និង​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​បាន​ឡើយ ខណៈ លោក ចេន ហ្ស៊ី ត្រូវ​តុលាការ​ប្រទេស​ចិន​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​បន​ល្បែង​អនឡាញ (Online) ខុស​ច្បាប់​។

បន្ទាប់​ពី​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បន្ត​តែងតាំង​អ្នក​ឧកញ៉ា និង​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រីនស៍ គ្រុប (Prince Group) លោក ចេន ហ្ស៊ី ជា​ទីប្រឹក្សា​របស់​លោក បើ​ទោះ​បី​ជា​តុលាការ​ប្រទេស​ចិន​រក​ឃើញ​ថា បុរស​ជន​ជាតិ​ចិន​រូប​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការ​បនល្បែង​អនឡាញ (Online) ខុស​ច្បាប់​ក្ដី។

មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា ការ​តែងតាំង​លោក ចេន ហ្ស៊ី នេះ​មិន​បាន​ជួយ​ឱ្យ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ទេ ផ្ទុយ​ទៅ​វិញ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​កន្លែង​ផ្ដល់​ជម្រក​ឱ្យ​ឧក្រិដ្ឋជន​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២០ ខែមេសា ថា ការ​តែង​តាំង លោក ចេន ហ្ស៊ី  ទីប្រឹក្សា​លោក ហ៊ុន សែន នេះ​គឺជា​ដើម្បី​ឱ្យ​លោក ចេន ហ្ស៊ី ជួយ​ការពារ​អំណាច​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន» តាម​រយៈ​ការ​ផ្ដល់​លុយ​ឱ្យ​ទៅ​លោក ហ៊ុន សែន។ លោក​បន្ត​ថា ការ​តែង​តាំង​មនុស្ស​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ​ជាទី​ប្រឹក្សា​នេះ​គឺ​ប្រៀប​ដូចជា​រដ្ឋាភិបាល​ជួយ​លាក់បាំង​អំពើ​ឧក្រិដ្ឋកម្ម​ឱ្យ​លោក ចេន ហ្ស៊ី​។

លោក អ៊ំ សំអាន​៖ «នៅ​ពេល​ដែល​បន្ត​តែងតាំង​ឧក្រិដ្ឋជន​របៀប​ហ្នឹង​នឹង​ធ្វើ​ឱ្យ​មាន​អំពើ​ពុករលួយ ហើយ​បក្ខ​ពួក​និយម គ្រួសារ​និយម​ចាក់​ស្រះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បទឧក្រិដ្ឋ​ផ្សេងៗ​នឹង​កើត​មាន​បន្ថែម​ទៀត​ហើយ​រដ្ឋាភិបាល​នឹង​មិន​អាច​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ល្មើស​ទាំងអស់​នោះ​ទេ​ហើយ​ជនល្មើស​ទាំងអស់​ហ្នឹង​នឹង​រួច​ផុត​ពី​ការ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ដូច្នេះ​និទ្ទណ្ឌភាព​នឹង​កើត​មាន​កាន់​តែ​ច្រើន​នៅ​កម្ពុជា»

ស្រដៀង​គ្នា​នេះ​ដែរ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន យល់​ឃើញ​ថា ការ​តែងតាំង​បុគ្គល​ណា​ម្នាក់​ជា​ទីប្រឹក្សា គឺ​ទាល់​តែ​បុគ្គល​នោះ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ និង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​។ លោក​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​តែង​តាំង​បុគ្គល​ដែល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​នោះ​ធ្វើ​ឱ្យ​បាត់បង់​ប្រយោជន៍​ជាតិ​។

លោក រ៉ុង ឈុន​៖ «រដ្ឋាភិបាល​ត្រូវតែ​ពិនិត្យ​គិតគូរ​ឡើងវិញ​ពីព្រោះ​យើង​ឃើញ​មក​ជា​ច្រើន​ហើយ ហើយ​ករណី​នេះ​មិនមែន​ជា​ករណី​ថ្មី​ទេ​ដូចជា​ជន​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ក៏​ត្រូវ​បាន​តែងតាំង​ក្នុង​តំណែង​​ទី​ប្រឹក្សា​មន្ត្រី​ជាន់​ខ្ពស់។ តាម​ការ​ពិត​មិន​ត្រូវ​ផ្ដល់​ឋានៈ​តួនាទី​ជន​ដែល​មាន​បាតដៃ​បំផ្លាញ​ជាតិ​មិន​ត្រូវ​ផ្ដល់​តំណែង​ណា​មួយ​ជា​មន្ត្រី​ទេ​»​

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ​គឺ​ក្រោយ​ពី​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក ចេន ហ្ស៊ី (Chen Zhi) ជាទី​ប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន តាម​ការ​ស្នើសុំ​របស់​លោក ដោយ​ពុំ​ទទួល​បាន​ប្រាក់​បំណាច់​មុខងារ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា​។ ក្រៅពី​នេះ លោក ចេន ហ្ស៊ី ក៏​មាន​តួនាទី​ជា​ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែរ ខណៈ​ដំបូង​ឡើង​មហា​សេដ្ឋី​វ័យ​ក្មេង​ជន​ជាតិ​ចិន​ដែល​ចូល​សញ្ជាតិ​កម្ពុជា​រូប​នេះ ធ្លាប់​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន ក្នុង​ពេល​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​។ កាល​ពី​ឆ្នាំ​២០១៨ លោក ចេន ហ្ស៊ី ក៏​ធ្លាប់​កាន់​មុខ​តំណែង​ជា​ទីប្រឹក្សា​ឱ្យ​ក្រសួង​មហាផ្ទៃ មាន​ឋានៈ​ស្មើ​រដ្ឋ​លេខាធិការ​។

ជុំវិញ​រឿង​នេះ អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​លោក ហ៊ុន សែន តែងតាំង លោក ចេន ហ្ស៊ី ជា​ទី​ប្រឹក្សា ដើម្បី​រក្សា​អំណាច​សន្តតិវង្ស​។ លោក​បារម្ភ​ថា ស្ថាប័ន​ជាតិ​នឹង​ក្លាយ​ជា​ស្ថាប័ន​បម្រើ​ឱ្យ​គ្រួសារ​លោក ហ៊ុន សែន មិន​មែន​បម្រើ​ផល​ប្រយោជន៍​ជាតិ​នោះ​ទេ​។

លោក គឹម សុខ​៖ «ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ប្រទេស​ទូទាំង​ប្រទេស​គួរ​យល់​ច្បាស់​ហើយ​ប្រសិនបើ​ពួកគាត់​នៅ​អង្វរ​សុំ​យុត្តិធម៌​ពី លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត អត់​មាន​ទេ​។ មាន​តែ​ប្រជារាស្ត្រ​ទូទាំង​ប្រទេស​មើល​ឃើញ​ច្បាស់ ថា​ក្រុម​គ្រួសារ «​ហ៊ុន​» កំពុង​ដឹង​នាំ​ជាតិ​ដោយ​វិធី​តែងតាំង​ឧក្រិដ្ឋជន​ធ្វើ​អំពើ​ឧក្រិដ្ឋកម្ម​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​»​

ងាក​មក​ប្រវត្តិ លោក ចេន ហ្ស៊ី ដែល​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន លោក​គឺជា​អតីត​ជន​ចំណាកស្រុក​មក​ពី​ប្រទេស​ចិន និង​ជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រីនស៍ គ្រុប (Prince Group) ដែល​រកស៊ី​ខាង​វិស័យ​អចលនទ្រព្យ ផ្សារ​ទំនើប ធនាគារ និង​វិស័យ​ជាច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ព្រីនស៍ គ្រុប នេះ​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៥ និង​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ៗ​ឆ្នាំ​។ ក្រៅ​ពី​ក្រុមហ៊ុន​នេះ លោក​ក៏​ជា​ម្ចាស់​កម្មសិទ្ធិ​មួយ​ភាគ​បួន​នៃ​ក្រុមហ៊ុនលក់​ស៊ីហ្គារ (Cigar) លំដាប់​ជាតិ​របស់​ប្រទេស​គុយបា (Cuba) ដែល​មាន​តម្លៃ ២,៨ ពាន់​លាន​ដុល្លារ និង​ជា​ម្ចាស់​អគារ​ការិយាល័យ​តម្លៃ ១១៤​លាន​ដុល្លារ ស្ថិត​ក្នុង​ម្ដុំ​អ្នក​មាន​បំផុត​មួយ​នៅ​ទីក្រុង​ឡុងដ៍ (London) នៃ​ចក្រភព​អង់គ្លេស​។

ដោយសារ​ការ​រីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស និង​ការផ្ទេរ​សាច់​ប្រាក់​ច្រើន​ខុស​ប្រក្រតី​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រីនស៍ គ្រុប បាន​ធ្វើ​ឱ្យ​ការិយាល័យ​មូលប័ត្រ​សាធារណៈ​ក្រុង​ប៉េកាំង (Beijing Municipal Public Security Bureau) កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២០ បាន​បង្កើត​ក្រុម​មួយ​ដែល​គេ​ហៅថា ក្រុម​ការងារ​ពិសេស​លេខ ៥.២៧​។ ក្រុម​ការងារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង «​ដើម្បី​ស៊ើប​អង្កេត និង​ដោះស្រាយ​សំណុំ​រឿង​នៃ​ក្រុម​ឧក្រិដ្ឋជន​បន​ល្បែង​អនឡាញ​ឆ្លងដែន​ដ៏​អាក្រក់ ដែល​គេ​ស្គាល់​ថា​ជា «សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group)» នៅ​ប្រទេស​កម្ពុជា​។

ទីបំផុត​តុលាការ​ប្រទេស​ចិន​បាន​រក​ឃើញ​ថា ទឹកប្រាក់ភាគច្រើន​ដែល​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប បាន​ប្រើ​ដើម្បី​កសាង​អាណាចក្រ​ពាណិជ្ជកម្ម​របស់​ខ្លួន គឺ​បាន​មក​តាមរយៈ​អំពើ​ឆបោក រួម​ទាំង​លុយ​រាប់​រយ​លាន​ដុល្លារ​ដែល​ត្រូវ​បាន​គេ​បង្វិល​ចេញ​ពី​បនល្បែង​ស៊ីសង​ខុសច្បាប់ និង​បណ្ដាញ​លាង​លុយ​កខ្វក់​ដ៏​ទូលំទូលាយ​ផង​ដែរ។

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ជាជាង​គិត​ពី​ផល​ប្រយោជន៍​បក្ខពួក​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ និង​ខាត​ប្រយោជន៍ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។