ពលរដ្ឋ និង​អ្នកឃ្លាំមើល​ថា ឧកញ៉ា លី យ៉ុងផាត់ ស័ក្តិសម​ទទួល​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក

ដោយ ច័ន្ទ ដារ៉ូ
2024.09.15
ពលរដ្ឋ និង​អ្នកឃ្លាំមើល​ថា ឧកញ៉ា លី យ៉ុងផាត់ ស័ក្តិសម​ទទួល​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក ឧកញ៉ា លី យ៉ុងផាត់ (ឆ្វេង) និង​លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
រូប៖ ហ្វេសប៊ុកសមាគមឧកញ៉ាកម្ពុជា

បន្ទាប់​ពី​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់ ពលរដ្ឋ​មួយចំនួន​ស្វាគមន៍​ទណ្ឌកម្ម​នេះ។ប្រជាពលរដ្ឋ​មួយចំនួន​លើកឡើង​ថា ការណ៍​ដែល​សហរដ្ឋអាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​លើ លោក លី យ៉ុងផាត់ ជា​សារ​ព្រមាន​ទៅដល់​អ្នកមាន​លុយ​មានអំណាច ជាពិសេស​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន ឱ្យ​កែប្រែ​ចិត្ត ដោយ​ឈប់​ធ្វើអំពើ​ទុច្ចរិត។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ លោក សុះ សល់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា​ថា​ពលរដ្ឋ​ខ្មែរ​នៅ​កន្លែង​លោក​ធ្វើការ​ពេញចិត្ត​ចំពោះ​វិធានការ​របស់​សហរដ្ឋអាមេរិក​ទៅលើ​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​កាន់អំណាច គឺ​លោក លី យ៉ុងផាត់ ពីព្រោះ​លោក​ថា ឧកញ៉ា​រូបនេះ​ពាក់ព័ន្ធ​ការ​រកស៊ី​ជំនួញ​ទុច្ចរិត រំលោភសិទ្ធិ​មនុស្ស រឹបអូស​ដីស្រែ​ចំការ​ធ្វើ​បាប​ពលរដ្ឋ​ឱ្យ​រងទឹក​ភ្នែក ខណៈ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​មិន​ដែលចាត់​វិធានការ​លើ​លោក លី យ៉ុងផាត់ និង​បក្ខពួក​យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់​ម្តងណា​ឡើយ។ លោក​មើល​ឃើញ​ថា ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ខិលខូច​ជា​ចំណាត់ការ​ដ៏​ត្រឹមត្រូវ និង​ផ្តល់​ក្តីសង្ឃឹម​សម្រាប់​ជនរងគ្រោះ។

លោក សុះ សល់ «មិនបាច់​ស្រែករ​កថា​អយុត្តិធម៌​ចំពោះ​ទណ្ឌកម្ម​អាមេរិក​ទេ ខ្ញុំ​គិត​ថា លោក ហ៊ុន សែន និយាយ​នេះ​គួរ​ទៅ​សួរ​ពលរដ្ឋ​វិញ រឿង​អយ​ត្តិ​ធម៌​ដែល​ពលរដ្ឋ​ទទួលរង​ពីរ​បប​ដឹកនាំ​របស់គាត់​ហ្នឹង តើ​វា​មាន​អត់​ដែល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត និង​បក្ខពួក​គណបក្ស​ប្រជាជន​បាន​ផ្តល់ឱ្យ​ពលរដ្ឋ​? ពួកយើង​នៅ​ប្រទេស​ថៃ យើង​សម្បាយ​ចិត្ត​ណាស់​ពេលលឺ​ដំណឹង​នេះ​ភ្លាម តិច​ទៀត​ដល់​ពេល​លោក ហ៊ុន សែន ហើយ»។

ស្រដៀង​គ្នា​នេះដែរ ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​លោក ឃ្លោក លាភ យល់​ថា ទណ្ឌកម្ម​នេះ​មិន​ត្រឹម​ផ្តល់​ក្តីសង្ឃឹម​ចំពោះ​ជនរងគ្រោះ​ទេ ហើយ​វា​ក៏​ជា​សារ​ផ្ញើ​ទៅ​មនុស្ស​មួយចំនួន​នៅ​ជុំវិញ​លោក ហ៊ុន សែន ដែល​កំពុង​រកស៊ី​ក្នុង​មុខ​ជំនួញ​ខុសច្បាប់ បំផ្លាញ​ផលប្រយោជន៍​ជាតិ​ឱ្យ​កែខ្លួន​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ក្រោមរូបភាព​ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ការបំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ដូចជា​លោក លី យ៉ុងផាត់ ជាដើម។

លោក ឃ្លោក លាភ«កុំ​គិតថា​ខ្លួនឯង​(​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ)​មានអំណាច​នៅ​ស្រុក​ខ្មែរ​ធ្វើ​ច្បាប់​ចាប់ចង ធ្វើ​ច្បាប់​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​ស្លូតត្រង់​តាម​អំពើ​ចិត្ត កុំ​គិតថា​ខ្លួនឯង​មានអំណាច​ថា​អ្នក​ផ្សេងមិន​អាច​ធ្វើ​អ្វី​បាន​នោះ ឃើញ​ទេ ទាន់ហន់ គឺ​សហរដ្ឋអាមេរិក​ចាប់ផ្តើម​ដាក់ទណ្ឌកម្ម​មក​លើ​មន្ត្រី ដៃជើង​របស់លោក ហ៊ុន សែន ផ្ទាល់​តែម្តង នេះ​ផ្ញើ​សា​រថា យុត្តិធម៌​លើ​លោក​នេះ​ពិត​ជាមាន​យុត្តិធម៌​មែន កុំ​ទៅធ្វើ​បាប​អ្នកក្រ អ្នក​ទន់ខ្សោយ»។

ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា បាន​សម្រេចដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​លើ លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់លោក​ចំនួន​៥ រួម​មាន​ក្រុមហ៊ុន L.Y.P Group រមណីយដ្ឋាន​អូរស្មាច់ (O-Smach Resort) សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel) រមណីយដ្ឋាន​កោះកុង (Koh Kong Resort) និង​សណ្ឋាគារ​ភ្នំពេញ។ ក្រសួង​រតនាគារជាតិ​អាមេរិក លើក​ហេតុផល​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​ដោយសារតែ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ (Crypto Currency)។ លោក លី យ៉ុងផាត់ គឺជា​មនុស្ស​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ជា​អ្នកប្រមូល និង​កាន់ កាប់​ហិប​លុយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​នេះ។ លោក​ទទួលបាន​គោរមងារ​ខ្ពស់បំផុត ជា​លោកអ្នកឧកញ៉ា ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​។ លោក​មាន​រហស្សនាម​ថា​ជា «​ស្ដេច​កោះកុង​» និង​មានឈ្មោះ​ដើម ផាត់ ស៊ុផាផា (Phat Suphapha) មាន​សញ្ជាតិ​ខ្មែរ​-​ថៃ។

ក្រោយ​សហរដ្ឋ​មេរិក​ដាក់ ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់ កាលពី​ថ្ងៃទី​១៣ ខែ កញ្ញា គណបក្ស​ប្រជាជន​កម្ពុជា ព្រឹទ្ធសភា និង​ក្រសួង​ការបរទេស​កម្ពុជា​បាន​ច្រានចោល និង​សោកស្ដាយ ដោយ​ចាត់ទុក​ថា ជា​រឿង​អយុត្តិធម៌ ដែល​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​អ្នកជំនួញ និង​ជា​សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុង​ផាត់ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​មន្ត្រីជាន់ខ្ពស់​រូបនេះ និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

ជុំវិញ​រឿងនេះ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់ ជាប់ទាក់ទង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ជា​រឿង​ត្រឹមត្រូវ និង​ទទួល​បាន​ការ​សាទរ ពី​មហាជន​ទូទៅ ទោះបី​រដ្ឋាភិបាល​ព្យាយាម​បកស្រាយ​ការពារ​យ៉ាងណាក្តី​។ លោក​យល់​ថា បើសិន​រដ្ឋាភិបាល​កម្ពុជា​នៅតែ​អនុញ្ញាត​ឱ្យ​មន្ត្រី ឬ​ក្រុម​ឧកញ៉ា​មួយ​ចំនួន​បន្ត​ប្រព្រឹត្ត​អំពើ​បទល្មើស រំលោភសិទ្ធិ​មនុស្ស​ទៀត​នោះ សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​លោក​សេរី​នឹង​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​បន្ថែម​ទៀត

លោក ស៊ឹង សែនករុណា«ខំ​ការពារ ខំ​បកស្រាយ​យ៉ាងណាក៏ដោយ មិនអាច​លាង​ភាព​ស្អាតស្អំ ការពិត​ទាំងអស់​នេះបាន​ដែរ ដោយសារ​ការពិត​បាន​កើតឡើង​ជាក់ស្តែង​មើលឃើញ​គ្រប់ៗ​គ្នា​ទៅ​ហើយ​។ សំខាន់​សហគមន៍​អន្តរជាតិ​ទាមទារ​ដែរនោះ​គឺ​រឿង​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ បញ្ចប់​អំពើ​ឧក្រិដ្ឋកម្ម​នៅក្នុង​ប្រទេស​យើង​ទៅ ដូចជា​រឿង​ជួញដូរ​គ្រឿងញៀន ឬ​ជួញដូរ​មនុស្ស ឬ​ពាក់ព័ន្ធ​ល្បែង​អនឡាញ​ទាំង​អស់ហ្នឹង​បញ្ចប់​ទៅ អាហ្នឹង​វា​ជា​រឿង​ត្រូវ​កែប្រែ​នោះ​បាទ»។

គិត​មក​ទល់​ពេល​នេះ មន្ត្រីជាន់ខ្ពស់ និង​មេ​ឈ្មួញ​គ្រាក់ៗ​នៃ​រដ្ឋាភិបាល​របស់​ត្រកូល ​''​ហ៊ុន'' សរុប ៥​នាក់​ហើយ បាន​ទទួល​រង​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​ពី​សហរដ្ឋអាមេរិក។ អ្នក​ទាំងនោះ​រួមមាន នាយ​ឧត្តមសេនីយ៍ ចៅ ភិរុណ និង​នាយ​ឧត្តមសេនីយ៍​នាវី ទៀ វិញ និង​គ្រួសារ​របស់​ពួកគាត់ ព្រមទាំង​លោក ហ៊ីង ប៊ុនហៀង ដែលជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់ លោក ហ៊ុន សែន។ លោក គន់ គីម ដែលជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​លោក ទ្រី ភាព ដែលជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ ក៏​កំពុង​ទទួលរង​នូវ​ទណ្ឌកម្ម​ដូចគ្នានេះ​ពី​សហរដ្ឋអាមេរិក​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។