ក្លឹបបាល់ទាត់បារាំង គ្រោងដាក់ពាក្យប្ដឹងសែស្រឡាយរាជវង្សខ្មែរម្នាក់ពីបទក្លែងបន្លំឯកសារ និងប៉ុនប៉ងឆបោក
ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១

ប្រធានក្លឹបបាល់ទាត់ សាំង-អេទ្យែន (Saint-Étienne) លោក ប៊ែរណាដ៏ កៃហ្សូ (Bernard Caiazzo) ប្រាប់ វិទ្យុអាស៊ីសេរី កាលពីថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ថា លិខិតធនាគារធានាប្រាក់ ១០០ លានអឺរ៉ូ (ស្មើនឹងប្រមាណ ១១៥ លានដុល្លារអាមេរិក) ដែលព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ផ្តល់ឱ្យដើម្បីធានាចំពោះការណ៍ដែលទ្រង់ដេញថ្លៃទិញយកក្លឹបបាល់ទាត់បារាំង សាំង-អេទ្យែន នោះ គឺជាលិខិតក្លែងបន្លំ។
លោក ប៊ែរណាដ៏ កៃហ្សូ និយាយថា «ពួកលោកបានចំណាយពេលមួយរយៈទម្រាំដឹងអំពីរឿងនេះ។ នៅទីបញ្ចប់ទៅ ក្រុមអ្នកឯកទេសទាំងអស់សុទ្ធតែនិយាយដូចៗគ្នាថា ឯកសារនោះគឺជាឯកសារក្លែងបន្លំ»។
សេចក្ដីថ្លែងការណ៍ចេញផ្សាយដោយក្លឹបបាល់ទាត់ សាំង-អេទ្យែន កាលពីថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឱ្យដឹងថា ក្លឹបនេះនឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងទ្រង់ទៅរដ្ឋអាជ្ញាប្រចាំតំបន់ដែលជាទឹកដីរបស់ក្លឹបបាល់ទាត់នេះ ពាក់ព័ន្ធនឹង «បទក្លែងបន្លំឯកសារ ប្រើប្រាស់ឯកសារក្លែង និងប៉ុនប៉ងឆបោក»។
លោក ប៊ែរណាដ៏ កៃហ្សូ និយាយថា «វាជាអំពើជ្រុលហួសហេតុពេកហើយដែលព្រះអង្គម្ចាស់អង្គនេះ បានប្រគល់ឯកសារ[បោកប្រាស់]ចេញដោយធនាគារធំមួយ ដែលខ្ញុំមិនអាចប្រាប់ឈ្មោះបាន។ វាគឺជាអតីតធនាគារបរទេស ប៉ុន្តែជាធនាគារមួយក្នុងចំណោមធនាគារលំដាប់កំពូលចំនួន ៣ នៅក្នុងប្រទេសបារាំង»។
លោក ប៊ែរណាដ៏ កៃហ្សូ បន្ថែមថា ពួកលោកចាប់ផ្តើមសង្ស័យខ្លាំងនៅពេលដែលមានព័ត៌មានថា ហត្ថលេខារបស់តំណាងធនាគារនៅលើលិខិតធានាប្រាក់នោះ គឺជាហត្ថលេខារបស់បុគ្គលម្នាក់ដែលមិនបានធ្វើការឱ្យធនាគារនោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
សេចក្តីប្រកាសព័ត៌មានផ្តល់ឱ្យ វិទ្យុអាស៊ីសេរី កាលពីព្រឹកថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា តាងនាមឱ្យព្រះអង្គម្ចាស់ រ៉ាវីចក្រ មិនបានបដិសេធចំៗតែម្តងទេថា លិខិតធនាគារធានាប្រាក់ ១០០ លានអឺរ៉ូនោះ គឺជាលិខិតក្លែងបន្លំ។ ក៏ប៉ុន្តែ សេចក្តីប្រកាសព័ត៌មានដដែលនោះ កត់សម្គាល់ថា ក្លឹបបាល់ទាត់ សាំង-អេទ្យែន នេះ មិនបានផ្តល់សិទ្ធិឱ្យព្រះអង្គម្ចាស់ រ៉ាវីចក្រ អាចចូលទៅមើលទំព័រទិន្នន័យសម្ងាត់របស់ក្លឹបនេះបានទេ។
សេចក្ដីថ្លែងការណ៍សរសេរថា «ដូច្នេះ លិខិតនោះមិនមែនជាលិខិតធានាប្រាក់ចំពោះការដេញថ្លៃទិញយកក្លឹបបាល់ទាត់នោះឡើយ»។
ទំព័រទិន្នន័យសម្ងាត់គឺជាកន្លែងផ្ទុកទិន្នន័យយ៉ាងមានសុវត្ថិភាពនៅលើអនឡាញ ដែលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនគណនេយ្យមួយ។ រាល់បេក្ខជនដេញថ្លៃទិញយកក្លឹបបាល់ទាត់ សុទ្ធតែត្រូវបានអនុញ្ញាតឱ្យចូលទៅមើលទំព័រព័ត៌មានសម្ងាត់អំពីក្លឹបនោះ ដែលជាផ្នែកមួយនៃដំណើរការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរបស់ពួកគេពាក់ព័ន្ធនឹងក្លឹបបាល់ទាត់នេះ។
សេចក្តីប្រកាសព័ត៌មានដដែលនោះបន្ថែមថា «ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ រិះគន់ការធ្វើឱ្យមានបញ្ហាអស្ថិរភាពនៅក្នុងដំណើរការទិញដូរ[ក្លឹបបាល់ទាត់ សាំង-អេទ្យែន]នេះ។ ហើយព្រះអង្គម្ចាស់តែងតែកៀរគរការគាំទ្រដើម្បីបម្រើឱ្យផលប្រយោជន៍របស់ក្លឹប និងក្រុមអ្នកគាំទ្រក្លឹបនេះ»។
សេចក្តីប្រកាសព័ត៌មានបន្តថា «ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ រក្សាសិទ្ធិផ្តួចផ្តើមចំណាត់ការផ្លូវច្បាប់គ្រប់យ៉ាងទាំងអស់ ដើម្បីជាការឆ្លើយតបទៅនឹងពាក្យបណ្តឹងប្រឆាំងនឹងទ្រង់»។
ព្រះអង្គម្ចាស់អង្គនេះបានប៉ុនប៉ងទិញយកក្លឹបបាល់ទាត់ សាំង-អេទ្យែន មកគ្រប់គ្រងជាមួយនឹងការសន្យាជាសាធារណៈដ៏ធំមួយថា នឹងធ្វើឱ្យក្លឹបនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញឡើងវិញ។ ក្លឹបនេះគឺជាក្លឹបល្បីឈ្មោះមួយក្នុងចំណោមក្លឹបល្បីឈ្មោះជាច្រើនទៀតនៅប្រទេសបារាំង។ ប៉ុន្តែ ក្លឹបបាល់ទាត់នេះបានប្រឹងប្រែងស្តាកេរ្តិ៍ឈ្មោះ និងហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានប្រាប់ វិទ្យុបារាំងអន្តរជាតិ (Radio France International) កាលពីខែកញ្ញា ថា «គោលដៅរបស់ខ្ញុំនាពេលនេះ គឺថែរក្សាក្លឹបបាល់ទាត់ សាំង-អេទ្យែន និងអ្នកទាំងឡាយណាដែលធ្វើការដើម្បីស្តាមុខមាត់របស់ក្លឹបនេះ ឱ្យមានឈ្មោះបោះសំឡេងឡើងវិញនៅក្នុងវិស័យបាល់ទាត់នៅប្រទេសបារាំង និងនៅអឺរ៉ុប»។
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ គឺជាព្រះភាគិនេយ្យ (ក្មួយប្រុសបង្កើត) របស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះអង្គត្រូវបានគេស្គាល់ជាសាធារណៈថាជាពាណិជ្ជករ និងជាសប្បុរសជនម្នាក់។
ក៏ប៉ុន្តែ ព័ត៌មានកាលពីថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា មិនមែនជារឿងរ៉ាវដ៏ចម្រូងចម្រាសដែលទើបតែកើតមានឡើងជាលើកដំបូងចំពោះព្រះអង្គម្ចាស់អង្គនេះ ជុំវិញការណ៍ដែលទ្រង់បានបរាជ័យក្នុងការដេញថ្លៃទិញយកក្លឹបបាល់ទាត់នេះឡើយ។ វិទ្យុអាស៊ីសេរី ធ្លាប់បានរាយការណ៍កាលពីខែកញ្ញាកន្លងទៅអំពីចំណងទាក់ទងផ្នែកអាជីវកម្មដ៏ជ្រៀលជ្រៅរវាងព្រះអង្គម្ចាស់ រ៉ាវីចក្រ ព្រះជន្ម ៤៧ ព្រះវស្សាអង្គនេះ ជាមួយនឹងបងប្អូនបង្កើតជនជាតិបារាំងពីរនាក់គឹ លោក អាមេដ បេសឺឌីក (Ahmed Bessedik) និងលោក អាប់ដែលកាដឺរ បេសឺឌីក (Abdelkader Bessedik)។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បងប្អូនប្រុសត្រកូល បេសឺឌីក ទាំងពីរនាក់ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសកាតា(Qatar) បានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ជាច្រើនជាមួយប្រធានក្លឹបបាល់ទាត់ ប៉ារីស សាំង-ហ្សឺម៉ាន់ (Paris Saint-German) លោក ណាសឺរ អាល់ ខេឡៃហ្វី (Nasser Al Khelaifi) ដែលលោកបានសូកប៉ាន់មន្ត្រីជាន់ខ្ពស់នៃស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា ហ្វីហ្វា (FIFA)។

ការប៉ុនប៉ងរបស់ព្រះអង្គម្ចាស់ រ៉ាវីចក្រ ដើម្បីទិញយកក្លឹបបាល់ទាត់នេះមកគ្រប់គ្រង គឺជាប្រធានបទមួយដែលលោក ប៊ែរណាដ៍ កៃហ្សូ បានពណ៌នាថា ត្រូវបានសារព័ត៌មានរាយការណ៍មិនត្រឹមត្រូវ។
អ្នកពាក់ព័ន្ធទាំងអស់សុទ្ធសឹងតែបានបដិសេធថាពួកគេមិនបានប្រព្រឹត្តខុសនោះទេ។ តុលាការនៅប្រទេសស្វីស(Switzerland) ដែលបានកាត់ក្តីរឿនេះ បានរកឃើញថា គ្មាននរណាម្នាក់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋឡើយ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវនេះពាក់ព័ន្ធនឹង «ការចាត់ចែងតាមបែបពុករលួយ» និង «ឥរិយាបថបែបអយុត្តិធម៌ និងមិនស្របច្បាប់»។
កាលពីខែកញ្ញា ទំព័រសារព័ត៌មានកីឡា យូរ៉ូស្ពត (Eurosport) ដែលបានដកស្រង់សេចក្តីរាយការណ៍របស់ វិទ្យុអាស៊ីសេរី យកទៅចុះផ្សាយ បានសរសេរថា អ្នកកាសែតជនជាតិបារាំងដែលរាយការណ៍ព័ត៌មានអំពីកីឡាបាល់ទាត់ លោក ហ្វីលីព អូក្ល៊ែរ (Philippe Auclair) បានប៉ាន់ស្មានថា បងប្អូនប្រុសបង្កើតត្រកូល បេសឺឌីក ទាំងពីររូបនេះ ទំនងជាបុគ្គលដែលលោកពណ៌នាថាអាចជា «ក្រុមមនុស្សនៅជុំវិញផ្ទាល់ជាមួយប្រធានក្លឹប PSG [ក្លឹបប៉ារីស សាំង-ហ្សឺម៉ាន់ (Paris Saint-Germain)]» ដែលជាប់ពាក់ព័ន្ធនឹងការដេញថ្លៃទិញយកក្លឹបបាល់ទាត់ សាំង-អេទ្យែន របស់ព្រះអង្គម្ចាស់ រ៉ាវីចក្រ។
រូបថតមួយសន្លឹកបង្ហោះនៅលើទំព័របណ្តាញសង្គមរបស់សហគ្រិនជនជាតិខ្មែរ-បារាំងម្នាក់កាលពីខែមុនបង្ហាញថា ព្រះអង្គម្ចាស់ រ៉ាវីចក្រ បានសោយអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋានមួយជាមួយអតីតកីឡាករបាល់ទាត់របស់ក្លឹបបាល់ទាត់ ប៉ារីស សាំង-ហ្សឺម៉ាន់ ក្នុងនោះមានកីឡាករខ្សែបម្រើ លោក អេដវីន ម៊ូរ៉ាទី (Edwin Murati) និងកីឡាករចាំទី លោក ហ្សង់-មីហ្សែល ម៊ូទ្យេ (Jean-Michel Moutier) ព្រមទាំងលោក អ៊ុំ សុកាន (Oum Sokan) ជាអ្នកការទូតកម្ពុជាដែលមានតួនាទីជាទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំនៅក្រុងប៉ារីស។
លោក អ៊ុំ វិបុល ដែលបានបង្ហោះរូបនោះនៅលើបណ្តាញសង្គម LinkedIn បានប្រាប់ វិទ្យុអាស៊ីសេរី ថា ការដេញថ្លៃទិញយកក្លឹបបាល់ទាត់ សាំង-អេទ្យែន របស់ទ្រង់ មិនត្រូវបានលើកយកមកពិភាក្សានៅពេលនោះទេ។ លោកពណ៌នាថា «វាគ្រាន់តែជាការទទួលទានអាហារបែបមិត្តភាពប៉ុណ្ណោះ»។ លោកបដិសេធមិនប្រាប់ថាតើអ្នកណាជាអ្នករៀបចំឱ្យមានការជួបជុំពិសាអាហារពេលល្ងាចនោះឡើង។
លោក ប៊ែរណាដ៍ កៃហ្សូ បានប្រាប់ វិទ្យុអាស៊ីសេរី កាលពីល្ងាចថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ថា លោកពុំបានដឹងថាតើក្រុមគ្រួសារបងប្អូនប្រុសត្រកូល បេសឺឌីក ទាំងពីរនាក់នោះ បានជាប់ពាក់ព័ន្ធនឹងរឿងដេញថ្លៃរបស់ព្រះអង្គម្ចាស់ រ៉ាវីចក្រ នេះឬក៏អត់នោះទេ។ ប្រធានក្លឹបបាល់ទាត់ សាំង-អេទ្យែន បាននិយាយថា លោកមិនដែលធ្លាប់បានជួបព្រះអង្គម្ចាស់ រ៉ាវីចក្រ ទេ ដោយសារតែទ្រង់បានរៀបចំដាក់ពាក្យដេញថ្លៃនេះតាមរយៈមេធាវីម្នាក់។
លោកប្រាប់ វិទ្យុអាស៊ីសេរី ថា «ពួកគេបាននិយាយថា ព្រះអង្គម្ចាស់នេះ មានលុយ ៥០០ លានអឺរ៉ូ។ ក៏ប៉ុន្តែ នេះគឺជារឿងមិនពិតនោះទេ»។
ច្បាស់ណាស់ថា ម្ចាស់ភាគហ៊ុនរបស់ក្លឹបបាល់ទាត់ សាំង-អេទ្យែន បច្ចុប្បន្ន ដែលរួមមានប្រធានក្លឹបលោក ប៊ែរណាដ៍ កៃហ្សូ ឥឡូវនេះ ពិតជាចង់ឃើញព្រះអង្គម្ចាស់ រ៉ាវីចក្រ ត្រូវបានតុលាការដាក់ទោសទណ្ឌជុំវិញរឿងរ៉ាវដែលពួកគេចោទថា ជាការប៉ុនប៉ងរបស់ទ្រង់ក្នុងការបោកប្រាស់ពួកគេ។
ប្រធានក្លឹបនេះ បាននិយាយថា ការសន្យាដ៏ធំមួយរបស់ព្រះអង្គម្ចាស់ រ៉ាវីចក្រ ដើម្បីទិញយកក្លឹបបាល់ទាត់ សាំង-អេទ្យែន កាលពីប៉ុន្មានខែមុន បានធ្វើឱ្យមានការសង្ស័យជាច្រើន។
លោក ប៊ែរណាដ៍ កៃហ្សូ បាននិយាយថា «ជាទូទៅ ភាគីអ្នកទិញដែលពិតជាមានចេតនាចង់ទិញពិតប្រាកដ ពួកគេមិនដែលនិយាយអំពីចេតនាបែបនោះជាសាធារណៈតាមសារព័ត៌មាននោះទេ។ ពួកគេមិននិយាយគឺដោយសារតែការនិយាយច្រើន មិនចំណេញដល់ពួកគេទេ»។ លោកបន្តថា «នៅពេលដែលខ្ញុំឃើញបុគ្គលមួយចំនួននិយាយជាមួយសារព័ត៌មាន ស្ទើរតែរៀងរាល់ពេល ខ្ញុំគិតថា គឺដោយសារតែបុគ្គលទាំងនោះពុំមានចេតនាពិតប្រាកដក្នុងការទិញយកក្លឹបបាល់ទាត់នោះទេ ឬក៏អាចថា ពួកគេគ្មានលុយតែម្តងក៏ថាបាន»៕