សាច់ញាតិ​ជនរងគ្រោះ​ដែល​បក្ខពួក​តារា​តិកតុក​បុក​ស្លាប់​សម្រេចចិត្ត​ទារ​សំណង​ព្រោះ​គ្មាន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌

ដោយ ហ៊ុំ ចំរើន
2024.03.26
សាច់ញាតិ​ជនរងគ្រោះ​ដែល​បក្ខពួក​តារា​តិកតុក​បុក​ស្លាប់​សម្រេចចិត្ត​ទារ​សំណង​ព្រោះ​គ្មាន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌ ​តារា​តិកតុក (TikTok) ជនជាតិ​ចិន លោក ប៉ាហ្វីដូ (Pafido) នៅក្នុងរថយន្ត​ទំនើបរបស់ខ្លួន ក្រោយបង្កហេតុបុក​ពលរដ្ឋ​ខ្មែរ​ម្នាក់​បណ្ដាល​ស្លាប់ កាលពី​ថ្ងៃទី​២៣ កុម្ភៈ ​២០២៤។
រូប៖ ចែកចាយលើហ្វេសប៊ុក

សាច់ញាតិ​ជនរងគ្រោះ​ដែល​បក្ខពួក​តារា​តិកតុក (TikTok) ជនជាតិ​ចិន​បុក​បណ្ដាល​ឱ្យ​ស្លាប់​កាលពី​ចុងខែ​កុម្ភៈ សម្រេច​ទាមទារ​សំណង​ពី​ក្រុម​ជន​បង្ក ដោយសារតែ​គាត់​ដឹង​ថា ទោះ​បន្ត​តតាំង​ក្ដី​ក៏​គ្មាន​សង្ឃឹម តុលាការ​នឹង​ផ្ដន្ទាទោស​អ្នក​ដែល​ពាក់ព័ន្ធ​ត្រឹមត្រូវ​តាមច្បាប់​នោះ​ទេ។

អ្នកជំនាញ​ផ្នែក​ច្បាប់​ព្រមាន​ថា ពលរដ្ឋ​បន្ត​ស្លាប់​តាម​ដងផ្លូវ​កាន់តែ​ច្រើន ប្រសិនបើ​គ្មាន​ការអនុវត្ត​ច្បាប់​តឹងរ៉ឹង និង​បណ្ដោយ​ឱ្យ​ក្រុម​ជន​បង្ក​បង់លុយ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ ដើម្បី​បំបិទ​មាត់​បញ្ចប់​រឿង។

សាច់ញាតិ​ជនរងគ្រោះ​ដែល​ក្រុម​គូកន​របស់​តារា​តិកតុក ឈ្មោះ ប៉ាហ្វីដូ (Pafido) បុក​ស្លាប់​ទាមទារ​សំណង​ជា​ទឹកប្រាក់​ចំនួន ២​ម៉ឺន​ដុល្លារ​ពី​ក្រុម​ជន​បង្ក​គ្រោះថ្នាក់ ដើម្បី​បញ្ចប់​សំណុំរឿង​មួយ​នេះ​ក្រៅ​តុលាការ។

ប្អូនស្រី​ជនរងគ្រោះ លោក សោន សឹត គឺ​កញ្ញា សោន សួម ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែ​មីនា​ថា កញ្ញា​នៅតែ​សោកស្ដាយ និង​បញ្ជាក់​ថា សំណង​ជា​ទឹកប្រាក់ ២​ម៉ឺន​ដុល្លារ​នេះ មិន​អាច​ប្រៀប​ស្មើ​អាយុជីវិត​របស់​បងប្រុស​កញ្ញា​បានទេ​។ កញ្ញា​ឱ្យ​ដឹង​ទៀត​ថា មូលហេតុ​សម្រេច​ទាមទារ​សំណង​ជា​ទឹកប្រាក់​នេះ ដោយសារ​ក្រុម​គ្រួសារ​មាន​ជីវភាព​ក្រីក្រ និង​ជា​កូនកំព្រា​ឪពុកម្ដាយ ម្យ៉ាងទៀត​ក្នុង​អំឡុង​តុលាការ​សាកសួរ​ក្រុម​ជន​បង្ក​កញ្ញា​ពុំ​មាន​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​នោះ​ទេ។

កញ្ញា សោន សួម ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​ផ្ដិតមេដៃ​ទទួល​សំណង​កញ្ញា​បាន​ដាក់​ពាក្យ​ប្ដឹង​ជន​បង្ក និង​អ្នក​ដែល​ពាក់ព័ន្ធ​ព្យាយាម​រត់គេច​ខ្លួន​ដោយ​មិន​ចេញមុខ​មក​ទទួលខុស​ត្រូវ​តាមផ្លូវ​ច្បាប់​នោះ​ទេ ដូច្នេះ​កញ្ញា​មើល​ឃើញ​ថា ទោះ​បន្ត​តតាំង​ក្ដី​ក៏​មិន​ឈ្នះ​ក្រុម​ជន​បង្ក​ទាំង​នោះ​ឡើយ ទើប​សម្រេច​ទទួល​សំណង ២​ម៉ឺន​ដុល្លារ ដើម្បី​យក​មក​រៀបចំ​ពិធី​បុណ្យសព​បងប្រុស​នៅ​ស្រុក​កំណើត​ក្នុង​ខេត្តសៀមរាប។

កញ្ញា សោន សួម៖ «​ពេលខ្លះ​គិតថា ទារ​ច្រើនជាង​ហ្នឹង​ខ្លាច​អត់​បាន ការបាត់បង់​ខ្ញុំ​សោកស្ដាយ​ខ្លាំង​ណាស់ ប៉ុន្តែ​គិតថា គាត់​ស្លាប់​ទៅ​ហើយ​ខ្ញុំ​ត្រឹម​ជា​រាស្ត្រ​សាមញ្ញ​ធម្មតា​អត់​មាន​សមត្ថភាព​ដើរ​ក្ដី​ជាមួយ​គេ​ច្រើន​ទៀត ក៏​សម្រេច​ទាមទារ​សំណង​យក​ធ្វើបុណ្យ​បងប្រុស​តាម​លទ្ធភាព ដោយសារ​ខ្ញុំ​ជា​អ្នក​ជនបទ​អត់​សូវ​ដឹង​ថា ច្បាប់ គ្រាន់តែ​ទារ​សំណង​គេ​បាន​ខ្លះ​សម្រាប់​ធ្វើ​បុណ្យ​បង ហើយក៏​ដក​ពាក្យបណ្ដឹង​បញ្ចប់»

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ចុង​ខែ​កុម្ភៈ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ជនជាតិ​ចិន​គឺ​ឈ្មោះ ហ្វូ ចុងហ័រ (Fu Zhong Hua) ដែល​ជា​បក្ខពួក​តារា​តិកតុក ឈ្មោះ ប៉ាហ្វីដូ ដែល​បើកបរ​រថយន្ត​សេរី​ទំនើប​ក្នុង​ស្ថានភាព​ស្រវឹង បុក​ពលរដ្ឋ​ខ្មែរ​ម្នាក់​បណ្ដាល​ស្លាប់ កាលពី​ថ្ងៃទី​២៣ កុម្ភៈ កន្លង​ទៅ នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​កាត់​ថា ប៉េហ្ស៊ី (PJ)។ ចំណែក ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ប៉ាហ្វីដូ ជា​បក្ខពួក​ស្ថិត​ក្នុង​ហេតុការណ៍​ជាមួយគ្នា និង​ជា​ម្ចាស់​រថយន្ត​បង្ក សមត្ថកិច្ច និង​តុលាការ​ពុំ​មាន​ចំណាត់​ណាមួយ​នោះ​ទេ និង​បន្ត​មាន​សេរីភាព​ដើរ​ជួបជុំ​ផឹកស៊ី​ជាមួយ​ក្រុម​មន្ត្រី​គ្រាក់ៗ​មួយចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​ថែម​ទៀត​ផង។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​រថយន្ត​សេរី​ទំនើប ឡាំបូហ្គីនី (Lamborghini) បើកបរ​ដោយ​បុរស​ជនជាតិ​ចិន ២​នាក់​បុក​ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​នៅ​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​កាលពី​យប់​ថ្ងៃទី​២៣ ខែកុម្ភៈ ភ្លាមៗ​ពេល​មាន​ឧបទ្ទវហេតុ ក្រុម​ជន​បង្ក​បាន​ព្យាយាម​រត់គេច​ខ្លួន​។ ក្រៅ​ពី​នេះ ទោះបីជា​ជនជាតិ​ចិន​ឈ្មោះ ប៉ាហ្វីដូ បកស្រាយ​ថា ខ្លួន​មិនមែន​ជា​ជន​បង្ក​ក្ដី ប៉ុន្តែ​ក្រោយ​កើតហេតុ លោក និង​បក្ខពួក ព្យាយាម​បើកឡាន​រត់គេច រហូត​ធ្វើដំណើរ​មកដល់​ម្ដុំ​ផ្លូវ ២០០៤ ក្នុង​សង្កាត់​អូរ​បែកក្អម បុរស​ជនជាតិ​ចិន​ឈ្មោះ ប៉ាហ្វីដូ រួម​ដំណើរ​ជាមួយ​ទាំង​ក្នុង​ស្ថានភាព​ស្រវឹង​ដូចគ្នា​នោះ ថែម​ទាំង​ព្យាយាម​រត់គេច​ខ្លួន ដោយមាន​រថយន្ត​ទំនើប​មួយ​គ្រឿង​ទៀត​ម៉ាក ប៊ី អឹម ដាប់ប៊យូ (BMW) ព្យាយាម​ជម្លៀស​លោក​ថែម​ទៀត​ផង។

អ្នកជំនាញ​ផ្នែក​ច្បាប់​ពន្យល់​ថា ជន​បង្ក និង​អ្នក​រួមចំណែក​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​រហូត​ស្លាប់ ហើយ​ព្យាយាម​រត់​គេច​ខ្លួន​នោះ ត្រឹមតែ​ផ្ដល់​សំណង​ដល់​ជនរងគ្រោះ​គឺ​មិន​គ្រប់គ្រាន់​ទេ ពោល​ក្រុម​ជន​បង្ក​ត្រូវ​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​តារា​តិកតុក ឈ្មោះ ប៉ាហ្វីដូ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​២៣ ខែ​មីនា​។ ចំណែក អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សំ វិច្ឆិកា ក៏​មិន​អាច​ទាក់ទង​ដើម្បី​បកស្រាយ​រឿង​នេះ​បន្ថែម​បាន​ទេ។

មក​ទល់​ពេល​នេះ ក្រៅពី​គ្មាន​ចំណាត់​តាមផ្លូវ​ច្បាប់ តារា​តិកតុក ឈ្មោះ ប៉ាហ្វីដូ បន្ត​មាន​សេរីភាព និង​បង្ហាញ​ពី​ភាព​ហ៊ឺហា​ឡូយឆាយ ព្រមទាំង​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ពេល​ជួប លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក ទៀ សីហា ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១៦ ខែ​មីនា និង​បាន​ជួបជុំ​ស៊ីផឹក​ជាមួយ​មន្ត្រី​គ្រាក់ៗ​មួយចំនួន​ដូចជា អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ នៃ​អគ្គបញ្ជាការដ្ឋាន​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី គឺ លោក ហ៊ីង ប៊ុនហៀង ជាដើម។

អ្នកសិក្សា​ផ្នែក​ច្បាប់​លោក វ៉ន ចាន់ឡូត រិះគន់​ថា ការណ៍​ដែល​សមត្ថកិច្ច និង​តុលាការ​គ្មាន​ការ​ស៊ើបអង្កេត​ករណី​ជនជាតិ​ចិន​រូប​នេះ​ថា ជា​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព និង​ជា​ការ​ពង្រឹង​វប្បធម៌​និទ្ទណ្ឌភាព​។ លោក​ពន្យល់​ថា ទោះបីជា​លោក ប៉ាហ្វីដូ មិនមែន​ជា​អ្នក​បើក​រថយន្ត​បង្ក ប៉ុន្តែ​បុរស​ជនជាតិ​ចិន​រូប​នេះ គឺជា​ស្ថិត​ក្នុង​ហេតុការណ៍​ជាក់ស្ដែង និង​ជា​អ្នក​រួម​ដំណើរ​ទាំង​ស្ថាន​ភាព​ស្រវឹង​បណ្ដោយ​ឱ្យ​ក្រុម​បក្ខពួក​ព្យាយាម​បើកឡាន​រត់គេច​ខ្លួន ដែល​បំពាន​ច្បាប់​ចរាចរណ៍។

លោក វ៉ន ចាន់ឡូត៖ «ប្រសិនជា​អ្នក​ទាំងនោះ​ជា​បុគ្គល​ល្បី​ជា​អ្នកមាន​មុខមាត់ គាត់​គួរណា​តែ​ដឹង​អំពី​រឿងរ៉ាវ​ច្បាប់ទម្លាប់​សង្គម​ទាំងអស់​ហ្នឹង ហើយ​គាត់​ក៏​គួរ​ជា​អ្នក​គោរព​លើ​ច្បាប់​។ ម្ល៉ោះហើយ​នៅពេល​អ្នក​ទាំងអស់​នោះ​បង្ក ហើយ​ព្យាយាម​រត់គេច​ថែមទៀត កន្លែង​នេះ​ច្បាប់​ត្រូវការ​ស្រាវជ្រាវ​ឱ្យ​ឃើញ​ជាក់ច្បាស់​ដើមហេតុ។ ហេតុ​អី​គាត់​ព្យាយាម​រត់គេច​? ដោយសារតែ​គាត់​ខ្លាច​គេ​ផ្សព្វផ្សាយ​ថត​ទៅ​ជាប់​គាត់ ប៉ះពាល់​កិត្តិយស​គាត់ ប៉ុន្តែ​ទាំង​ដែល​គាត់​ជា​អ្នក​រួមចំណែក​មួយ​ក្នុង​ការ​បង្ក​មហន្តរាយ​ធ្វើ​ឱ្យ​បាត់បង់​ជីវិត ហើយ​ព្យាយាម​គិត​ថា កេរ្តិ៍ឈ្មោះ​របស់​គាត់​បែរ​ជា​មាន​តម្លៃ​ជាង​អាយុជីវិត​មនុស្ស។ អ៊ីចឹង​កន្លែង​នេះ ខាង​តុលាការ ឬ​នគរបាល​ស្រាវជ្រាវ​បញ្ជាក់​ឱ្យ​ច្បាស់​កន្លែង​ហ្នឹង ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យ​ជនរងគ្រោះ​បាត់បង់​សមាជិកគ្រួសារ​ហើយ​ហ្នឹង​គាត់​ទទួល​បាន​យុត្តិធម៌»

ចំណែក ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ព្រួយ​បារម្ភ​ចំពោះ​ការ​ដោះលែង​ជន​ជាប់ឃុំ​ដោយ​ស្ងាត់ៗ​ដោយសារតែ​អំពើពុករលួយ ខណៈ​បក្ខពួក​ជនជាប់ចោទ​នៅតែ​បន្ត​មាន​សេរីភាព និង​ព្យាយាម​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ថ្នាក់ដឹកនាំ និង​មន្ត្រី​កំពូលៗ​គ្រាក់ៗ​មួយចំនួន​ជា​បន្តបន្ទាប់។

លោក ម៉ែន ណាត៖ «ពីព្រោះ​ពួក​ហ្នឹង​ពាក់ព័ន្ធ​ការ​គប់គិត​អំពើ​ទុច្ចរិត​ហ្នឹង​រកស៊ី​ជាមួយគ្នា បិទ​ភ្នែក​ម្ខាង បើក​ម្ខាង​អត់​អនុវត្ត​ច្បាប់​របស់​ជាតិ​ឱ្យ​បាន​រឹងមាំ​ទេ។ ដល់ពេល​ផឹកស៊ី ស៊ីផឹក​រាប់អាន​គ្នា​ទៅ​វា​មានការ​យល់យោគ​គ្នា អធ្យាស្រ័យ​គ្នា​ទៅ​ឱ្យ​រួច​ទោស​រួច​ទណ្ឌ​ទៅ លាងមុខ​លាង​មាត់​កេរ្តិ៍ឈ្មោះ​អាក្រក់​លើ​អន្តរជាតិ​ម៉េច​បាន ព្រោះ​ពួក​អស់ហ្នឹង​នៅតែ​ប្រព្រឹត្ត​អំពើ​ផ្ដេសផ្ដាស​អ៊ីចឹង»

អ្នកជំនាញ​ផ្នែក​ច្បាប់ និង​អ្នកឃ្លាំមើល​លើកឡើង​ថា ការណ៍​ដែល​ជន​បង្ក​ព្យាយាម​អែបអប​ជាមួយ​មន្ត្រី​ថ្នាក់ៗ​ដឹកនាំ​កំពូល​បែបនេះ គឺ​ក្នុង​គោលបំណង​ឱ្យ​ជួយ​ការពារ​ពី​ការ​រួច​ទោសទណ្ឌ និង​ការពារ​ផលប្រយោជន៍​មុខ​ជំនួញ​ឯកជន​ពួកគេ ហើយ​ជា​ថ្នូរ​ដែល​ក្រុម​អ្នក​លុយ​ទាំងនោះ​ផ្ដល់​លាភ​សម្ភារៈ ឬ​លុយ​កាក​ដល់​ក្រុម​មន្ត្រី​គ្រាក់ៗ​ទាំងនោះ​ផង​ដែរ។

អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក វ៉ន ចាន់ឡូត ព្រួយបារម្ភ​ថា សោកនាដកម្ម​ពលរដ្ឋ​ស្លាប់​តាម​ដងផ្លូវ​នៅតែ​បន្ត​កើនឡើង បើ​អាជ្ញាធរ​គ្មាន​ចំណាត់ការ​ត្រឹមត្រូវ និង​បណ្ដែត​បណ្ដោយ​ឱ្យ​ក្រុម​ជន​បង្ក​ប្រើប្រាស់​លុយ និង​បង្ខំ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទទួល​ការ​ផ្ដល់​សំណង​ទាំង​បង្ខំ ហើយ​រួច​ផុត​ពី​ការ​ទទួល​ទោសទណ្ឌ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។