ក្រុមហ៊ុន​របស់​អូស្ត្រាលី​បាន​ទទួល​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​មាស​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​ត្បូងឃ្មុំ

ដោយ ខែ សុណង
2021-09-19
Share
ក្រុមហ៊ុន​របស់​អូស្ត្រាលី​បាន​ទទួល​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​មាស​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​ត្បូងឃ្មុំ ដុំ​មាសដែល​គេ​ដាក់​បង្ហាញ​ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
រូ​ប៖ ក្រសួង​រ៉ែ និង​ថាមពល

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល Renaissance Minerals (Cambodia) របស់​ប្រទេស​អូស្ត្រាលី បានទទួល​អាជ្ញាប័ណ្ណ​រុករក រ៉ែ​មាស​មួយ​កន្លែង​ទៀត នៅ​តំបន់​សំពៅ​លូន ក្នុង​ឃុំ​ជាំតាម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើ​ផ្ទៃដី​ទំហំ​ជាង មួយរយ​គីឡូ​ម៉ែត្រការ៉េ (១០៧,១០)​។ កន្លង​មក​ក្រុមហ៊ុន​នេះ ធ្លាប់​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ​មាស នៅ​តំបន់​អូរខ្វាវ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ត្រូវ​បាន​ក្រសួង​រ៉ែ និង​ថាមពល​ជ្រើសរើស ដើម្បី​បន្ត​នីតិវិធី​ផ្តល់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ ១​ទីតាំង នៅ​ខេត្ត​ត្បូងឃ្មុំ នេះ​តាំងពី​ថ្ងៃទី ២១ ខែ​ធ្នូ ឆ្នាំ​២០២០។

គេហទំព័រ​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​ចុះផ្សាយ​ថា តំណាង​ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល បាន​ជួប​ប្រជុំ​ជាមួយ​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ កាលពី​ថ្ងៃទី៩ ខែ​កញ្ញា បាន​ស្នើ​អាជ្ញាធរ​ក្នុង​ខេត្ត​នេះ ជួយ​សហការ​ជាមួយ​ក្រុមហ៊ុន ដើម្បី​រុករក​រ៉ែ​មាស​នៅ​តំបន់​នោះ។

ចំណែក អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ ក៏បាន​ស្នើ​ទៅ​ក្រុមហ៊ុន​វិញ កុំឱ្យ​ធ្វើ​សកម្មភាព​ដែល​បង្ក​ភាព​ថ្នាំងថ្នាក់​ដល់​ពលរដ្ឋ ដែល​រស់នៅ និង​រ៉ែង​រ៉ែ​មាស នៅ​តំបន់​នោះ​ជា​លក្ខណៈ​គ្រួសារ។

ក្រុមហ៊ុន​នេះ ក៏​ទើប​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស និង​ចម្រាញ់​រ៉ែ​មាស​ជា​លើកដំបូង នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី កាលពី​ខែ​មិថុនា ឆ្នាំ​២០២១។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី២១ ខែ​មិថុនា ថា​អាជីវកម្ម រ៉ែ និង​ចម្រាញ់​រ៉ែ​មាស​នេះ មាន​សមត្ថភាព​យក​រ៉ែ​ឆៅ​ប្រមាណ​ជិត ២​លាន​តោន ក្នុង​មួយឆ្នាំ និង​អាច​ចម្រាញ់​ជា​មាស​ដុំ​បាន​កម្រិត ៩០​ភាគរយ​។ ក្រុមហ៊ុន​នេះ បាន​ចាប់ផ្តើម​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នៃ​ការដ្ឋាន​អាជីវកម្ម រ៉ែ និង​ចម្រាញ់​រ៉ែ មាស នៅ​ខេត្តមណ្ឌលគិរី​នោះ តាំងពី​ពាក់កណ្តាល​ឆ្នាំ ២០២០ និង​បាន​ចំណាយ​ថវិកា​វិនិយោគ​ប្រមាណ ១២០​លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល