មន្ត្រី​សិទ្ធិ​ការងារ​ស្នើ​ឲ្យ​​រដ្ឋាភិបាល​​និង​​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រីក​​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ពលករ​នៅ​ប្រទេស​ថៃ ខណៈ​ពលករ​មួយ​​ចំនួន​​បាន​​វិល​​ត្រឡប់​​មក​​កម្ពុជា​​វិញ

ដោយ ខែ សុណង
2021-09-16
Share
មន្ត្រី​សិទ្ធិ​ការងារ​ស្នើ​ឲ្យ​​រដ្ឋាភិបាល​​និង​​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រីក​​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ពលករ​នៅ​ប្រទេស​ថៃ ខណៈ​ពលករ​មួយ​​ចំនួន​​បាន​​វិល​​ត្រឡប់​​មក​​កម្ពុជា​​វិញ ពលករខ្មែរឆ្លងដែនទៅធ្វើការនៅក្នុងប្រទេសថៃប្រថុយនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាង ពិសេសក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩។
រូប៖ បណ្តាញព័ត៌មានប្រទេសថៃ

មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTREAL)​រក​ឃើញ​ថា ពលករ​ចំណាកស្រុក​បាន​​ក្លាយ​​ជា​​ក្រុម​​ដែល​​ងាយ​​រងគ្រោះ​បំផុត​​នៅ​​ក្នុង​​វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។ អង្គការ​នេះ ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា រួម​ទាំង​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ជួយ​អន្តរាគមន៍​​ដល់​​ពលករ​ចំណាក​ស្រុក​​ដែល​​កំពុង​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​បន្ទាន់។

របាយការណ៍​កម្រាស់ ៤០​ទំព័រ របស់​អង្គការ​សង់ត្រាល់ (CENTREAL)បង្ហាញ​​ថា ក្នុង​ចំណោម​ពលករ​កម្ពុជា ប្រមាណ​ជិត ២​លាន​នាក់ ដែល​កំពុង​រស់នៅនិង​ធ្វើការ​ក្នុង​​ប្រទេស​ថៃ មាន​ព​លករ​ជា​ច្រើន​ពាន់​នាក់ កំពុង​ជួប​ប្រទះ​ការ​លំបាក​ខ្លាំង​ដែល​ទាមទារ​ផ្ដល់​នូវ​ជំនួយ​សង្គ្រោះ​បន្ទាន់។

មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្សហៅ​កាត់​ថា សង់ត្រាល់(CENTREAL)បាន​ចេញ​របាយការណ៍​មាន​ចំណងជើង​ថា បញ្ហា​ប្រឈម​របស់​ពលករ​កម្ពុជា​ក្នុង​​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​មេរោគ​កូវីដ-១៩ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា រក​ឃើញ​ថា ពលករ​ចំណាកស្រុក​កំពុង​ប្រឈម​បញ្ហា​ដូចជា បាត់បង់​ការងារ បាត់បង់​ប្រាក់​ចំណូល ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ មិន​ទទួល​បាន​ការ​គាំពារ​ពី​របប​សន្តិសុខ​សង្គម និង​សេវា​សុខភាព​ផ្សេង​ទៀត។

របាយការណ៍​នេះ​បញ្ជាក់​ថា ពលករ​ខ្មែរ ដែល​មាន​វិជ្ជមាន​កូវីដ-១៩ ក៏​មិន​អាច​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ និង​មិន​ទាន់​ពេល​វេលា​នៅ​ឯមន្ទីរពេទ្យ។ ចំណែក​ឯ ក្រុម​ពលករ​ធ្វើការ​ក្នុង​វិស័យ​សំណង់ និង​ពិសេស​ពលករ​ដែល​មិន​មាន​ឯកសារ​ស្រប​ច្បាប់​បាន​ជួប​បញ្ហាលំបាក​រឹត​តែ​ខ្លាំង ដោយសារ​ពួកគេ​ត្រូវ​ផ្អាក​ការងារ និង​​មិន​​អាច​ចាកចេញ​ទៅ​ក្រៅ​បាន។

លើស​​ពី​​នេះ ពួកគេ​ជានិច្ចកាល​មិនទាន់​ទទួល​បាន​ការ​យកចិត្ត​ទុក​ដាក់​ពេញលេញ​នៅឡើយ។ រដ្ឋាភិបាល​កម្ពុជា​តាមរយៈស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ធ្វើ​ការ​ឆ្លើយតប​បន្ទាន់ និង​ជួយ​ពលករ​ដែល​ជួប​ការ​លំបាក​បាន​ខ្លះៗ ពោល​គឺ​នៅ​មិនទាន់​គ្រប់គ្រាន់​ក្នុង​ការ​សម្រាល​បន្ទុក​របស់​ពលករ​ជាច្រើន​ម៉ឺន​នាក់​ដែល​កំពុង​ជួប​បញ្ហា​ជីវភាព និង​សុខភាព​នៅ​ឡើយ​ទេ។

មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល (Central) កញ្ញា ទ្រី សុភា ថ្លែង​ថា គោលបំណង​នៃ​ការ​ចេញ​ផ្សាយ​របាយការណ៍​នេះ គឺ​ដើម្បី​ពាំនាំ​ពី​ក្ដី​កង្វល់​នានា និង​ផ្ដល់​ព័ត៌មាន​ដល់​ភាគី​ពាក់ព័ន្ធ​អំពី​បញ្ហា​ប្រឈម​ជាក់ស្ដែង​ដែល​ពលករ​កម្ពុជា​កំពុង​ជួប​ប្រទះ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ពលករ​ខ្លះ​ទៀត​កំពុង​ព្យាយាម​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ។ មន្ត្រី​រូប​នេះ​ស្នើ​ឲ្យ​អាជ្ញាធរ​និង​ភាគី​ពាក់ព័ន្ធ បង្កើតឬ​កែសម្រួល​គោលនយោបាយ​ច្បាប់ និង​វិធានការ​នានា ដើម្បី​ធានា​បាន​នូវ​ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធភាព​ឆ្លើយតប ចំពោះ​សុខុមាលភាព សុវត្ថិភាព​ស្បៀង​អាហារ សុវត្ថិភាព​ផ្លូវ​កាយ​ផ្លូវ​ចិត្ត និង​សេចក្ដី​ថ្លៃថ្នូរ​សម្រាប់​ពលករ​កម្ពុជា៖ «សូម​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​យ៉ាង​ណា​ពង្រីក​នូវ​វិធានការ​ក្នុង​ការឆ្លើយតប​នឹង​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ទៅ​ដល់​ពលករ​ដែល​គាត់​ជួប​ប្រទះ ​គឺ​តាម​ស្ថានភាព​ជាក់ស្ដែង​នូវ​អ្វី​ដែល​បាន​កើត​មាន​ឡើង។ យើង​សង្ឃឹម​ថា ជា​ការ​រួមចំណែក​មួយ​នៅ​ក្នុង​ការ​បញ្ជៀស​ពី​បញ្ហា​ផ្សេងៗ និង​ធ្វើការ​រំលេច​ឡើង​ដើម្បី​ឲ្យ​អ្នក​ដែល​ធ្វើ​គោលនយោបាយ​ហ្នឹង គឺ​ដាក់​ចេញ​នូវ​គោលនយោបាយ​មួយ​ដែល​រួម​បញ្ចូល​ ឬ​ការ​គិតគូរ​ជាមួយ​នឹង​ក្រុម​ពលករ គាត់​គឺ​ក្រុម​មួយ​ដែល​ទទួល​រងគ្រោះ​​នៅ​ក្នុង​វិបត្តិ​នេះ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៦ ខែកញ្ញា។

ពលករ​ចំណាក​ស្រុក​ទាំងមាន​ឯកសារ និង​ទាំងមិន​មាន​ឯកសារ​មាន​ចន្លោះ​ពី ១លាន​៨​សែន​នាក់ ទៅ២​លាន​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ក្នុង​វិស័យ​​សំណង់ ឧស្សាហកម្ម​ម្ហូប​អាហារ គ្រឿង​អេឡិចត្រូនិក ឧស្សាហកម្ម​នេសាទ កសិកម្ម សេវាកម្ម និង​អ្នក​ធ្វើការ​តាម​ផ្ទះ។

របាយការណ៍​អង្គការ​សង់ត្រាល​បញ្ជាក់​ថា ពលករ​ខ្មែរ​ជាច្រើន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បង្ខំ​ចិត្ត​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ឡើយ បើ​ទោះ​បីពួកគេ​ត្រូវ​ចំណាយ​​ខ្ពស់ធ្វើ​ដំណើរ​ដោយ​ប្រថុយប្រថាន ងាយ​ចាញ់​បោក​មេខ្យល់ និង​ងាយ​ប្រឈម​ឆ្លង​មេរោគ​ក៏​ដោយ។ ដោយឡែក ពេល​មក​ដល់​ព្រំដែន​ពួកគេ​ជួប​បញ្ហា​មួយ​ចំនួន​ទៀត​នៅ​តាម​មណ្ឌល​ចត្តាឡឺស័ក មាន​ដូចជា ភាព​ចង្អៀត​ណែន​ដែល​មិន​អាច​រក្សា​គម្លាត​សុវត្ថិភាព មិន​មាន​បន្ទប់​ទឹក និង​គ្មាន​កន្លែង​លាង​សម្អាត​ដៃ​គ្រប់គ្រាន់ ហើយបន្ទប់​ទឹក​ប្រើ​រួម​គ្នា​រវាង​បុរស និង​ស្ត្រី សម្ភារៈ​ប្រើប្រាស់​មិន​គ្រប់គ្រាន់ ពិសេស​សម្រាប់ ស្ត្រី និង​កុមារ។

មន្ត្រី​អង្គការ​ដដែល កញ្ញា ទ្រី សុភា ទទូច​ឲ្យ​រដ្ឋាភិបាល​ពង្រីក​នូវ​យន្តការ​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​កូវីដ- ១៩ ដើម្បី​ជួយ​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ជួប​ការ​ លំបាក​ទាំងនេះ​ឲ្យ​បាន​សព្វ​ជ្រុងជ្រោយ​ជាបន្ទាន់ និង​មាន​ប្រសិទ្ធភាព៖ «ស្នើ​សុំ​ផង​ដែរ​ដល់​ការ​អន្តរាគមន៍​ក៏​ដូចជា​ការ​សហការ​គ្នា រវាង​រដ្ឋាភិបាល​ទាំង​ពីររវាង​រដ្ឋាភិបាល​​កម្ពុជា និង​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ពង្រីក​ក៏​ដូចជា​គោលនយោបាយ​ ក្នុង​ការ​ផ្ដល់​នូវ​ជំនួយ​សង្គ្រោះ​ផ្សេងៗ​ដើម្បី​ទៅ​ដល់​ពលករ ហើយ​មិន​ត្រូវ​គិត​ថា​ទាល់​​តែ​​គាត់​ ពលករ​ស្រប​ច្បាប់​មាន​ឯកសារ​ស្របច្បាប់​ទើប​​យើង​ផ្ដល់​ជំនួយ​នោះ​ទេ​ដោយសារ​តែ​ក្នុង​កាលៈទេសៈ​នេះ​យើង​ដឹង​ហើយ​អ្នកណា​ដែល​រងគ្រោះ​ជាង​គេ​អ្នកណា​ដែល​អត់​ត្រូវ​បាន​គេ​កេងប្រវ័ញ្ច​គាប​សង្កត់​វិបត្តិ​នេះ​អ៊ីចឹង បើ​យើង​ត្រូវ​គិតគូរ​ទៅ​ដល់​ពួកគាត់»

អង្គការ​អន្តរជាតិ​ផ្នែក​ទេសន្តរប្រវេសក៍ (IOM) ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី៥ ខែសីហា បង្ហាញ​ថា ចំនួន​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ប្រទេស​វិញ​មាន​ចំនួន ជាង​២២​ម៉ឺន​៥​ពាន់​នាក់ (225,235) ក្នុង​នោះ​ស្ត្រី​ជាង ១០​ម៉ឺន​២​ពាន់​នាក់ (102,472) ឬ​ស្មើ​នឹង ៤៥.៥​ភាគរយ ដោយសារ​ស្ថានភាព​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ-១៩ នៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល