សង្គម​ស៊ីវិល​ជំរុញ​​ឱ្យ​ពន្លឿន​ការ​ស៊ើបអង្កេត​សំណុំ​រឿង​អតីត​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​លោក កឹម ជាតិ

ដោយ មាន ឫទ្ធិ
2024.10.29
សង្គម​ស៊ីវិល​ជំរុញ​​ឱ្យ​ពន្លឿន​ការ​ស៊ើបអង្កេត​សំណុំ​រឿង​អតីត​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​លោក កឹម ជាតិ (ពីស្ដាំ) អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក កឹម ជាតិ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី និង​ភរិយាលោក កឹម ជាតិ អ្នកស្រី ភួង ម៉ាឡា ក្នុងកម្មវិធី​កាកបាទក្រហម កាលពីថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ​២០១៩។
រូប៖ ហ្វេសប៊ុកលោក កឹម ជាតិ

សង្គមស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​ស៊ើបអង្កេត និង​បង្ហាញ​លទ្ធផល​ ស្រាវជ្រាវ​ក្នុង​សំណុំ​រឿង​អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក កឹម ជាតិ ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​ជា​សាធារណៈ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​ការ​អនុវត្ត​ច្បាប់​គ្មាន​ស្តង់ដារ​ពីរ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា វិធានការ​ដាក់​ពិន័យ​រដ្ឋបាល និងផ្អាក ឬ​ផ្លាស់​ប្ដូរ​មុខ​តំណែង​អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក កឹម ជាតិ នៅ​មិន​ទាន់​គ្រប់គ្រាន់ ដែល​អាច​កែប្រែ​មន្ត្រី​ដែល​ប្រព្រឹត្ត​បទល្មើស​ឱ្យ​រាង​ចាល​ឡើយ។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២៨ ខែ​តុលា ថា ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​បង្កើន​ល្បឿន​នៃ​ការ​ស៊ើបអង្កេត និង​ផ្ដល់​ការ​វិវត្តន៍​ផ្សេងៗ​ជា​សាធារណៈ ទាក់ទង​នឹង​សំណុំ​រឿង​ជំរិត​ទារ​ប្រាក់​ដែល​ប្រព្រឹត្ត​ដោយ​លោក កឹម ជាតិ នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ឮ។

លោក ប៉ិច ពិសី៖ «សង្គម​ស៊ីវិល​ក៏​លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​អនុវត្ត​ច្បាប់ ដែល​មាន​ជា​ធរមាន ជា​ពិសេស​រាល់​ការ​សង្ស័យ​ទាំងឡាយ​ណា ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ទារ​ប្រាក់ គឺ​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហើយ​នឹង​ស្ថាប័ន​ផ្សេង​ទៀត ក្រៅ​ពី​ស្ថាប័ន​សាមី។ អ៊ីចឹង​យើង​សង្ឃឹម​ថា នឹង​មាន​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព ប្រកប​ដោយ​ភាព​ស្មើ​គ្នា ហើយ​ជន​សង្ស័យ​ក៏​មាន​សិទ្ធិ​គ្រប់គ្រាន់ នៅ​ក្នុង​ការ​ការពារ​រាល់​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ដែរ។ ដូច្នេះ គួរ​ជំរុញ​ឱ្យ​ការ​អនុវត្ត​ច្បាប់​ដើម្បី​ឱ្យ​ពលរដ្ឋ​ដឹងឮ»

កាល​ពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​បាន​កោះហៅ​លោក កឹម ជាតិ ឱ្យ​ចូល​បំភ្លឺ​អំពី​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​ចំនួន ១០ម៉ឺន​ដុល្លារ និង​ស្រា ៤៨ដប ពី​ក្រុមហ៊ុន ឈីវ ទីម៉ិចគ្រុប (Chhivtimex Group)

ប៉ុន្តែ​គិត​មក​ដល់​ចុង​ខែ​តុលា​នេះ មាន​រយៈពេល​ជាង ១០ខែ​ហើយ ដែល​នគរបាល​យុត្តិធម៌ នៅ​មិន​ទាន់​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត និង​វិធានការ​ទៅ​លោក កឹម ជាតិ ឡើយ។

អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២៨ ខែ​តុលា ថា សំណុំ​រឿង​នេះ គឺ​នៅ​ក្នុង​ដៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ឡើយវិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន និង​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក សយ ច័ន្ទវិចិត្រ បាន​ទេ នៅថ្ងៃទី២៨ ខែ​តុលា។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ស្នើ​ទៅ​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព​ និង​ស្មើភាព​គ្នា ទោះ​បី​ជា​មន្ត្រី ឬ​រាស្ត្រ​ក៏​ដោយ។ លោកថា ប្រសិន​បើ​មាន​ករណី​សង្ស័យ​ប្រព្រឹត្ត​បទ​ល្មើស នោះ​ត្រូវ​ស៊ើប​អង្កេត និង​មាន​ចំណាត់​ការ​ច្បាប់​ដូច​គ្នា​ បើ​មិន​ដូច្នេះ​ទេ នឹង​រង​ការ​រិះគន់​ពី​សាធារណជន

លោក អំ សំអាត៖ «ខ្ញុំ​យល់​ថា ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​ភាព​យុត្តិធម៌​សម្រាប់​ជន​គ្រប់​រូបភាព។ អ៊ីចឹង​ចំពោះ​ករណី​ហ្នឹង គួរ​ពន្លឿន​នីតិវិធី​នៃ​ការ​ស៊ើបអង្កេត​ទៅ​លើ​សំណុំ​រឿង​ហ្នឹង ហើយ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ដូច​ជា​សំណុំ​ផ្សេងៗ​ដែរ ពីព្រោះ​យើង​ឃើញ​ខ្លះ​ខាង​អាជ្ញាធរ និង​មន្ត្រី​នគរបាល​យុត្តិធម៌ លោក​ចាត់​ការ​បាន​លឿន​ប៉ុន្តែ​រឿង​ខ្លះ នាំ​ឱ្យ​មាន​ការ​រិះគន់​ដោយសារ​តែ​ចំណាត់​ការ​មាន​ការ​យឺតយ៉ាវ វា​នាំ​ឱ្យ​មាន​ការ​រិះគន់ ហើយ​អាច​នឹង​ភាព​មាន​មន្ទិល​សង្ស័យ​ច្រើន ទាក់ទង​នឹង​បញ្ហា​ទាំងអស់​ហ្នឹង»

កាលពីថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ ព្រះមហាក្សត្រ​បាន​ចេញ​រាជក្រឹត្យ​បញ្ចប់​តំណែង​ និង​តួនាទី​លោក កឹម ជាតិ ពី​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ បន្ទាប់​ពី​មាន​បណ្ដឹង​របស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប នៃ​ឧកញ៉ា ដួង តិច ទៅ​ក្រសួង​មហាផ្ទៃ។ ឧកញ៉ា ដួង តិច ចោទ​ប្រកាន់​លោក កឹម ជាតិ ថា បាន​ជំរិត​ទារ​ប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប របស់​ឧកញ៉ា​រូប​នេះ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ការ​មិន​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ក្លាយ​ជា​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ ដែល​មិន​អាច​ដោះស្រាយ​បាន ក្រោយ​ពេល​លោក ហ៊ុន ម៉ាណែត ឡើង​ជា​នាយករដ្ឋមន្ត្រី។ ពួកគេ​ពន្យល់​ថា ដោយសារ​តែ​តំណែង​នាយករដ្ឋមន្ត្រី​ជា​របៀប​តពូជ ដែល​បាន​មក​ដោយ​ការ​រំលោភ​ស្មារតី​រដ្ឋធម្មនុញ្ញ និង​ការ​បោះឆ្នោត​ដោយ​មិន​សេរី​ទៅ​ហើយ ដូច្នេះ ទម្រង់​ដឹកនាំ​រដ្ឋាភិបាល​ទាំងមូល គឺ​ជា​យោង​គ្នា និង​ការពារ​កំហុស​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​ហ៊ាន​អនុវត្ត​ច្បាប់​ទេ ព្រោះ​ខ្លាច​បែក​បាក់​ផ្ទៃ​ក្នុង​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។