ពលករ​ខ្មែរ​មួយចំនួន​ជួប​ការ​លំបាក​ពេល​សម្រាល​កូន​នៅ​ប្រទេស​ថៃ

ដោយ សុជីវី
2024.01.20
ពលករ​ខ្មែរ​មួយចំនួន​ជួប​ការ​លំបាក​ពេល​សម្រាល​កូន​នៅ​ប្រទេស​ថៃ ពលករខ្មែរ​ដែលទើបសម្រាលបុត្រនៅប្រទេសថៃ លោកស្រី ធី បេឡា និង​កូនតូចៗ ក្នុងបន្ទប់ជួលប្រទេសថៃ។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ពលករ​ខ្មែរ​មួយចំនួន​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​ជួប​ការ​លំបាក​ក្នុង​ពេល​សម្រាក​កូន​ដោយសារ​គ្មាន​អ្នក​មើលថែ​និង​ខ្វះ​ភាព​កក់ក្ដៅ​ពី​គ្រួសារ។ បន្ថែម​ពី​នេះ​កូន​របស់​ពួកគេ​ក៏​ពិបាក​ក្នុង​ធ្វើ​សំបុត្រកំណើត​ដែរ ជាពិសេស​អ្នក​ដែល​ធ្វើ​ការងារ​ខុសច្បាប់។ តើ​ក្រុម​ពលករ​ទាំងនោះ​ជួប​ការ​លំបាក​បែប​ណា​ខ្លះ​ក្នុង​ពេល​សម្រាល​កូន​នៅ​ប្រទេស​ថៃ?

ក្រុម​ពលករ​ខ្មែរ​ដែល​សម្រាលកូន​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​លើក​ឡើង​ថា ការ​សម្រាល​កូន​នៅ​ក្រៅ​ប្រទេស​ចំណាយ​អស់ប្រាក់​ច្រើន និង​ខ្វះ​ភាព​កក់ក្ដៅ​ជាង​នៅ​ក្នុង​ស្រុក ក៏ប៉ុន្តែ​ដោយសារ​គ្មាន​ជម្រើស​ពួកគេ​ត្រូវ​បង្ខំចិត្ត​សម្រាលកូន​នៅ​ក្រៅ​ប្រទេស។

ពលការិនី​ធ្វើការ​ផ្នែក​លក់​គ្រឿងសង្ហារិម​នៅ​ខេត្ត​នន់ថាក់បូរី (Nonthaburi) ជាប់​ទីក្រុង​បាងកក លោកស្រី ធី បេឡា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​សម្រាលកូន​នៅ​ប្រទេស​ថៃ​ចំណាយ​អស់ប្រាក់​ច្រើនជាង​នៅ​កម្ពុជា គឺ​សម្រាលកូន​ម្នាក់​អស់ប្រាក់​ប្រមាណ​៣​ម៉ឺន​បាត ឬ​ស្មើ​ប្រមាណ​៩០០​ដុល្លារ ហើយ​គ្មាន​កក់ក្ដៅ​ពី​ក្រុម​គ្រួសារ​ឡើយ ព្រោះ​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​តែ​ម្នាក់​ដោយ​គ្មាន​សាច់ញាតិ​នៅ​ក្បែរ​ខ្លួន​នោះ​ទេ។ ស្ត្រី​វ័យ​៣៧​ឆ្នាំ​រូប​នេះ​បន្ត​ថា គ្រួ​ពេទ្យ​អនុញ្ញាត​ឱ្យ​ប្ដី​ឬ​សាច់ញាតិ​ចូល​សួរសុខទុក្ខ​នៅ​ពេល​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ក្នុង​បន្ទប់​គាំពារ​ម្ដាយ ប៉ុន្តែ​អាច​សួរសុខទុក្ខ​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​លោកស្រី​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ ២​យប់​តែម្នាក់ឯង​។ បច្ចុប្បន្ន​ពលការិនី​មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង​រូប​នេះ កូន​អាយុ​ជាង ២​ឆ្នាំ​ហើយ។ លោកស្រី​បន្ត​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​មិន​ទាន់​បាន​ត្រឡប់​ទៅ​ធ្វើ​សំបុត្រកំណើត​ឱ្យ​កូន​នៅ​កម្ពុជា​នៅ​ឡើយ​ទេ ដោយសារ​ជីវភាព​ក្រីក្រ និង​គ្មាន​ប្រាក់។

លោកស្រី ធី បេឡា៖ «គេ​ដាក់​ថា កើត​នៅ​ប្រទេស​ថៃ​តែ​ប៉ុណ្ណឹង​អត់​មាន​បាន​អត្តសញ្ញាណប័ណ្ណ​ដូច​កូន​ថៃ​ទេ ដល់​ទៅ​ខ្មែរ​ធ្វើ​សំបុត្រកំណើត​កូន​មួយ​សារ​ទៀត តែ​ខ្ញុំ​អត់​ទាន់​ចង់ទៅ។ អ៊ីចឹង​យើង​ត្រូវតែ​រកលុយ​ដើម្បី​កូន​ខ្ញុំ​ស៊ូ​លំបាក​ស៊ូ​អត់​ដល់​ពេល​អីចឹង​ខ្ញុំ​មាន​តែ​នៅ​ថៃ​នេះ​ឯង​ធ្វើការ​ខ្លះ សម្រាប់​ថ្លៃ​ទឹកដោះគោ​កូន។ ដល់​តែ​យើង​ទៅ​ខ្មែរ​យើង​ទៅ​រក​ស៊ី​អី»

ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ពលរដ្ឋ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ លោកស្រី រឿន ផល្លី ថ្លែង​ថា ការ​សម្រាលកូន​នៅ​ប្រទេស​ថៃ​គ្មាន​ភាព​កក់ក្ដៅ​ដូច​នៅ​ប្រទេស​កំណើត​នោះ​ទេ ប៉ុន្តែ​គ្រូពេទ្យ​យក​ចិត្ត​ទុក​ដាក់​មើលថែ​អ្នកជំងឺ​ប្រសើរ​ជាង​នៅ​កម្ពុជា។ លោកស្រី​បន្ត​ថា សម្រាល​កូន​នៅ​កម្ពុជា​មាន​ប្ដី​និង​សាច់ញាតិ​ផ្ដល់​កម្លាំងចិត្ត​នៅ​ជុំវិញ​ខ្លួន ដែល​ខុស​ពី​ប្រទេស​ថៃ​លោកស្រី​ត្រូវ​សម្រាល​កូន​នៅ​ក្នុង​មន្ទីរពេទ្យ​តែម្នាក់​ឯង​។ ស្ត្រី​វ័យ ៣៩​ឆ្នាំ​រូប​នេះ សម្រាល​កូន​នៅ​ប្រទេស​ថៃ​ចំនួន​២​លើ​រួច​មក​ហើយ ដោយ​កូន​បង​អាយុ ៧​ឆ្នាំ​និង​កូន​ប្អូន​អាយុ​ជាង​១​ឆ្នាំ​ហើយ​។ លោកស្រី​បន្ថែម​ថា សម្រាលកូន​មួយ​លើកៗ​ចំណាយ​អស់ប្រាក់ ១​ម៉ឺន ៧​ពាន់​បាត ឬ​ស្មើ​ប្រមាណ​៦៥០​ដុល្លារ​។​លោកស្រី​បន្ត​ថា សម្រាលកូន​នៅ​ប្រទេស​ថៃ​គ្រូពេទ្យ​មិន​ទារ​ប្រាក់​មុន​ដូច​នៅ​កម្ពុជា​នោះ​ទេ ហើយ​ពេទ្យ​ថែម​ទាំង​អនុគ្រោះ​ឱ្យ​បង់​រំលស់​បន្តិច​ម្ដងៗ ហើយ​រហូត​មក​ដល់​ពេល​នេះ​លោកស្រី​មិនទាន់​សង​ប្រាក់​ពេទ្យ​រួច​នៅ​ឡើយ។

លោកស្រី រឿន ផល្លី៖ «ការ​សម្រាល​ក៏​លំបាក​ដូចគ្នា​ទី​យើង​ខ្វះ​ខាត​លុយកាក់ ប៉ុន្តែ​ល្អ​ម្យ៉ាង​ដូច​ថា​ស្រុក​គេ​យ៉ាងណា ក៏​គេ​ជួយ​ជីវិត​យើង​នឹង​កូន​សិន។ អ៊ីចឹង​ហើយ​ឧបមា​អស់ ២​បី​ម៉ឺន​យើង​គ្មាន​លុយដុំ​បង់​គេ​ទាំងអស់​ទេ អីចឹង​មានតែ​យើង​បង់​គេ​បណ្ដោះ​បង់​គេ​ម្ដង ២​ពាន់​បី​ពាន់។ ខ្ញុំ​ជា​ពលករ​អ៊ីចឹង​អត់​មាន​សមត្ថភាព​បង់​ដុំ​ទេ ខ្ញុំ​សុំ​គេ​បង់​រំលស់​មួយ​ខែ​បី​ពាន់ បើ​មាន​ច្រើន​ខ្ញុំ​បង់​ច្រើន​ទៅ បើ​មាន​តិច​ខ្ញុំ​បង់​តិច​ទៅ។ ជីវភាព​វា​ខ្វះ​ខាត​ឥឡូវ​នៅ​ស្រុក​ពិបាក​ណាស់​បង​អើយ​ការងារ​មិន​សូវ​មាន​ធ្វើ​ទេ»

ធីបេឡា.jpg
ពលករខ្មែរ​ដែលទើបសម្រាលបុត្រនៅប្រទេសថៃ លោកស្រី ធី បេឡា និង​កូនតូច ក្នុងបន្ទប់ជួលប្រទេសថៃ។ RFA

ដោយ​ឡែក​ពលការិនី​ធ្វើការ​ផ្នែក​ដេរ​ស្បែកជើង ឱ្យ​ថៅកែ​ជនជាតិ​ថៃ​នៅ​ខេត្ត​ឈុនបុរី (Chunbori) លោកស្រី ម៉េង ឌីណា ឱ្យ​ដឹង​ថា លោកស្រី​ទើប​តែ​សម្រាលកូន​បាន​ជិត ២​ខែ​ប៉ុណ្ណោះ​។ ស្ត្រី​វ័យ​២៧​ឆ្នាំ​រូប​នេះ​បន្ត​ថា ការ​សម្រាលកូន​នៅ​ប្រទេស​ថៃ ក្រៅ​អំពី​ចំណាយ​អស់​ប្រាក់​ច្រើន និង​ខ្វះ​ភាព​កក់ក្ដៅ​ហើយ ក៏​ពិបាក​ក្នុង​ការ​ធ្វើ​សំបុត្រ​កំណើត​ដែរ​។ លោកស្រី​បន្ថែម​ថា កូន​របស់​លោកស្រី​ទើប​តែ​ធ្វើ​សំបុត្រកំណើត​បាន កាល​ពី​ថ្ងៃ​ទី១០ មករា ដោយសារ​ប្ដី​គ្មាន​ឯកសារ​ស្រប​ច្បាប់​។ លោកស្រី​បញ្ជាក់​ថា ការ​ដែល​កូន​គ្មាន​សំបុត្រកំណើត​គឺ​ពិបាក​ក្នុង​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ។

លោកស្រី ម៉េង ឌីណា៖ «ឆ្លងទន្លេ​ហើយ​មុនដំបូង​ខ្ញុំ​យក​ឈ្មោះ​ប្ដី​ទៅ​ដាក់​ហើយ​ប្ដី​ខ្ញុំ​អត់​មាន​ទិដ្ឋាការ ហើយ​ដល់ពេល​អ៊ីចឹង​ទៅ​គេ​ថា គេ​អត់​ធ្វើ​សំបុត្រកំណើត​ឱ្យ​ទេ ព្រោះ​អី​ប្ដី​ខ្ញុំ​អត់​មាន​ទិដ្ឋាការ។ដល់​ពេល​ម្សិលមិញ​ខ្ញុំ​ទៅជា​មួយ​គាត់ កុហក​គេ​ថា​ខ្ញុំ​អត់​មាន​ប្ដី ប្ដី​ខ្ញុំ​រត់ចោល​បាន​គេ​ធ្វើ​ឱ្យ​ខ្ញុំ។ បើ​ថា​មាន​ប្ដី​គេ​អត់​ធ្វើ​ឱ្យ​ខ្ញុំ​ទេ ព្រោះ​ប្ដី​ខ្ញុំ​អត់​មាន​ទិដ្ឋាការ ដល់​ពេល​អត់​មាន​សំបុត្រ​កំណើត​ទៅ ទៅ​ពេទ្យ​លំបាក​ណាស់ ពេទ្យ​សួរ​រក​តែ​សំបុត្រ​កំណើត»

ពលការិនី​ខ្មែរ​ទាំងនេះ មក​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ជាមួយ​ប្ដី និង​បាន​ប្រាក់​ឈ្នួល​ប្រមាណ​ពី ១​ម៉ឺន​ទៅ ១​ម៉ឺន​៥​ពាន់​បាត ឬ​ស្មើ​ប្រមាណ​ពី​៣០០ ទៅ ៤៨០​ដុល្លារ​ក្នុង​មួយ​ខែ​។ ពួកគេ​អះអាង​ថា បើ​ទោះបី​ជា​សម្រាលកូន​រួចហើយ​ក៏ដោយ​ក៏​ពួកគេ​នៅតែ​ជួប​ការ​លំបាក​ផ្លូវចិត្ត ដោយ​រង​ការ​មើលងាយ​ពី​ជនជាតិ​ថៃ​មួយចំនួន​ថា កូន​របស់​ពួកគេ​យំ​រំខាន​ដល់​ការ​រស់​នៅ​របស់​ម្ចាស់​ប្រទេស។ ក្រុម​ពលករ​ទាំងនោះ​ថា ពួកគេ​ឈឺចាប់​នៅពេល​រង​ការរិះគន់​បែប​នេះ ក៏ប៉ុន្តែ​គ្មាន​ជម្រើស​ក៏​នាំគ្នា​ខាំ​ស្មៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​បន្ត​ទៀត ដើម្បី​រក​ប្រាក់​សង​ធនាគារ និង​ដោះស្រាយ​ជីវភាព។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ទុក្ខ​លំបាក​របស់​ពលករ​ខ្មែរ​នេះ​បាន​ទេ នៅ​ថ្ងៃទី​១១ មករា។

ប៉ុន្តែ​កន្លង​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​ពី​គោលនយោបាយ​គាំទ្រ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដើម្បី​ឱ្យ​មាន​ការងារ​ធ្វើ ហើយ​លោក​ថា ករណី​បែប​នេះ មិន​មែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ។ ទន្ទឹម​នឹង​នេះ​លោក​អះអាង​ថា កន្លង​ទៅ​មន្ត្រី​របស់​លោក​ដែល​ប្រចាំការ​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ពលករ​ខ្មែរ​ចំណាកស្រុក​តាមរយៈ​ការ​អន្តរាគមន៍​ផ្ដល់​ជំនួយ​ផ្លូវច្បាប់ ម្ហូប​អាហារ និង​ផ្ដល់​សេវា​ផ្សេងទៀត។

ជុំវិញ​រឿង​នេះ មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ឱ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​មាន​ពលករ​ខ្មែរ​ដែល​សម្រាល​កូន​នៅ​ប្រទេស​ថៃ ជាច្រើន​នាក់​តែង​មក​រក​អន្តរាគមន៍​ពី​អង្គការ​លោក​ឱ្យ​ជួយ​ផ្លូវច្បាប់ ដើម្បី​ធ្វើ​សំបុត្រ​កំណើត​ឱ្យ​កូន​របស់​ពួកគេ។ លោក​បន្ត​ថា ពលករ​សម្រាលកូន​នៅ​ប្រទេស​ថៃ​ជួប​ការ​លំបាក​ច្រើន​ជាង​នៅ​ប្រទេស​កំណើត ជាពិសេស​ពលករ​ដែល​មក​ធ្វើ​ការងារ​ខុស​ច្បាប់។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ថៃ មិន​ធ្វើ​សំបុត្រកំណើត​ឱ្យ​កូន​របស់​ពលករ ភាគច្រើន​ដោយសារ​ពួកគេ​គ្មាន​ទិដ្ឋាការ​ស្នាក់​នៅ​ស្រប​ច្បាប់។ លោក​ថា បញ្ហា​នេះ​បង្ក​ការ​លំបាក​ដល់​ពលករ​ធ្វើ​ឱ្យ​ពួកគេ​មិន​យក​កូន​ទៅ​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​បាន​ឡើយ។

លោក លឹង សុផុន៖ «គាត់​ខាតបង់​ច្រើនណាស់ អ៊ីចឹង​ធ្វើ​ឱ្យ​ពួកគាត់​លំបាក​វេទនា អ៊ីចឹង​មានតែ​ត្រឡប់​ទៅ​ខ្មែរ​វិញ​។ ប៉ុន្តែ​ភាគច្រើន​គាត់​ថា បើ​ទៅ​ខ្មែរ​វា​អត់​មានអី​អ៊ីចឹង​ណាស់​គាត់​ចេះតែ​តស៊ូ​នៅ​ប្រទេស​ថៃ​អ៊ីចឹង​ទៅ។ ហើយ​គាត់​រង់ចាំ​ឱ្យ​ថៅកែ​ដំណើរការ​រឿងរ៉ាវ​ឱ្យ​គាត់​ហ្នឹង​ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ក៏​មាន​ដែរ តែ​កន្លង​មក​ឃើញ​ថា ពលករ​ដែល​គាត់​អត់​មាន​ឯកសារ​គាត់​ស៊ូ​លំបាក។ពេលខ្លះ​ទៅ​បើ​បាន​ខ្ញុំ​ដឹង​ក៏​ខ្ញុំ​ព្យាយាម​ជួយ​ពួកគាត់​ឱ្យ​គាត់​ធ្វើ​ឯកសារ​ហើយ ដើម្បី​ទៅ​ស្នើសុំ​ធ្វើ​សំបុត្រ​កំណើត​ដើម្បី​ទៅ​បើក​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​បាន​នៅក្នុង​ប្រកាន់​សង្គម​ដែល​គេ​កំណត់​មក​ថា ត្រូវ​បាន​អី​ខ្លះ»

លោក លឹង សុផុន បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មុន​ពេល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ពលករ​គួរ​ធ្វើ​លិខិត​ឆ្លងដែន និង​មាន​ទិដ្ឋាការ​ធ្វើ​ការ​ងារ​ដោយ​ស្របច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ។ បន្ថែម​ពី​នេះ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​បញ្ហា​ពលករ​សម្រាល​កូន​នៅ​ប្រទេស​ថៃ លំបាក​នាំ​កូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ពេល​ឈឺ​ថ្កាត់ ដើម្បី​កុំឱ្យ​ពួកគេ​មាន​បញ្ហា​ដូច​សព្វថ្ងៃ​ទៀត។

របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា ឱ្យ​ដឹង​ថា បច្ចុប្បន្ន មាន​ពលករ​ខ្មែរ​ជាង ១​លាន ២​សែន​នាក់​ធ្វើការ​នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ បង្ហាញ​ថា មាន​ពលករ​ខ្មែរ ធ្វើការ​ដោយ​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ជាង ២​លាន​នាក់ ដោយ​មួយ​ចំនួន​ពួកគាត់​ទទួលរង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ និង​បាត់បង់​ផលប្រយោជន៍ ដែល​ប៉ះពាល់​ដល់​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។