ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​យក​កូន​ទៅ​ធ្វើ​ការ​ជាមួយ​ដោយ​មិន​បាន​រៀន

ដោយ សេក បណ្ឌិត
2023.12.08
ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​យក​កូន​ទៅ​ធ្វើ​ការ​ជាមួយ​ដោយ​មិន​បាន​រៀន លោកស្រី រ៉េន បញ្ញា (រូប​កណ្ដាល) និង​កូន​ទាំងពីរ​នាក់​អង្គុយ​នៅក្នុង​បន្ទប់​ជួល​នៅ​ខេត្ត​នន់ថាក់បូរី (Nonthabori) ជាប់​ទីក្រុង​បាងកក​ប្រទេស​ថៃ កាល​ពី​ថ្ងៃទី​៧ ធ្នូ ឆ្នាំ​២០២៣។
រូប៖ ពលករផ្ដល់ឱ្យ

ពលករ​ខ្មែរ​មួយចំនួន​ធ្វើការ​នៅ​ប្រទេស​ថៃ​នាំ​កូន​ទៅ​រស់នៅ​ជាមួយ​ដោយ​មិន​បាន​ចូល​សាលារៀន​ទាំង​វ័យក្មេង។ ពួកគេ​ព្រួយ​បារម្ភ​ពី​អនាគត​កូន​ខ្លាច​មាន​វាសនា​ដូច​ឪពុកម្ដាយ​ដែល​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត​ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ។ តើ​មាន​មូលហេតុ​អ្វីខ្លះ​បាន​ជា​ពលករ​ទាំង​នោះ​ចាំបាច់​យក​កូន​ទៅ​ធ្វើ​ការ​ជាមួយ ដោយ​មិន​បាន​រៀនសូត្រ​បែប​នេះ?

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​លើកឡើង​ថា ពួកគេ​មិន​ចង់​នាំ​កូន​ទៅ​ធ្វើ​ការ​ជាមួយ​ដោយ​មិន​បាន​រៀនសូត្រ​នោះ​ទេ ក៏ប៉ុន្តែ​ដោយសារ​ជីវភាព​ខ្វះខាត និង​គ្មាន​ការងារ​ធ្វើ​នៅក្នុង​ស្រុក​ទើប​សម្រេចចិត្ត​នាំ​កូន​ចាក​ចោល​ផ្ទះ​សម្បែង​ទៅ​រស់​នៅ​ប្រទេស​គេ​បែបនេះ។

ពលករ​វ័យ ៤៥​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ម៉ុច ម៉ុល ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដំបូង​ឡើយ​លោក​មក​ធ្វើការ​ជា​កម្មករ​សំណង់​ជាមួយ​ប្រពន្ធ ដើម្បី​រក​ប្រាក់​សង​បំណុល​ធនាគារ និង​សន្សំ​ប្រាក់ ដើម្បី​ធ្វើ​ដើមទុន​ដាំ​ដុះ និង​ប្រកបមុខរបរ​នៅ​ស្រុក​កំណើត​។ លោក​បន្ត​ថា អ្វីៗ​មិន​បាន​ដូច​ក្ដី​ស្រមៃ​ឡើយ ហើយ​ថែមទាំង​មាន​បន្ទុក​កាន់តែ​ធ្ងន់​ដោយសារ​បាន​នាំ​កូន​មក​ធ្វើការ​ជាមួយ ហើយ​បញ្ចប់​ការសិក្សា​ទាំង​វ័យក្មេង​។​សព្វថ្ងៃ​ពលករ​រូប​នេះ​ធ្វើការ​សំណង់​នៅ​ទីក្រុង​បាងកក​ជាមួយ​ប្រពន្ធ​និង​កូន​អាយុ​ក្រោម​១៦​ឆ្នាំ​ចំនួន​៣​នាក់​បាន​ប្រាក់​ឈ្នួល​ប្រមាណ​១​ម៉ឺន​បាត​(១០,០០០)​ឬ​ស្មើ​ប្រមាណ​៣០០​ដុល្លារ​ក្នុង​មួយ​ខែ​។ លោក ម៉ុច ម៉ុល ប្រាប់​ថា កូនប្រុស​ច្បង​ឈប់​រៀន​តាំងតែ​ពី​អាយុ​១៣​ឆ្នាំ ដើម្បី​មក​ធ្វើការ​រក​ប្រាក់​ជាមួយ​ឪពុកម្ដាយ​នៅ​ប្រទេស​ថៃ ចំណែក​កូន​២​នាក់​ទៀត មិនទាន់​បាន​ចូល​សាលារៀន​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ពួកគេ​មាន​អាយុ​៨​ឆ្នាំ និង​អាយុ​៣​ឆ្នាំ​ហើយក៏​ដោយ​។ លោក​ព្រួយ​បារម្ភ​ពី​អនាគត​កូន ខ្លាច​ដូច​ពាក្យ​ចាស់​លោក​ពោល​ថា ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ ដែល​ពួកគេ​អាច​នឹង​មាន​វាសនា​ដូច​ឪពុកម្ដាយ ដែល​ធ្វើ​កម្មករ​នៅ​ស្រុក​គេ​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ​សម្បែង ដោយសារ​គ្មាន​ចំណេះដឹង។

លោក ម៉ុច ម៉ុល៖ «អាណិតកូន ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ជីវភាព​យើង​អីចឹង​ហើយ​កូន​ថា ឈប់​រៀន​អីចឹង យើង​មិនដឹង​ថា ធ្វើ​ម៉េច​ជាមួយ​កូន មានតែ​តាម​វាសនា​កូន។ មាន​តែ​បង្រៀន​ចំណេះវិជ្ជា​ធ្វើ​ការ​រកស៊ី​ហ្នឹងឯង​ដើម្បី​ចិញ្ចឹម​ជីវភាព​គ្រួសារ​ទៅ​មុខ​ទៀត។ ខ្ញុំ​គិត​ថា ចង់​ទៅ​ស្រុក ប៉ុន្តែ​ណាមួយ​ជីវភាព​វា​ខ្វះខាត ណាមួយ​ការងារ​វា​អត់​ដិត​ដល់​អីចឹង អត់​មាន​លុយ​ទៅ​។ ណាមួយ​សោហ៊ុយ​ចុះ​ទៅ​ក៏​ថ្លៃ​អាជ្ញាធរ​គាប​សង្កត់ តាម​ច្រក​ក៏​គាត់​គាប​សង្កត់ ឡាន​ក៏​ថ្លៃ​អីចឹង​ទៅ អត់​ទាន់​មាន​សមត្ថភាព​ចុះ​ទៅ»

ស្រដៀង​គ្នា​នេះ​ពលការិនី ជា​ស្ត្រី​មេម៉ាយ​វ័យ ៣៨​ឆ្នាំ ម្នាក់ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង លោកស្រី រ៉េន បញ្ញា រៀបរាប់​ថា លោកស្រី​ធ្វើការ​ផ្នែក​កាត់ដេរ​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក​(Bangkok) អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ដោយបាន​ប្រាក់​ឈ្នួល​ចំនួន​៩​ពាន់​បាត​(,០០០) ឬ​ស្មើ​ប្រមាណ​២៨០​ដុល្លារ​ក្នុង​មួយ​ខែ។ សព្វថ្ងៃ​ពល​ការិនី​រូប​នេះ​រស់នៅ​ជាមួយ​កូន​២​នាក់ ដោយ​កូនប្រុស​អាយុ​១៣​ឆ្នាំ​និង​កូនស្រី​អាយុ​១១​ឆ្នាំ ហើយ​ពួកគេ​មិនបាន​ចូល​សាលារៀន​ភាសាជាតិ​នៅ​កម្ពុជា​នោះ​ទេ ដោយសារ​ជីវភាព​ក្រីក្រ​និង​គ្មាន​អ្នក​មើលថែ​។​លោក​បន្ថែម​ថា ពួកគេ​រស់នៅ​ប្រទេស​ថៃ​ខុសច្បាប់​តាំងពី​អាយុ​២​ឆ្នាំ ហើយ​រៀន​ភាសា​ថៃ​តាម​វត្ត​អារាម ដោយ​មិន​ចេះ​អក្សរ​ខ្មែរ​ឡើយ។ លោកស្រី​ព្រួយបារម្ភ​ពី​អនាគត​កូន ដោយ​ខ្លាច​ពួកគេ​មិន​ចេះ​អក្សរ​ជាតិ ដែល​មិន​អាច​រក​ការងារ​ល្អ​ធ្វើ​បាន និង​មាន​ជីវភាព​ក្រលំបាក​ដូច​លោកស្រី។

លោកស្រី រ៉េន បញ្ញា៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ​តែ​ខ្ញុំ​អត់​មាន​ជម្រើស​ណា​ថា បើសិនជា​គាត់​ទៅ​ខ្ញុំ​គិតថា​គាត់​គ្រោះថ្នាក់​ទី​១​អាហារ​ហូបចុក​របស់​គាត់ ទី​២​ខ្ញុំ​មិនបាន​នៅ​មើលថែ​គាត់ ខ្ញុំ​បាន​ត្រឹម​តែ​ធ្វើការ​ផ្ញើ​លុយ​ពី​ថៃ​ទៅ ប៉ុន្តែ​ការ​ហូបចុក​ការរស់នៅ​របស់​គាត់​អត់​មាន​សុវត្ថិភាព​។ ដឹង​សម្រាប់​ហើយ​ស្រុក​ខ្មែរ​យើង​ពោរពេញ​ទៅ​ដោយ​គ្រឿងញៀន គ្រឿង​ស្រវឹង​សព្វបែបយ៉ាង អីចឹង​ខ្ញុំ​អត់​មាន​ជម្រើស​ខ្ញុំ​ចាំបាច់​ត្រូវតែ​យក​គាត់​មក​នៅ​ជាមួយ»

លោកស្រី​បន្ថែម​ថា ពួកគេ​ក្រៅ​អំពី​មិន​បាន​ចូល​សាលារៀន​ភាសាជាតិ​ហើយ ក៏​មិន​មាន​អ្នក​នៅ​មើលថែ​ពួកគេ​ដិត​ដល់​ដែរ ដោយសារ​លោកស្រី​រវល់​ធ្វើការ​រក​ប្រាក់​ដោះស្រាយ​ជីវភាព។ លោកស្រី​បន្ត​ថា កូន​មិនសូវ​ចេះ​និយាយ​ភាសា​ខ្មែរ​ច្បាស់​នោះ​ទេ ព្រោះ​ពួកគេ​ទៅ​រៀន​នៅ​ទី​វត្ត​ជាមួយ​ជនជាតិ​ថៃ តាំងពី​ម៉ោង ៨​ព្រឹក រហូត​ដល់​ម៉ោង ៦​រសៀល ទើប​ត្រឡប់​មក​ដល់​ផ្ទុះ​វិញ​។ លោកស្រី​ថា នៅ​ពេល​ថ្ងៃ​ឈប់​សម្រាក​ក៏​មិនសូវ​បាន​បង្រៀន​កូន​ដែរ ដោយសារ​លោកស្រី​រវល់​ធ្វើការ ហើយ​ទុក​ពួកគេ​ឱ្យ​សិក្សា​រៀនសូត្រ​ដោយ​ខ្លួនឯង​នៅក្នុង​បន្ទប់។

លោកស្រី រ៉េន បញ្ញា៖ «ប៉ុន្តែ​ឱ្យ​ខ្ញុំ​គិត​ម៉េច​បើសិនជា​ប្រទេស​ខ្មែរ​មានការ​រៀបចំ​ឱ្យ​ប្រជាជន​រស់នៅ​រៀនសូត្រ​បាន​បាន​ល្អ​ដូច​ប្រទេស​គេ​ខ្ញុំ​គិតថា ខ្ញុំ​នឹង​ទៅ​រស់នៅ​ស្រុក​ខ្មែរ​វិញ​ហើយ រៀបចំ​ឱ្យ​ពួកគាត់​បាន​រៀនសូត្រ។ ហើយ​មិន​ចង់ឱ្យ​ពួកគាត់​នៅ​ប្រទេស​គេ​ទេ វា​លំបាក​សព្វបែប​យ៉ាង យើង​មិនមែន​ជា​ជនជាតិ​គេ សិទ្ធិ​សេរីភាព​ចង់​ធ្វើ​អី​វា​មិន​ដូច​នៅ​ស្រុក​យើង​ទេ។ ប្រទេស​ថៃ​យើង​ចង់​បើកមុខ​របរ​អី​ជា​របស់​ខ្លួន​ស្អី​ជា​របស់​យើង​គឺ​អត់​បាន»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៧ វិច្ឆិកា។

ជុំវិញ​រឿង​នេះ មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា កន្លងមក​អង្គការ​សង់ត្រាល់​បាន​ចុះ​សិក្សា​ករណី​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែល​យក​កូន​ទៅ​ជាមួយ​នេះ ភាគច្រើន​ជា​ពលករ​ធ្វើ​ការ​ផ្នែក​នេសាទ ផ្នែក​កសិកម្ម និង​ធ្វើការ​សំណង់​ជាដើម​។ លោក​បន្ត​ថា កុមារ​ទាំងនោះ​ភាគច្រើន​រស់នៅ​អនាថា ដោយ​មិន​មាន​ការ​មើលថែ​ដិតដល់ និង​មិន​បាន​ចូល​សាលារៀន​ត្រឹមត្រូវ​ឡើយ។ លោក​ថា កុមារ​ទាំងនោះ​បើ​ទោះ​បី​ជា​ពួកគេ​មួយចំនួន​ត្រូវ​បាន​ឪពុកម្ដាយ​បង្ហាត់​បង្រៀន និង​រៀន​តាម​សាលា​ក្នុង​វត្ត​អារាម​នៅ​ប្រទេស​ថៃ​ក៏ដោយ​ក៏​មិន​អាច​ជួយ​ពួកគេ​ឱ្យ​មាន​ចំណេះដឹង​ដូច​កុមារ​ដែល​បាន​រៀនសូត្រ​នៅ​សាលា​ក្នុង​ប្រទេស​បាន​ដែរ។ ជាង​នេះ​ទៅ​ទៀត​លោក​ថា ការសិក្សា​បែបនេះ​នឹង​ធ្វើ​ឱ្យ​កុមារ​ទាំងនោះ ក្លាយជា​មនុស្ស​មិន​យល់​ដឹង​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ខ្មែរ​ឡើយ។

លោក ឌី ថេហូយ៉ា៖ «ជាពិសេស​គឺ​ពលរដ្ឋ​ក្រីក្រ​ហ្នឹង​គឺ​កាន់តែ​ក្រីក្រ​គឺ​អត់​មានឱកាស​ក្នុង​ការ​អភិវឌ្ឍន៍​ចំណេះ​ជំនាញ និង​កាយសម្បទា​អី​ល្អ​ដូច​ប្រទេស ដែល​គេ​មានការ​ពារ​និង​ផ្ដល់​ឱកាស​កុមារ​បាន​សិក្សា​រៀនសូត្រ។ វា​ជា​វិបត្តិ​នៃ​ការ​អភិវឌ្ឍ​ផ្នែក​ធនធានមនុស្ស​ហើយក៏​ជា​វិបត្តិ​នៃ​សង្គម​ពូជសាសន៍ ឬ​ជាតិ​សាសន៍​មួយ​ដែរ ដែល​ធម្មតា​កាលណា​ធនធានមនុស្ស​ត្រូវ​រីង​ក្រិន មិន​លូតលាស់​ការ​អភិវឌ្ឍ​ប្រទេស​ក៏​ទៅ​តាម​ហ្នឹង​ដែរ»

កន្លង​ទៅ​អង្គការ​យូនីសេហ្វ (UNICEF) បាន​រក​ឃើញ​ថា មាន​ផល​ប៉ះពាល់​ដោយ​ប្រយោល​ពី​ការ​ធ្វើ​ចំណាកស្រុក​របស់​ឪពុកម្ដាយ ទៅ​លើ​កុមារ ក្នុង​នោះ​រួមមាន ផល​ប៉ះពាល់​លើ​ផ្នែក​ការ​រស់នៅ ការ​អប់រំ កិច្ចការពារ​កុមារ​សុខុមាលភាព ផ្លូវ​អារម្មណ៍ និង​ផ្លូវចិត្ត​កុមារ។

អង្គការ​យូនីសេហ្វ បាន​ប្រមូល​ទិន្នន័យ​ដោយ​ធ្វើ​ឡើង​តាមរយៈ​ការ​ពិភាក្សា​ក្រុម​គោលដៅ​ចំនួន​២៩ មាន​អ្នក​ចូលរួម​ចំនួន ២៥១​នាក់ ដែល​មាន​មនុស្ស​ពេញវ័យ ជា​ឪពុកម្ដាយ អាណាព្យាបាល និង​ជីដូន​ជីតា ចំនួន​៦២​នាក់ និង​កុមារ​១៨៩​នាក់ ទាំង​កុមារ​ធ្វើ​ចំណាកស្រុក​ជាមួយ​ឪពុកម្ដាយ និង​ត្រូវ​ទុក​ចោល​តាម​ភូមិ​។ ការសិក្សា​នេះ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​គោលដៅ មាន​បាត់ដំបង ប៉ោយប៉ែត បន្ទាយមានជ័យ ព្រៃវែង និង​សៀមរាប។

អង្គការ​យូនីសេហ្វ​បាន​រក​ឃើញ​ថា កុមារ​អាយុ​ច្រើន ច្រើន​ធ្វើ​ចំណាក​សុក​ទៅជា​មួយ​ឪពុកម្ដាយ​។ ផល​ប៉ះពាល់​លើ​សុខុមាលភាព របស់​កុមារ​ដែល​ធ្វើ​ចំណាកស្រុក​ទៅជា​មួយ​ឪពុកម្ដាយ គឺ​ខុស​ពី​កុមារ​ដែល​ទុកចោល​ក្នុងភូមិ​។ សម្រាប់​កុមារ​ដែល​ធ្វើ​ចំណាក​ស្រុក​ជាមួយ​ឪពុកម្ដាយ បញ្ហា​ធំជាង​គេ​គឺ​ការ​បន្ត​ការ​រៀន​សូត បញ្ហា​ការពារ​កុមារ នឹង​ពលកម្ម​កុមារ​ផង​ដែរ។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​គួរតែ​ស្រាវជ្រាវ​រក​តួលេខ​ជាក់លាក់​អំពី​ពលករ​ធ្វើ​ចំណាកស្រុក​ដែល​យក​កុមារ​ទៅ​ជា​មួយ ដើម្បី​ជួយ​ពួកគេ​ឱ្យ​បាន​ចូលរៀន ។ បន្ថែម​ពី​នេះ​រដ្ឋាភិបាល ក៏​គួរ​ពង្រឹង​ប្រព័ន្ធ​តាមដាន​ទីតាំង​សិស្ស ពង្រឹង​សេវា​ពិសេស​អប់រំ​មូលដ្ឋាន​សម្រាប់​កុមារ​ចំណាកស្រុក និង​បង្កើត​សាលារៀន​សហគមន៍​នៅ​តាម​តំបន់​របស់​ជន​ចំណាកស្រុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។