អាជីវករ​នៅ​ភ្នំពេញ​ខ្លះ​ត្អូញត្អែរ​លក់ដូរ​មិន​សូវ​ដាច់​ក្នុង​ថ្ងៃ​បុណ្យ​អុំទូក

ដោយ ​​មាន ឫទ្ធិ
2023.11.27
អាជីវករ​នៅ​ភ្នំពេញ​ខ្លះ​ត្អូញត្អែរ​លក់ដូរ​មិន​សូវ​ដាច់​ក្នុង​ថ្ងៃ​បុណ្យ​អុំទូក ពលរដ្ឋលក់ដូរតាមសួន ក្បែរកន្លែងប្រារព្ធព្រះរាជពិធីបុណ្យ​អុំទូក កាលពីថ្ងៃទី២៦ វិច្ឆិកា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អាជីវករ​លក់ដូរ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​នៅតែ​ត្អូញត្អែរ​ពី​ការ​រក​ចំណូល​មិនសូវ​បាន ដោយសារតែ​លក់ដូរ​មិនសូវ​ដាច់ បើទោះបីជា​ក្នុង​ថ្ងៃ​ពិធី​បុណ្យអុំទូក​ក្នុងឆ្នាំនេះ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដើរលេង​កម្សាន្ត​ច្រើន​កុះករ​ក្ដី។ ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​ព្យាយាម​បណ្ដេញ​ពលរដ្ឋ​មិន​ឱ្យ​លក់ដូរ​នៅ​តំបន់​សំខាន់ៗ​ដែល​មាន​ភ្ញៀវ​ទេសចរ​ដើរលេង​កម្សាន្ត​ថែម​ទៀត​ផង។

ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី និង​ភ្ញៀវ​អន្តរជាតិ​ចាប់ផ្ដើម​សម្រុក​ដើរលេង​កម្សាន្ត​តំបន់​នានា​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យអុំទូក​ថ្ងៃទី​២៦ ខែ​វិច្ឆិកា។ ទោះបីជា​យ៉ាងណា អ្នក​លក់ដូរ​មួយចំនួន​មាន​ទឹកមុខ​ក្រៀមក្រំ ដោយសារតែ​លក់ដូរ​មិនសូវ​ដាច់ ខណៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ព្យាយាម​បណ្ដេញ​អាជីវករ​លក់​នៅ​តំបន់​សួន​វត្ត​បទុមវតី។

សំឡេង​មន្ត្រី៖ «​តោះៗ​រទេះ​លក់ដូរ​តូចៗ​នាំគ្នា​រើចេញ​ឱ្យ​អស់ អត់​មាន​មក​បង្កាត់ភ្លើង​ដាក់​រទេះ​អ៊ីចឹង​ទេ»

លោកស្រី សួង ចន្នី ជា​ជនពិការ​ភ្នែក​ទាំងសងខាង​លក់ដូរ​សណ្ដែកដី​ស្ងោរ​នៅ​សួន​វត្ត​បទុមវតី​រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា​ថា តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច​លោកស្រី និង​កូន​មិន​ទាន់​បាន​ហូបបាយ​នោះ​ទេ ដោយសារតែ​រក​ចំណូល​ពុំ​សូវ​បាន ហើយ​អាជ្ញាធរ​ក្រុងភ្នំពេញ​ព្យាយាម​បណ្ដេញ​ពលរដ្ឋ​លក់ដូរ​លើ​សួន​ម្ដង​ហើយ​ម្ដងទៀត​។ លោកស្រី​ទទូច​ស្នើ​ឱ្យ​អាជ្ញាធរ​កុំ​បណ្ដេញ​ពលរដ្ឋ​ចេញពី​កន្លែង​លក់ដូរ​មាន​ភ្ញៀវ​ទេសចរ​ដើរលេង​កម្សាន្ត​ច្រើន។

លោកស្រី សួង ចន្នី៖ «មួយថ្ងៃ​ហ្នឹង​កូន​ខ្ញុំ​អត់​ទាន់​មាន​បាយ​មួយ​គ្រាប់​ចូល​ពោះ​ទេ ព្រោះ​លក់​អត់​បាន​លុយ អត់​ទាន់​បាន​លក់​គេ​ដេញ​អ៊ីចឹង។ ខ្ញុំ​ខាត​ដោយសារ​ខ្ញុំ​លក់​អត់​ដាច់ ខ្ញុំ​ទៅ​លក់​នៅ​កឋិន​ខ្ញុំ​លក់​អត់​ដាច់ ខ្ញុំ​ខាត​រហូត ដល់​អ៊ីចឹង​នឹក​ឃើញថា មកនេះ​លក់​អាច​ស្រង់​ដើម​បាន​សង​គេ តែ​មក​គេ​ដេញ​រហូត​ពិបាក​ណាស់»

ចំណែក ពលរដ្ឋ​ម្នាក់ទៀត​ជា​ជនពិការ​ភ្នែក​ដែរ​គឺ​លោកស្រី ឡេង ជ្រឿន រៀបរាប់​ថា មួយថ្ងៃ​លោកស្រី​អា​ចរក​ចំណូល​ពី​ការ​លក់​ពង​ក្រួច និង​សណ្ដែកដី​ចំណេញ​បាន ៥​ម៉ឺន​រៀល​ដែរ​ក្នុង​ពិធីបុណ្យ​អុំទូក​។ ប៉ុន្តែ លោកស្រី បញ្ជាក់​ថា ចំណូល​នេះ​រកបាន​តិច​ជាង​ថ្ងៃ​ធម្មតា ដែល​លោកស្រី​ទួល​សណ្ដែកដី​លក់​តាម​ហាង និង​កន្លែង​ផឹកស៊ី​នា​ពេល​យប់។

លោកស្រី ឡេង ជ្រឿន៖ «រាល់ដង​លក់​តាម​ហាង ពេល​អុំទូក​អ៊ំ​លក់​តាម​បុណ្យអុំទូក​ទើបបាន [​ពង​ក្រួច ៥​កញ្ចប់ និង​សណ្ដែកដី​បាន ៣​កំប៉ុង​] ចាញ់​តាម​ហាង​ទេ ប៉ុន្តែ​អុំទូក​អ៊ីចឹង​តាម​ហាង​ស្ងាត់​ហើយ គេ​មកលេង​អុំទូក​វិញ​ហើយ​។ ចំណេញ​មួយថ្ងៃ ៥​ម៉ឺន​ព្រោះ​អី​គ្មាន​កូនចិញ្ចឹម​ខ្ញុំ​ផង​ហ្នឹង កូន ៤​នាក់​រៀប​ឱ្យ​អស់ហើយ​គេ​គិតតែ​ប្ដី​ប្រពន្ធ​គេ ខ្ញុំ​លក់​ខ្លួនឯង​ខ្ញុំ​ពិការ​ផង»

ទន្ទឹម​អាជ្ញាធរ​ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​លក់ដូរ​តាម​សួន​វត្ត​បទុមវតី ក្រុមហ៊ុនស្រាបៀរ​ធំៗ​អាច​រៀបចំ​ឆាក និង​លក់​ស្រាបៀរ​ក្នុង​សួន ថែមទាំង​ចែកចាយ​ស្រាបៀរ​ឱ្យ​ពលរដ្ឋ​ផឹក​ដោយ​ឥតគិតថ្លៃ​ថែម​ទៀត​ផង។ អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ស្រែ​ដាក់​មេក្រូ​គំរាម​ពលរដ្ឋ​ដែល​លក់​តាម​សួន ហើយ​អាជ្ញាធរ​ខ្លះទៀត​បាន​ចុះ​ពីលើ​រថយន្ត ដើម្បី​មក​ប្រាប់​អាជីវករ​ឱ្យ​រើ​របស់របរ​លក់ដូរ​ទៅ​កន្លែង​ផ្សេង។ ប៉ុន្តែ​ពុំ​មាន​ការ​បង្ក​ហិង្សា​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា។

ក្រៅពី​អាជីវករ​លក់ដូរ​មិនសូវ​ដាច់​ពលរដ្ឋ​អ្នក​រត់​កង់​បី​ក៏​ត្អូញត្អែរ​ពី​ការ​រក​ចំណូល​មិន​បាន​ក្នុង​ពិធីបុណ្យ​អុំទូក​ថ្ងៃមួយ​នេះ​ដែរ។

ពលរដ្ឋ​អ្នក​រត់​កង់​បី​ម្នាក់​នៅ​រាជធានី​ភ្នំពេញ លោក តុង ហួតនី រាប់រៀប​ថា ថ្ងៃទី​១ នៃ​ពិធី​បុណ្យអុំទូក លោក​រក​ចំណូល​មិនបាន​សូម្បី​តែមួយ​ម៉ឺន​រៀល។ លោក​ថា ទោះ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដើរលេង​កម្សាន្ត​ច្រើន ប៉ុន្តែ ពលរដ្ឋ​ហាក់​ចាយវាយ​ក្បិតក្បៀត ហើយ​នៅ​តាម​តំបន់​ខ្លះ​ក៏​អាជ្ញាធរ​បិទ​មិន​ឱ្យ​អ្នក​រត់​កង់​បី​រត់​កាត់​ដែរ។

លោក តុង ហួតនី៖ «បើ​ការ​រក​ចំណូល​មិនសូវ​បានទេ ខ្ញុំ​រត់​រាល់ថ្ងៃ ចំណូល​ហ្នឹង​ដេកស៊ី​តែ​បាយ បបរ​ហ្នឹង កូន​ទាមទារ​បាយ​មិនបាន​ផង សូម្បី​ប្រពន្ធ​អត់​មាន​ខោអាវ​ស្លៀក​ផង​ឥឡូវនេះ​ក្រៗ​ពេក»

ពលរដ្ឋ​ដែល​មក​ដើរលេង​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក​ហាក់​មិនសូវ​ចាយវាយ​លើ​អាហារ​ហូបចុក​ច្រើន​ទេ ដោយ​ពលរដ្ឋ​ខ្លះ​ត្រឹមតែ​ដើរលេង​កម្សាន្ត​អារម្មណ៍​តែប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា​លោក ម៉ម រិទ្ធី មាន​ប្រសាសន៍​ថា ពលរដ្ឋ​ភាគច្រើន​គ្មាន​លទ្ធភាព និង​ចាយវាយ​ក្បិតក្បៀត ដោយសារតែ​ពួកគាត់​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ ខណៈ​វិបត្តិ​សេដ្ឋកិច្ចជាតិ​រដ្ឋាភិបាល​មិនទាន់​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។ លោក​ឱ្យ​ដឹង​ថា ពលរដ្ឋ​នៅ​តាម​ខេត្ត​ដូចជា នៅ​សៀមរាប​ជាដើម បាន​ត្រឹម​ដើរ​លេង​កម្សាន្ត​ទាំង​ទឹកមុខ​ក្រៀមក្រំ ដោយសារតែ​ពួកគាត់​គ្មាន​លុយ​ចាយ។

លោក ម៉ម រិទ្ធី៖ «ប្រជាជន​ខ្មែរ​គាត់​ដើរលេង​មែន គាត់​ដើរលេង​មិនមែន​ជា​លក្ខណៈ​ដើរលេង​មាន​សេដ្ឋកិច្ច​ល្អ​ទេ បាន​ន័យ​ថា ពួកគាត់​អត់​មាន​លុយ​សម្រាប់​ដើរ​ចំណាយ​ទេ ប៉ុន្តែ​ដើរ​លក្ខណៈ​កម្សាន្ត​ធម្មតា ក្នុង​លក្ខណៈ​មួយ​ចំណាយ​មាន​កម្រិត ចាយ​តិចតួច​មែនទែន​។ អ្វី​ដែល​ខ្ញុំ​ព្រួយបារម្ភ​អ្នក​លក់ដូរ​ហ្នឹង​អាច​ខាត​ទៅវិញ​នៅពេល​ពួកគាត់​ចំណាយ​លុយ​ទិញ​របស់របរ ហើយ​លក់​អត់​ដាច់ គាត់​ខាត​ទៅវិញ​ទៀត នេះ​គឺ​ខ្ញុំ​ព្រួយបារម្ភ»

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ ចំនួន​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ដោយមាន​ការ​ប្រគុំ​តន្ត្រី​ពី​ក្រុមហ៊ុនស្រាបៀរ​ធំៗ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​។ ក្រៅពី​នេះ អាជ្ញាធរ​នឹង​បាញ់​កាំ​ជ្រួញ​នា​ពេល​រាត្រី ដើម្បី​អបអរ​ពិធីបុណ្យ​អុំទូក​នា​ឆ្នាំនេះ។

ពលរដ្ឋ​ដែល​ជា​អ្នក​លក់ដូរ​ក្នុង​រាជធានី​ភ្នំពេញ ទទូច​ស្នើ​ដល់​អាជ្ញាធរ​កុំ​ធ្វើទុក្ខបុកម្នេញ​លើ​ពួកគាត់ និង​ធានា​ថា គ្មាន​ការ​បញ្ឈប់​បណ្ដេញ​ចេញពី​កន្លែង​លក់ដូរ​ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដើរលេង​កម្សាន្ត​ច្រើន។ ពួកគាត់​ព្រួយបារម្ភ​ថា បើ​អាជ្ញាធរ​នៅតែ​បណ្ដេញ​ពួកគាត់ វា​ប្រៀប​ដូចជា​ការ​វាយកម្ទេច​ឆ្នាំងបាយ​ពួកគាត់​ក្នុង​ឱកាស​ពិធីបុណ្យ​ជាតិ​មួយ​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។