យុវជន​មួយ​ចំនួន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ជំរុញ​ឱ្យ​មាន​ការ​ទទួលទាន​គ្រឿងស្រវឹង

ដោយ ទីន ហ្សាការីយ៉ា
2023.03.06
Share on WhatsApp
Share on WhatsApp
យុវជន​មួយ​ចំនួន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ជំរុញ​ឱ្យ​មាន​ការ​ទទួលទាន​គ្រឿងស្រវឹង អាជ្ញាធរនៅរាជធានីភ្នំពេញចុះបិទខិតប័ណ្ណហាមលក់គ្រឿងស្រវឹងនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំ។
រូប៖ ហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ

បច្ចុប្បន្ន​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​មាន​គ្រប់​រូបភាព ហើយ​ធ្វើ​ឡើង ជា​ប្រចាំ​ពិសេស​នៅ​អំឡុង​ពេល​បុណ្យ​ជាតិ​ធំៗ មាន​ទាំង​បុណ្យ​ចូល​ឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ ឬ​បុណ្យ​អុំទូក​ជាដើម​នោះ សកម្មភាព​ផ្សព្វផ្សាយ​កាន់តែ​កើន​ឡើង​ខ្លាំង​ដោយ​មើល​ឃើញ​ពី​ផល​ប៉ះពាល់​ច្រើន​ពី​ការ​ទទួលទាន​គ្រឿងស្រវឹង​នេះ​យុវជន​មួយ​ចំនួន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​មាន​វិធានការ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង។

យុវជន​មួយ​ចំនួន​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​វិធានការ​បង្កើត​ជា​ច្បាប់ ឬ​គោលការណ៍​ផ្សេងៗ ដើម្បី​បញ្ឈប់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ដោយ​ពួក​គេ​យល់​ឃើញ​ថា បច្ចុប្បន្ន​កំពុង​តែ​មាន​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ចាត់​ទុក​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ជា​ការ​សំខាន់​សម្រាប់​ជីវិត។

បុគ្គលិក​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កញ្ញា ហ៊ុំ ផល្លី សង្កេត​ឃើញ​ថា ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ទាំង​ការ​ដាក់​បដា​តាម​ដង​ផ្លូវ ផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ការ​ប្រគំ​តន្ត្រី​ជា​ដើម​មាន​ការ​កើន​ឡើង។ កញ្ញា​សង្កេត​ឃើញ​ថា ឥទ្ធិពល​នៃ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ រួម​ទាំង​មនុស្ស​វ័យ​ជំទង់​អាយុ​ក្រោម ១៨ឆ្នាំ ក៏​ចាប់​ផ្ដើម​ទទួលទាន​គ្រឿង​ស្រវឹង​ដែរ។

កញ្ញា ហ៊ុំ ផល្លី៖ «និយាយ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្នឹង ពិត​ជា​ជះ​ឥទ្ធិពល​ខ្លាំង​មែនទែន ទៅ​លើ​បុគ្គល​គ្រប់​រូប​ដូច​ថា ឃើញ​រាល់​ថ្ងៃៗ ក្នុង​ជីវភាព​រាល់​ថ្ងៃៗ អ៊ីចឹង​ទៅ។ មិនមែន​ជះ​ឥទ្ធិពល​តែ​លើ​មនុស្ស​ចាស់​ទេ សូម្បី​តែ​ក្មេងៗ គាត់​ឃើញ​គាត់​ចង់​ដឹង​ចង់​ឃើញ​ថា វា​យ៉ាង​ម៉េច​វិញ​អ៊ីចឹង​ទៅ»

ពេល​និយាយ​ដល់​ឥទ្ធិពល​គ្រឿងស្រវឹង កញ្ញា ផល្លី នឹក​ឃើញ​កាល​ដែល​កញ្ញា​នៅ​ក្មេង​មនុស្ស​ចាស់​តែងតែ​ប្រើ​កញ្ញា​ឱ្យ​ទៅ​ទិញ​គ្រឿង​ស្រវឹង ដែល​គាត់​យល់​ថា នេះ​ជា​សកម្មភាព​មិន​ត្រឹមត្រូវ​ក្នុង​ការ​រុញ​កុមារ​ឱ្យ​ទៅ​ស្និទ្ធ​ជាមួយ​គ្រឿង​ស្រវឹង។

យុវជនម្នាក់​ទៀត នៅ​ក្នុង​ខេត្តកំពង់ធំ លោក ជ្រី បូរ៉ា លើក​ឡើង​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រប់​រូបភាព ពេល​បច្ចុប្បន្ន គឺ​សង្គម​ទាំង​មូល​កំពុង​តែ​ជំរុញ លើក​ទឹក​ចិត្ត​ឱ្យ​សាធារណជន​ទទួលទាន​គ្រឿង​ស្រវឹង។

លោក ជ្រី បូរ៉ា៖ «ការ​ផ្សព្វផ្សាយ​នេះ វា​ពិត​ជា​មាន​ឥទ្ធិពល បើ​យើង​សង្កេត​មើល​ទៅ បច្ចុប្បន្ន​នេះ មាន​ការ​ផ្សព្វផ្សាយ​ការ​លើក​ទឹក​ចិត្ត​ហ្នឹង​ច្រើន​ណាស់ ដូចជា រឿង​រង្វាន់​នេះ​មួយ ផឹក ១កំប៉ុង ត្រូវ​មួយ​កំប៉ុង ផឹក​ត្រូវ​ឡាន ត្រូវ​ម៉ូតូ ត្រូវ​អី​ផ្សេង។ អា​ហ្នឹង​វា​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​យុវជន​ហ្នឹង សប្បាយ​នឹង​ការ​ត្រូវ ១កំប៉ុង ២កំប៉ុង​ហ្នឹង»

យុវជន​ម្នាក់​ទៀត​នៅ​ក្នុង​ខេត្តពោធិ៍សាត់ លោក គ្រី គ្រឿន រំឭក​ដល់​អតីតកាល ដែល​រូប​គាត់ និង​យុវជន​ផ្សេង​ទៀត បាន​យក​គំរូ​ជា​ការ​ស្លៀកពាក់ ឬ ម៉ូត​សក់​តាម​តារា​ដែល​ពួក​គេ​ចូល​ចិត្ត។ ចំពោះ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង យុវជន​រូប​នេះ បញ្ជាក់​ថា ឱ្យ​តែ​តារា ដែល​ពួក​គេ​ចូល​ចិត្ត​ផ្សព្វផ្សាយ​ហើយ​ពួក​គេ​តែងតែ​ជ្រើសរើស​យក​មក​ទទួលទាន​ក្នុង​ពេល​ជួបជុំ​គ្នា​មិន​ថា រសជាតិ​ស្រា​នោះ​ពួក​គេ​ចូល​ចិត្ត ឬ​អត់​ទេ។

បច្ចុប្បន្ន យុវជន គ្រី គ្រឿន មានកូន២នាក់អាយុជាង១០ឆ្នាំកំពុងសិក្សានៅកម្រិតចំណេះដឹងទូទៅ។ គ្រឿន​បារម្ភ​ខ្លាំង​ខ្លាច​ឥទ្ធិពល​នៃ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅ​ពេល​បច្ចុប្បន្ន​នេះ ទាក់ទាញ​ឱ្យ​កូនៗ របស់​លោក​ឱ្យ​ធ្លាក់​ក្នុង​ការ​វក់​សេព​គ្រឿងស្រវឹង។

លោក គ្រី គ្រឿន៖ «ទាំង​នៅ​កញ្ចក់​ទូរទស្សន៍​នៅ​បណ្ដាញ​សង្គម​អី សុទ្ធតែ​តារា​ល្បីៗ ផ្សព្វផ្សាយ ហើយ​កូន​យើង​មើល​ទូរស័ព្ទ មើល​ទូរទស្សន៍​ឃើញ​តែ​គ្រឿង​ស្រវឹង។ ដល់​ពេល​ឃើញ​គ្រឿង​ស្រវឹង​ច្រើន​ជាង​ការ​ផ្សព្វផ្សាយ​ពី​ការ​អប់រំ ខ្ញុំ​បារម្ភ​ណាស់​កូន​ខ្ញុំ ព្រោះ​វា​នៅ​ក្មេង​ជា​វ័យ ដែល​ទទួល​បាន​នូវ​ទិដ្ឋភាព​ផ្សេងៗ ដល់​ពេល​គ្រឿង​ស្រវឹង​ផ្សព្វផ្សាយ​អ៊ីចឹង​ទៅ​ខ្ញុំ​ជា​ឪពុក​ហ្នឹង ខ្ញុំ​មាន​ការ​បារម្ភ​ខ្លាំង»

ក្រុម​យុវជន​ទាំង​នេះ បង្ហាញ​គោលបំណង​ដូច​គ្នា គឺ​ចង់​ឱ្យ​មាន​ច្បាប់​ហាម​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​គ្រប់​រូបភាព ឬ​ផ្សព្វផ្សាយ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​មួយ ដែល​មិន​អូសទាញ​ខ្លាំង​ឱ្យ​មហាជន​ធ្លាក់​ក្នុង​សភាព​វក់វង្វេង​ក្នុង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង។

នៅ​គ្រប់​ដង​ផ្លូវ​មិន​ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​តាម​ទីក្រុង​នានា ឬ នៅ​តាម​ជនបទ​ទេ គឺ​មាន​ការ​ដាក់​បដា​ផ្សព្វផ្សាយ​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​រំភើប​ក្នុង​ការ​ទទួលទាន​គ្រឿង​ស្រវឹង។ ក្រៅ​ពី​ផ្សាយ​តាម​ដង​ផ្លូវ នៅ​តាម​វិទ្យុ ទូរទស្សន៍ បណ្ដាញ​ទំនាក់ទំនង​សង្គម កម្មវិធី​កីឡា និង​ការ​ប្រគំ​តន្ត្រី​សុទ្ធតែ​មាន​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង។ ជា​លទ្ធផល​ការ​ទទួលទាន​គ្រឿងស្រវឹង​ក្លាយ​ជា​ផ្នត់​គំនិត​គិត​ថា មិន​អាច​ខ្វះ​បាន​ឬ ហៅថា ការ​មិន​ចេះ​ផឹកស៊ី ចូល​ចំណោម​ជាមួយ​គេ​មិន​ចុះ។

អ្នក​ជំនាញ​ផ្នែក​សុខភាព និង​ការ​អប់រំ​លោក​វេជ្ជបណ្ឌិត គួច ម៉េងលី សង្កេត​ឃើញ​ថា ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​បច្ចុប្បន្ន​មាន​គ្រប់​បែប​គ្រប់​ទម្រង់ ហើយ​មាន​ផ្សាយ​ទាំង​នៅ​ជិត​របង​សាលារៀន​ទៅ​ទៀត ដែល​អាច​ទាក់ទាញ​ចិត្ត​ដល់​កូន​សិស្ស​ក្នុង​វ័យ​សិក្សា។ លោក គួច ម៉េងលី ក៏​សង្កេត​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​អប់រំ​ខ្លះ​ហើយ​អំពី​ផល​ប៉ះពាល់​គ្រឿង​ស្រវឹង​នេះ ប៉ុន្តែ​លោក​ថា នៅ​មាន​កម្រិត​ទាប ដែល​ចាំបាច់​ត្រូវ​បង្កើន​ថែម​ទៀត។

លោក គួច ម៉េងលី៖ «យើង​គួរតែ​មាន​ច្បាប់​គេ​ហៅ​ថា ច្បាប់​ទំនើប​និយម ដែល​ជួយ​លើក​ស្ទួយ​សុខភាព​ប្រជាពលរដ្ឋ ជួយ​អប់រំ​ប្រជាពលរដ្ឋ ហើយ​ក៏​គួរតែ​កាត់​បន្ថយ​រឿងរ៉ាវ​ដែល​ប៉ះ​ទង្គិច​ដល់​សង្គម​ឱ្យ​ប្រជាពលរដ្ឋ​ត្រជាក់​ចិត្ត​ខ្លះ​ទាក់ទង​ទៅ​នឹង​ហិង្សា​ផឹក​ស្រវឹង​វាយ​ប្រពន្ធ​កូន ហិង្សា​ស្រវឹង​ស្រា​ពេល​បើកបរ បុក​ស្លាប់​គេ​គ្រោះថ្នាក់​ហ្នឹង​វា​សាហាវ​ពេក»

កម្ពុជា​ជា​ប្រទេស​មាន​ការ​ផ្សព្វផ្សាយ​ជំរុញ​ពលរដ្ឋ​ទទួលទាន​គ្រឿង​ស្រវឹង​ខ្លាំង បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិត​ខាង។ នៅ​ប្រទេស​ថៃ​មាន​ច្បាប់​ហាម​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​គ្រប់​រូបភាព​ទាំង​អស់។

ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​របស់​ថៃ​បង្កើត​ឡើង នៅ​ឆ្នាំ២០០៨ បាន​ហាម​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​គ្រប់​រូបភាព រួម​ទាំង​ការ​បង្ហាញ​និមិត្ត​សញ្ញា ឬ​សារ​អូសទាញ​ឱ្យ​មាន​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង។ នៅ​ក្នុង​ច្បាប់​នោះ ក៏​មាន​ពន្យល់​ពី​មូលហេតុ​ថា គ្រឿង​ស្រវឹង​ធ្វើ​ឱ្យ​ប្រជាជន​ខូច​សុខភាព​ផ្លូវ​កាយ ឬ​ចុះ​ខ្សោយ​ខួរក្បាល ខូច​សុខភាព​ផ្លូវ​ចិត្ត កើត​អំពើ​ហិង្សា គ្រោះថ្នាក់​ចរាចរណ៍ និង​បង្ក​ឱ្យ​មាន​ភាព​ក្រីក្រ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​អំពី​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ២រូប គឺ​លោក អ៊ុក គឹមសេង និង​លោក មាស សោភ័ណ្ឌ បាន​ទេ ដោយសារ​ទូរស័ព្ទ​លោក​ទាំង២ មិន​មាន​អ្នក​ទទួល។

របាយការណ៍​សិក្សា​រួម​គ្នា​របស់​អ្នក​ជំនាញ​នៅ​សកលវិទ្យាល័យ Oxford របស់​អង់គ្លេស និង សកលវិទ្យាល័យ​ប៉េកាំង (Peking) របស់​ចិន ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ២០១៩ បង្ហាញ​ថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល និង​ជំងឺ​ជាង ២០០ប្រភេទ​ផ្សេង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។