កូដករ​ណាហ្គាវើលដ៍​២​នាក់​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

ដោយ នៅ វណ្ណារិន
2022.11.14
Share on WhatsApp
Share on WhatsApp
កូដករ​ណាហ្គាវើលដ៍​២​នាក់​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កូដករណាហ្គាវើលដ៍ (NagaWorld) ជាស្ត្រីពីរនាក់ (ស្ត្រីស្ពាយកាបូប) បានចូលទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

ក្រុមកូដករ​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) ២នាក់​បានចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ ដែល​បាន​ប្ដឹង​ពួកគាត់​ថា បាន​រំលោភ​លំនៅ​ឋាន និង​បង្ខាំង​ដោយ​ខុស​ច្បាប់។ កូដករ​ណាហ្គាវើលដ៍ និង​មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​ឲ្យតុលាការ​ទម្លាក់ចោល​ការចោទ​ប្រកាន់​លើ​ពួកគាត់​ហើយ​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរពន្លឿន​បញ្ចប់​វិវាទ​ដោយ​យក​ច្បាប់​ការងារ​ជាគោល​ដើម្បី​លើក​កម្ពស់​សិទ្ធិការងារ​នៅ​កម្ពុជា។

Naga 1.jpg
កូដករណាហ្គាវើលដ៍ (NagaWorld) ដែលជាប់ចោទត្រៀមចូលខ្លួនឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

កូដករណាហ្គាវើលដ៍ (NagaWorld) ពីរនាក់ គឺ​កញ្ញា សុខ ថាវុធ និង​លោកស្រី នេត ចរិយា  ​ដែល​ជាប់​បណ្ដឹង​របស់ក្រុមហ៊ុន​ដោយសារ​ការតវ៉ា​អហិង្សា​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ដែល​អូសបន្លាយ​ពេល​ជិត​មួយ​ឆ្នាំ​នោះនៅថ្ងៃទី១៤ ខែវិច្ឆិកា បានចូលបំភ្លឺ​នៅចំពោះតុលាការ​តាមដីកា​កោះ​ហៅ។ ក្នុងពេល​ចូល​បំភ្លឺ​នេះ មានកូដករ​ប្រមាណ​ជិត​៦០​នាក់ បានប្រមូលផ្គុំគ្នា​ខាងមុខ​តុលាការ​ដើម្បី​ចូលរួម​ឃ្លាំមើល​និង​លើកទឹកចិត្ត​ដល់​អ្នក​ទាំង​ពីរ។ កូដករទាំងនោះ​បានឈរ​នៅផ្នែក​ម្ខាង​ផ្លូវ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​លើកបដា​សរសេរ​ថា «ខ្ញុំមក​ធ្វើជាសាក្សី​» ក្រោម​ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់​យ៉ាង​តឹងរឹង​ពី​អាជ្ញាធរ។

កូដករណាហ្គាវើលដ៏​ដែល​ចូល​បំភ្លឺ​កញ្ញា សុខ ថាវុធ ប្រាប់វិទ្យុអាស៊ីសេរី​ថ្ងៃទី១៤ ខែវិច្ឆិកា ថា កញ្ញា​បាន​ឆ្លើយ​បំភ្លឺ​និង​បដិសេធ​ការចោទ​របស់​ក្រុមហ៊ុន ដោយថា ពួកគាត់​មិន​បាន​រំលោភ​លំនៅ​ឋាន ឬ​បំពាន​ច្បាប់​ណាមួយ​ដូចជា​ការ​ចោទ​ប្រកាន់​របស់​ក្រុមហ៊ុន​នោះទេ។ កញ្ញាបន្តថា កូដករ​គ្រាន់​តែ​កាន់​បដាទាមទារ​នៅខាងក្រៅ​ក្រុមហ៊ុន​ហើយការ​អនុញ្ញាត​ឱ្យភ្ញៀវ​និង​បុគ្គលិក​ចេញ​ចូល​ក្នុង​ក្រុមហ៊ុន​នោះ​ គឺ​ជា​ការងារ​របស់​សន្តិសុខ​ក្រុមហ៊ុន។ កញ្ញា សុខ ថាវុធ បញ្ជាក់ថា ទោះមាន​ការ​កោះហៅ​បំភ្លឺពីតុលាការ​ប៉ុន្តែកញ្ញា​នៅតែ​បន្ត​សកម្មភាព​កូដកម្ម​ទាល់​តែ​មាន​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន៖

«ចង់​និយាយថា យើងអត់មាន​បាន​ធ្វើអ្វីខុសទេ ប៉ុន្តែ​បើសិន​ជា​តុលាការ​គេចោទ​ប្រកាន់​មក​យើង​ទាំង​បំពាន​ហាស​បង។ អ៊ីចឹង​មានអារម្មណ៍ថា ខកចិត្ត​តែម្ដង​ព្រោះច្បាប់​នៅកម្ពុជា​យើង​ខ្ញុំ​សង្ឃឹម​លើ​ច្បាប់​ទាំង​ស្រុង​ដែល​មាន​ចែង​នៅ​រដ្ឋធម្មនុញ្ញ​ច្បាប់​ធ្វើ​កូដកម្ម។ អ៊ីចឹង​បើសិន​ជា​ខាង​យើង​ធ្វើកូដកម្ម​ហើយ​គេ​ថា​យើង​ខុស​អាហ្នឹង​យើង​អត់​មាន​អ្វី​និយាយ ព្រោះយើង​អត់​មាន​ខុស​ផង។គ្រាន់តែ​មាន​អារម្មណ៍ថា ខកចិត្ត​បើ​សិន​ជា​សាលដីកា​ហ្នឹង​ចេញ​មក។ សង្ឃឹមថា លោកព្រះរាជអាជ្ញា​និង​មិន​ទម្លាក់​បន្ទុក​មកលើនាងខ្ញុំ​និង​ក្រុមកូដករ​ផ្សេងទៀត​ដែល​ត្រូវបាន​ក្រុមហ៊ុន​ចោទ​សង្ឃឹម​ថា​ គាត់​ផ្ដល់​យុត្តិធម៌​ដល់​ពួកនាង​ខ្ញុំ​ព្រោះពួកខ្ញុំ​អត់​មាន​កំហុស​អ្វីទេ»

Naga 4.jpg
កូដករណាហ្គាវើលដ៍ (NagaWorld) ជាច្រើននាក់បានទៅគាំទ្រនិងលើកទឹកចិត្តគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ចំណែក​កូដករណាហ្គាវើលដ៏​ម្នាក់​ទៀត​លោកស្រី នេត ចរិយា លើកឡើងថា ព្រះរាជអាជ្ញា​បាន​ចោទ​សួរ​ពាក់ព័ន្ធ​អង្គហេតុ​៣​ចំនុច ដែលភាគី​ក្រុមហ៊ុន​បាន​ប្ដឹង គឺពី​បទ «រំលោភលើ​លំនៅឋាន​ ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​និង​ចាប់​ឃុំឃាំង​និង​បង្ខាំង​ដោយ​ខុស​ច្បាប់ » ប៉ុន្តែ​លោកស្រី​បាន​បដិសេធ​នូវ​អ្វី​ដែល​ក្រុមហ៊ុន​ចោទ។ លោកស្រី ឲ្យដឹង​ថា ​នៅក្នុង​បន្ទប់​សាកសួរ​គាត់​បាន​ស្នើសុំ​អោយ​ព្រះរាជអាជ្ញា​បង្ហាញ​ភស្តុតាង​ដែល​ថា ខាង​ក្រុមហ៊ុន​មាន​វីឌីអូ​ចោទ ប៉ុន្តែ​មិន​មាន​ការ​បង្ហាញ​វីដេអូ​ភស្តុតាង​នោះ​ឡើយ។ លោកស្រីបន្តថា តុលាការ​បានសួរថា ការធ្វើកូដកម្មនេះ​មាន​មេក្រុម​បញ្ជា​និង​ចាត់តាំង​ដែរ​ទេហើយ​លោកស្រី​បាន​ឆ្លើយ​ថា ការធ្វើ​កូដកម្ម​គ្មានមេក្រុម​អ្វីនោះ​ទេ គឺ​ដើម្បី​ទាមទារ​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​បញ្ចប់​វិវាទ​ការងារ៖

«ខាងក្រុមហ៊ុន​គាត់កំពុង​តែបង្ហាញ​អំពីឆន្ទៈ​របស់ក្រុមហ៊ុន​នោះណា​យក​ប្រព័ន្ធ​តុលាការ​មកគំរាម​ពួកខ្ញុំ​ដែលជា​កម្មករ​ដែល​ឈរ​ទាមទារ​អ៊ីចឹង​ហាស​បង។ ព្រោះអីពួកខ្ញុំ​វារងភាព​អយុត្តិធម៌​មកវាច្រើនដែរ​ហើយ​ដល់​ពេល​ចុង​ក្រោយ​ទៅជាចេញ​ប្រព័ន្ធតុលាការ​មកចោទ​ពួកខ្ញុំ​ដែលជា​ជនរងគ្រោះ​ក្លាយទៅ​ជា​អ្នក​ទោស​វិញ​ហាស»

អយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ​បានចេញដីកា​អោយកូដករ​ណាហ្គាវើលដ៍​ជាស្ត្រី​ចំនួន​២​នាក់​ គឺកញ្ញា សុខ ថាវុធ និង​លោកស្រី នេត ចរិយ៉ា ចូលខ្លួនទៅឆ្លើយបំភ្លឺ​តាមដីកាកោះហៅ​លើកទី​២ របស់​ព្រះរាជអាជ្ញារង​លោក ឆាយហុង កាល​ពីថ្ងៃទី១៣ ខែវិច្ឆិកា  តាមបណ្ដឹង​របស់​ក្រុមហ៊ុន​ដែល​ប្ដឹង​ពួកគាត់​ពី​បទ «រំលោភលើលំនៅ​ឋាន​ ធ្វើឱ្យ​ខូចខាតដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​និង​ចាប់​ឃុំឃាំង​និង​បង្ខាំង​ដោយ​ខុស​ច្បាប់»។ មកទល់ពេលនេះ មានក្រុម​កូដករ​ចំនួន​៨​នាក់​ហើយ​ដែល​ទទួល​បាន​ដីកា​កោះហៅ​ពី​តុលាការ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោយសារការតវ៉ា​អហិង្សា​របស់ពួកគាត់​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ដែល​អូស​បន្លាយ​ពេល​ជិត​មួយ​ឆ្នាំ​នោះ។

ជុំវិញរឿងនេះ ប្រធាន​សហភាពសហជីពកម្ពុជា​លោក រ៉ុង ឈុន យល់​ឃើញ​ថា ការទាមទារ​របស់​បុគ្គលិក​ណាហ្គាវើលដ៏​ជា​រឿង​ស្របទៅ​តាម​នីតិវិធី​ច្បាប់។ លោកថា ការប្ដឹងរបស់​ក្រុមហ៊ុន​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ដល់​កូដករ​ព្រោះ​មិន​ចង់​រក​ដំណោះស្រាយ​បែរ​ជា​ប្ដឹង​បន្ថែម​ទៀត។ លោក​បន្តថា អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធគួរយកចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ចប់​បញ្ហា​ដល់​កូដករ កុំអោយ​បន្ត​អូសបន្លាយ​ដើម្បី​ស្តាមុខ​មាត់​កម្ពុជា​ទាក់ទង​ការគោរព​សិទ្ធិ​កម្មករ៖

«យើង​ដឹង​ហើយ ពួក​គាត់​ទទួល​រងគ្រោះ​មួយ​ជាន់​ហើយ​មួយ​ជាន់​ទៀត​បាទ។ ត្រូវបាននិយោជក​បំពានពួកគាត់​ហើយ​បណ្ដេញ​ពួកគាត់​ចេញ​ពីការងារ​ហើយ​មិន​បាន​ទទួល​ខុសត្រូវ​ក្នុង​គឺថា​ប្រាក់​សំណង​ទៅតាម​ផ្លូវ​ច្បាប់​មួយ​ជាន់​ទៀត​ថែម​ប្ដឹង​គាត់​ទៅ​តុលាការ​ថែម​ទៀត។ វាជារឿងមួយ​អយុត្តិធម៌​ហើយ​ក្រសួង​មាន​សមត្ថកិច្ច​ក៏​មិន​បាន​យក​ចិត្តទុក​ដាក់​អោយ​និយោជក​បំពាន​កម្មករ​តាម​តែ​អំពើ​ចិត្ត»

កូដករណាហ្គាវើលដ៍​ជាច្រើន​នាក់​ទៀត​អះអាង​ថា ពួកគាត់ បានទទួល​រងនូវភាព​អយុត្តិធម៌​និងការ​ធ្វើទុក្ខបុក​ម្នេញ​ផ្ទួនៗ​គ្នា។​ក្រុមហ៊ុន​ បាន​រំលោភ​សិទ្ធិ​និង​បញ្ឈប់​ពួកគាត់​ពី​ការងារ​ទាំង​បំពាន​ដែល​គេ​មើល​ឃើញ​ជា​ចេតនា​ចង់​រំលាយ​សហជីព។បន្ទាប់មកគ្រាន់​តែពួកគាត់​ចេញធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​តាមច្បាប់​ក៏ត្រូវ​បាន​ក្រុមហ៊ុន​និង​អាជ្ញាធរ ប្រើប្រាស់​កងកម្លាំង​ចាប់តំណាង​របស់​ពួកគាត់​ដាក់​ពន្ធនាគារ និងប្រើប្រាស់ហិង្សា​បង្ក្រាបវាយដំ​ទាត់ធាក់​លើ​អ្នក​ដែល​នៅបន្ត​ធ្វើកូដកម្ម​ឲ្យ​រងរបួស​ជា​បន្តបន្ទាប់​រហូតមាន​ស្ត្រី​កូដករ​ម្នាក់​រលូត​កូន​ក្នុង​ផ្ទៃ។ចុងក្រោយនេះ​បែរជា​ក្រុម​ហ៊ុន​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​ថែម​ទៀត។

Naga 2.jpg
កូដករណាហ្គាវើលដ៍ (NagaWorld) មកលើកទឹកចិត្តគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

កាលពីថ្ងៃទី២១ ខែតុលា សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ចាត់ទុកថា ការប្រើប្រាស់​ប្រព័ន្ធតុលាការ​មិនមែន​ជា​ដំណោះ​ស្រាយ​ពិត​ប្រាកដដែល​ធ្វើឲ្យកូដករ​បោះបង់​ការទាមទារ​សិទ្ធិការងារ​និង​យុត្តិធម៌​នៅក​ន្លែង​ការងារ​ឡើយ​ប៉ុន្តែ​ករណី​នេះកាន់តែបង្ហាញ​ពី​ការ​រំលោភសិទ្ធិការងារធ្ងន់ធ្ងរ​នៅក្នុង​ប្រទេសកម្ពុជា​គ្រប់​ទម្រង់។ សហជីពប្រចាំក្រុម​ហ៊ុនណាហ្គាវើលដ៏​នេះអំពាវនាវ​ឲ្យក្រុមហ៊ុន​ងាកមកគោរព​សេរីភាព​សហជីព​និងសិទ្ធិ​ការងាររបស់​កម្មករ​ដែលបានរួម​ចំណែក​យ៉ាងខ្លាំង​ធ្វើឲ្យ​ក្រុមហ៊ុន​រីកចម្រើន​រហូតមក​ដល់​បច្ចុប្បន្ននេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។