ពលរដ្ឋ​មួយ​​ចំនួន​​ត្អូញ​ត្អែរ​​រឿង​​ភ្លៀង​​​ជន់​លិច​​ផ្ទះ​ ក្រោយ​​ពេល​​​​រដ្ឋាភិបាល​​​​លុប​បឹង​​​

ដោយ សុជីវី
2021-09-08
Share
ពលរដ្ឋ​មួយ​​ចំនួន​​ត្អូញ​ត្អែរ​​រឿង​​ភ្លៀង​​​ជន់​លិច​​ផ្ទះ​ ក្រោយ​​ពេល​​​​រដ្ឋាភិបាល​​​​លុប​បឹង​​​ ទឹកលិចអគារសិក្សាឯកជនមួយនៅក្រុងតាខ្មៅខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

បញ្ហា​​ទឹក​ភ្លៀង​ជន់​លិច​ទី​​ក្រុង​ ក្លាយ​​ប្រធានបទ​ថ្មី​​​មួយ​ទៀត​ក្នុង​រដូវ​វស្សា​នេះ។ ទំហំ​នៃ​ការ​​ជន់​លិច​​​ក្រុង​ ក៏​កាន់​តែ​ធំ​ឡើង​ហូរ​ហៀរ​​​​លិច​ដល់​ក្រុង​តាខ្មៅ ​និង​លិច​​នៅ​​​ក្រុង​ព្រះសីហនុ​​ថែម​ទៀត​។​ ពលរដ្ឋ​រង​គ្រោះ​ពី​ការ​លិច​លង់​នេះ ​​​​​រិះគន់​​ថា ​​បណ្ដាល​មក​ពី​ការ​​លុប​បឹង​។

ពលរដ្ឋ​ម្នាក់ រស់​នៅ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញលោក ឃិន វន្នី កំពុង​បែរ​បន់​​ឲ្យ​មេឃ​ឈប់​ភ្លៀង។ លោក​បារម្ភ​ថា ​បើ​ភ្លៀង​នៅ​តែ​ធ្លាក់​មក​ទៀត បណ្ដាល​ឲ្យ​ទឹក​ក្នុង​​ស្ទឹង​ព្រែក​ត្នោត​ហក់​ឡើង​ខ្លាំង នឹង​ជន់​លិច​ផ្ទះ​អ្នក​ភូមិ​ដូច​ឆ្នាំ​មុន​ទៀត​​ជា​មិន​ខាន។ ទោះ​ជា​យ៉ាង​ណា​ ពលរដ្ឋ​រូប​នេះ​មិន​ហ៊ាន​​រិះគន់​ដល់​រដ្ឋាភិបាល​ឱ្យ​​ទទួល​ខុស​ត្រូវ​​ពី​ការ​លិច​លង់​នេះ​ទេ។ ប៉ុន្តែ លោក​​សំណូម​ពរ​ឲ្យ​អាជ្ញាធរ​​ពាក់ព័ន្ធ​​គិតគូរ​​បញ្ហា​បរិស្ថាន​ឡើង​វិញ​ និង​​ស្នើសុំ​​ឲ្យ​​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ឲ្យ​ទាន់​ពេល​វេលា ក្នុង​ករណី​ដែល​មាន​ការ​ជន់​លិច​ទៀត៖ «នៅ​តែ​មាន​ការ​បារម្ភ​ដែរ​បង ព្រោះ​អ្វី​ឃើញ​ថា ​ភ្លៀង​ប៉ុន្មាន​ថ្ងៃ​នេះ វា​អត់​ទាន់​មក។ បើ​មក​វា​អាច​លិច​លង់​​ព្រែក​ត្នោត​ដែរ។ ប៉ុន្មាន​ឆ្នាំ​នេះ​ទើប​តែ​លិច។ គេ​ធ្វើ​ផ្ទះ​ច្រើន ហើយ​លុប​បឹង​ លុប​បួរ​អ្វី​ណា»។

​​​ការ​ធ្លាក់​ភ្លៀង បណ្ដាល​មក​ពី​ព្យុះ​​ប៉ុន្មាន​ថ្ងៃ​នេះ បណ្ដាល​ឲ្យ​លិច​តំបន់​ខ្លះ​ ​ក្នុង​រាជធានី​ភ្នំពេញ និង​លិច​ខ្លាំង​ នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល។ ចំណែក​កម្ពស់​ទឹក​នៅ​តាម​​​អាង​ស្ដុក​​ទឹក​ជា​ច្រើន​ នៅ​​តាម​ខេត្ត​ជាប់​ព្រំដែន​ថៃ ក៏​កំពុង​ហក់​ឡើង​ខ្ពស់​ដែរ។

​ពលរដ្ឋ​​ម្នាក់​​ទៀត ជា​​ជាង​ជួសជុល​គ្រឿង​អេឡិចត្រូនិក​​​រ​នៅ​ក្រុង​តាខ្មៅលោក ទឹម សុខុន ឲ្យ​ដឹង​ថា​ ​ភ្លៀង​​តែ​មួយ​មេ កាល​ពី​ថ្ងៃ​ទី​៦ ខែកញ្ញា បាន​ជន់​លិច​ផ្លូវ​ជាតិ​លេខ​២១ និង​តំបន់​ក្នុង​ក្រុង​តាខ្មៅ រយៈ​២​ថ្ងៃ​​ទើប​តែ​ស្រក​អស់​។ លោក​ ចង់​ឲ្យ​អាជ្ញាធរ​រក​វិធី​រំដោះ​ទឹក​​ភ្លៀង​ចេញ​ពី​ក្រុង​តាខ្មៅ ឲ្យ​បាន​លឿន​ជាង​នេះ ព្រោះ​ការ​ជន់​​លិច​​បាន​​បណ្ដាល​ឲ្យ​​ខូច​ខាត​សម្ភារៈ និង​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ៖ «មើល​​លិច​ឡើង​ពីរ​យប់ បី​យប់​ហើយ​ វា​ស្រក​អត់​ទាន់​អស់​ទៀត។ អ្នក​រក​ស៊ី​បើ​មាន​ភ្លៀង​ញឹកញាប់​ពេក​​ដឹង​តែ​ជួប​(ការ​លំបាក​)​ហើយ។ របស់​យើង​សុទ្ធ​តែ​របស់​ត្រូវ​ទឹក​មិន​បាន​ណា ត្រូវ​ទឹក​ខូច»។

​​​​​​​​ពលរដ្ឋ​រូប​នេះ បន្ត​​ថា ​កាល​ពី​ដើម​មក​​ក្រុង​តាខ្មៅ​ មិន​ដែល​ជន់​លិច​ទឹក​ភ្លៀង​ទេ គឺ​​ទើប​តែ​​​​​លិច​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ។ កាល​ពី​ឆ្នាំ​២០២០​អង្គការ​​លីកាដូ បណ្ដាញ​យុវជន​កម្ពុជា​​(CYN) អង្គការ​សមធម៌ និង​អង្គការ​សមាគម​ធាង​ត្នោត បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​​ជន់​លិច​នៅ​ភាគ​ខាងត្បូង​​​រាជធានី​ភ្នំពេញ និង​​​ក្រុង​តាខ្មៅ ​បណ្ដាល​មក​ពី​ការ​ចាក់​ខ្សាច់​លុប​បឹង​ទំពុន ​និង​បឹង​ជើង​ឯក​​។ ក្រុម​អង្គការ​សមាគម​ទាំង៤ ព្រួយ​បារម្ភ​ថា ​ការ​​ចាក់​ខ្សាច់​លុប​​ផ្ទៃ​បឹង​ទាំង​២​នេះ​​ នឹង​បណ្ដាល​ឲ្យ​បឹង​​​លែង​មាន​សមត្ថភាព​​ស្ដុក និង​ច្រោះ​ទឹក​ស្អុយ ​​ហើយ​បង្ក​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ដល់​​បរិស្ថាន​ធ្ងន់ធ្ងរ តាម​រយៈ​ការ​បំពុល​ទឹក​ស្អុយ​ចូល​ក្នុង​​ទឹក​ទន្លេ​​បាសាក់ ដែល​នៅ​ក្បែរ​បឹង​។

​ការ​លុប​បឹង​ដើម្បី​អភិវឌ្ឍន៍​ដោយ​មិន​បាន​គិត​គូរ​ពី​បរិស្ថាន​នេះ កំពុង​តែ​ពេញ​និយម​​នៅ​តាម​ខេត្ត​ ក្រោយ​ពេល​ដែល​បឹង​នៅ​ភ្នំពេញ ត្រូវ​បាន​ចាក់​ដី​លុប​បាត់​រូប​រាង​​ស្ទើរ​តែ​គ្រប់​បឹង​ទៅ​ហើយ។ នៅ​ឯ​ខេត្ត​ព្រះសីហនុ ក្បែរ​សមុទ្ទ​ ដែល​​វិនិយោគិន​ចិន​កំពុង​តែ​សាង​សង់​អគារ​​ពាស​ពេញ​ក្រុង​នោះ ក៏​ប្រឈម​ការ​ជន់​លិច​ធ្ងន់ធ្ងរ​​ដែរ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ។

​កាល​ពី​ថ្ងៃ​ទី​២៥ ខែសីហា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ប្រកាស​ថា​ មាន​ពលរដ្ឋ​ម្នាក់​ អាយុ​ ៤០ ​ឆ្នាំ​​ស្លាប់​ ដោយ​ត្រូវ​ទឹក​ភ្លៀង​ជន់​ហូរ​កួច​​យក​ទៅ​បាត់ ​នៅ​ចំណុច​អូរ​៥ ភូមិ​៥ សង្កាត់​លេខ​៤។ ជាមួយ​គ្នា​នោះ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ត្រូវ​​ទឹក​ជន់​លិច​ខូច​ខាត​ទ្រព្យ​សម្បត្តិ​អស់​ជា​ច្រើន​។

កម្មករ​រោងចក្រ​​ម្នាក់នៅ​​ខេត្ត​ព្រះសីហនុលោក ពេជ្រ ពិសិដ្ឋ អះអាង​ថា​ កន្លង​មក​ក្រុង​ព្រះសីហនុ​ មិន​ដែល​មាន​ជំនន់​​ទឹក​ភ្លៀង​លិច​ធ្ងន់ធ្ងរ​នោះ​ទេ​ គឺ​ទើប​តែ​លិច​​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ការ​លុប​បឹង​អភិវឌ្ឍន៍​ទីក្រុង​។ ពលរដ្ឋ​រូប​នេះ មិន​ជំទាស់​នឹង​ការ​​អភិវឌ្ឍន៍​ទេ ប៉ុន្តែ​លោក​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ដល់​សុខទុក្ខ​របស់​ពលរដ្ឋ​ផង ព្រោះ​នៅ​ពេល​លិច​លង់​ម្ដងៗ ពួកគាត់​ខាត​បង់​ទ្រព្យ​សមត្តិ និង​លំបាក​ខ្លាំង​ណាស់​៖ «ភ្លៀង​តែ​មួយ​យប់​មួយ​ថ្ងៃ រើ​ចោល​អស់​។ បើ​ហ៊ាន​(ភ្លៀង​)​តែ​មួយ​យប់​មួយ​ថ្ងៃ​ជាប់​គ្នា ដឹង​តែ​លិច​ហើយ​។ និយាយ​រួម​ទៅ បើ​និយាយ​រឿង​រើ​ឥវ៉ាន់​ហ្នឹង​​ បើ​ទាន់​អា​ហ្នឹង​ទាន់​ បើ​មិន​ទាន់​មិន​ដឹង​យក​ទៅ​ដាក់​ឯណា​ បើ​ផ្ទះ​លិច​អស់​ហើយ។ ផ្ទះ​គេ​ជិត​ៗ​ហ្នឹង​ក៏​លិច​អស់​ដែរ ហើយ​យើង​មិន​ដឹង​រើ​ទៅ​ណា មាន​តែ​ដាក់​លើ​ធ្នើរ​ មិន​ដឹង​យក​ទៅ​ណា»។

ជុំវិញ​ការ​រិះគន់​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន​ និង​អ្នក​នាំ​​ពាក្យ​សាលា​ខេត្ត​មួយ​ចំនួន​បាន​ឡើយ​ នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា​។ តែ​យ៉ាង​ណាលោក ផៃ ស៊ីផាន និង​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ លោក សាយ សំអាល់ ​ធ្លាប់​អះអាង​ថា​ ការ​ជន់​លិច​ក្រុង​មិន​មែន​បណ្ដាល​មក​ពី​​ការ​លុប​បឹង​ទេ គឺ​បណ្ដាល​មក​ពី​​ស្ទះ​លូ ឬ​​ប្រព័ន្ធ​មិន​​គ្រប់គ្រាន់ និង​មក​ពី​​ភ្លៀង​ធ្លាក់​ច្រើន​ពេក​​

បន្ថែម​ពី​នេះ ​រដ្ឋាភិបាល មិន​បាន​បង្អន់​ដៃ​ក្នុង​ការ​លុប​បឹង​ទេ។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ​នៅ​តែ​​​បញ្ជា​​ឲ្យ​​លុប​ផ្ទៃ​បឹង​​​​ធំ​ ២ ​ចុង​ក្រោយ​នៅ​រាជធានី​ភ្នំពេញ គឺ​បឹង​តាមោក និង​​បឹង​ទំពុន ឬ​បឹង​ជើងឯក ជា​បន្ត​បន្ទាប់​។​

​​សង្គម​ស៊ីវិល ដែល​​ធ្លាប់​ធ្វើការ​សិក្សា​កន្លង​មកបារម្ភ​ថា ​ការ​បន្ត​លុប​បឹង​​អភិវឌ្ឍន៍​ដោយ​មិន​បាន​គិតគូរ​ពី​បរិស្ថាន​ នឹង​បណ្ដាល​ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​ទីក្រុង ​​រង​គ្រោះ​ពី​ទឹក​ភ្លៀង​កាន់​តែ​ខ្លាំង​។

​​​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌លោក អៀង វុទ្ធី ប្រាប់​អាស៊ី​សេរី​​នៅ​ថ្ងៃ​ទី​៨​ ខែកញ្ញាថា ​​ការ​លុប​បឹង​ទើប​ជា​បញ្ហា​​ផ្ទាល់​​ដែល​បណ្ដាល​ឲ្យ​ច្រាល​ចេញ​​ពី​​ទីតាំង​ស្ដុក​ និង​លូ ហូរ​មក​ដក់​នៅ​តាម​ថ្នល់ និង​ហូរ​ចូល​ផ្ទះ​ពលរដ្ឋ។ លោក​បន្ត​ថា​​ ការ​លុប​បឹង​​ក្នុង​ក្រុង​កន្លង​មក កំពុង​ជះ​ផល​អវិជ្ជមាន​​ធ្ងន់ធ្ងរ​ត្រឡប់​មក​​​អ្នក​រស់​នៅ​ទីក្រុង​វិញ​​​។

តំណាង​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​​ការ​លុប​បឹង​ទាំង​អស់ ទាំង​នៅ​ក្នុង​ក្រុង និង​នៅ​ក្រៅ​ក្រុង ដើម្បី​​​ទុក​ជា​ទីតាំង​ស្ដុក​ទឹក​ភ្លៀង និង​ត្រូវ​ស្ដារ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ឲ្យ​មាន​សមត្ថភាព​បង្ហូរ​ទឹក​ចេញ​ពី​ក្រុង​ឲ្យ​បាន​លឿន​៖ «ហើយ​យើង​ឃើញ​ថា ​អាច​នឹង​ប្រឈម​ទៅ​មុខ ​យើង​ឃើញ​មាន​ការ​អភិវឌ្ឍន៍​ទន្លេ។ ការ​លុប​ទន្លេ លុប​អ្វី​ជា​ដើម។ អ៊ីចឹង​ធ្វើ​ឲ្យ​អា​ផ្ទៃ​ទឹក​ទន្លេ​ហ្នឹង​វា​រួម​តូច​ ធ្វើ​ឲ្យ​លំហូរ​ទឹក​ពី​តំបន់​ផ្សេងៗ​ ក្នុង​រាជធានី​ភ្នំពេញ​ហ្នឹង នឹង​អាច​រាំងស្ទះ​ ហើយ​ចាល់​។ ពី​មុន​មាន​លិច​ដែរ ប៉ុន្តែ​វា​មិន​យូរ​អ៊ីចឹង​ទេ​ណា។ អ៊ីចឹង​សង្ឃឹម​ថា​ ការ​ជន់​លិច​នេះ​នឹង​មាន​ការ​ដោះស្រាយ​ឲ្យ​បាន​ប្រសើរ»។

​អង្គការ​សមាគម​ធាងត្នោត ​​បាន​ចេញ​ផ្សាយ​របាយការណ៍ ​២៥ ទំព័រ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩ រក​ឃើញ​ថា​​ ចាប់​តាំង​ពី​ឆ្នាំ១៩៩០​មក ​ភ្នំពេញ​មាន​បឹង​ធម្មជាតិ​ចំនួន​២៦​បឹង​ ​តែ​ត្រូវ​​​បាន​​ចាក់​លុប​​បឹង​បាត់​រូបរាង​ទាំងស្រុង​​​អស់​ ១៦ ​បឹង​ហើយ​។​ ​ឯ​បឹង​ធម្មជាតិ​ចំនួន​ ១០​ទៀត​ ត្រូវ​បាន​លុប​ផ្នែក​​ខ្លះៗ ឬ​អាច​ត្រូវ​ប្រឈម​ការ​លុប​ទាំង​ស្រុង នៅ​ពេល​ខាង​មុខ​​។ ការ​លុប​បឹង​ទាំង​នោះ ​ដើម្បី​អភិវឌ្ឍន៍​សាងសង់​​ជា​ទីក្រុង​រណប បុរី​ លំនៅឋាន​ និង​ផ្ទះ​ល្វែង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល