អ្នកឃ្លាំមើល​រិះគន់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ថា ស៊ើប​អង្កេត​តែ​ករណី​តូចតាច

ដោយ សេក បណ្ឌិត
2024.05.11
អ្នកឃ្លាំមើល​រិះគន់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ថា ស៊ើប​អង្កេត​តែ​ករណី​តូចតាច ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ទៅ​កាន់​ក្រុម​យុវជន​ក្នុង​កម្មវិធី​ប្រកាស​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​ខ្សែ​អាត់​សំឡេង​ដែល​គេ​ចោទ​ថា ជា​សំឡេង​របស់​លោក កឹម សុខា ជាមួយ​ស្រី​កំណាន់ នៅ​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១៦។
RFA File

អ្នកឃ្លាំមើល​លើកឡើង​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​លើ​តែ​រឿង​ពុករលួយ​តូចតាច និង​គ្មាន​ឆន្ទៈ​ក្នុង​ការ​ត្រួតពិនិត្យ លើ​ករណី​អំពើពុករលួយ​ធំៗ ដែល​ព្រឹត្តិ​ដោយ​មន្ត្រី​កំពូលៗ​។ ការ​រិះគន់​បែបនេះ បន្ទាប់​ពី ACU ឃាត់ខ្លួន​គ្រូបង្រៀន​២​នាក់ និង​មន្ត្រី​ក្រសួង​ផែនការ​ម្នាក់ ក្នុង​ករណី​រត់​ការ​យក​មនុស្ស​ចូល​ក្របខ័ណ្ឌ​គ្រូបង្រៀន និង​តាម​ក្រសួង​ស្ថាប័ន ហើយ​ត្រូវ​សារព័ត៌មាន​ក្នុងស្រុក យក​ទៅ​ផ្សព្វផ្សាយ​បន្ត។

ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១០ ខែ​ឧសភា ថា ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ឬ​ACU បង្កើត​ឡើង​ដើម្បី​ការពារ​អំពើពុករលួយ​ឱ្យ​គ្រួសារ​អ្នក​មាន​អំណាច ព្រោះ​លោក ឱម យ៉ិនទៀង ដែល​ជា​អ្នកដឹកនាំ​ស្ថាប័ន​មួយ​នេះ គឺជា​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន​។ លោក ម៉ន ផល្លា បន្ត​ថា កត្តា​ទាំងនេះ​ហើយ ដែល​ធ្វើ​ឱ្យ​ACU ស្រាវជ្រាវ​តែ​ទៅលើ​ករណី​កំប៉ិកកំប៉ុក ខណៈ​គ្រួសារ និង​បក្ខពួក​មន្ត្រី​កំពូលៗ ដូច​ករណី​លោក ហ៊ុន សែន ដែល​យក​លុយ​ឱ្យ​តារាចម្រៀង អ្នកសារព័ត៌មាន និង​ពាក់​នាឡិកា​ដៃ​ដាំ​ពេជ្រ នោះ​ACU​បែរ​ធ្វើជា​មើល​មិន​ឃើញ​ទៅ​វិញ។

លោក ម៉ន ផល្លា៖ «លោក ហ៊ុន សែន តើ​មាន​ប្រាក់ខែ​ប៉ុន្មាន​ដើម្បី​ចាយ ទិញ​នាឡិកា​ដៃ ដែល​មាន​តម្លៃ​រហូតដល់​រាប់​លាន​ដុល្លារ​នោះ​។ ហើយ​ប្រាក់ខែ​ប៉ុន្មាន ហ៊ាន​ជួល​មនុស្ស ជា​តារា​ចម្រៀង រហូត​ទៅដល់​រាប់​សិប​ម៉ឺន​ដុល្លារ រាប់​លាន​ដុល្លារ​នោះ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហ្នឹង គួរតែ​ចាត់​វិធានការ​ស៊ើបអង្កេត​មុន​គេ មិនមែន​ធ្វើ​ព្រងើយ​កន្តើយ​អ៊ីចឹង​ទេ»

ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ស្រាវជ្រាវ និង​ចាប់ខ្លួន​គ្រូ​បង្រៀន ២​នាក់ និង​មន្ត្រី​ក្រសួងផែនការ​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​រត់​ការ​ចូល​ក្របខ័ណ្ឌ​គ្រូបង្រៀន និង​តាម​ក្រសួង​ស្ថាប័ន​ផ្សេង​ទៀត នៅ​ថ្ងៃទី​០៩ ខែ​ឧសភា​។​

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី​១០ ខែ​ឧសភា។

លោក សយ ច័ន្ទវិចិត្រ ឱ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៤ អាណត្តិ​ទី​៣ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​០៦ ខែ​ឧសភា ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​សម្រេច​លើ​ពាក្យបណ្ដឹង សរុប​ចំនួន ៥៥ កសាង​សំណុំរឿង ១​ករណី បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​បទល្មើស សមគំនិត បំផ្លាញ និង​ជលផល និង​ទទួល​មន្ត្រី​ចំនួន ១៩០​នាក់ មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល។

ទោះជា​បែបនេះ​ក្ដី មន្ត្រី​បក្ស​ប្រឆាំង យល់​ឃើញ​ថា លទ្ធផល​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នេះ គឺជា​ករណី​តូចតាច និង​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ និង​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការ​ប្រឆាំង​អំពើពុករលួយ​នោះ​ឡើយ ខណៈ​តម្រុយ​នៃ​ការ​ស៊ើប​អង្កេត​អំពើពុករលួយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាក់ដឹកនាំ​កំពូល ដែល​បាន​បែកធ្លាយ​ហើយ បែរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មើល​រំលង​ទៅវិញ។

ជាក់ស្ដែង កាល​ពី​ថ្ងៃ​ទី២៣ ខែ​មេសា មានរឿង​បែកធ្លាយ​មួយ​របស់​អ្នកចម្រៀង លោក សាពូន មីដាដា ដែល​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុ​ក ថា កាលពី​ជាង ១១ ឆ្នាំមុន អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ផ្ដល់​លុយ​ចំនួន ៦​លាន ៧​សែន​ដុល្លារ ព្រមទាំង​ផ្ទះ​វិឡា នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ ឡាន ហើយ​ខ្សែក ៥​តម្លឹង ស្រោប​ពេជ្រ ១២​កា​រ៉ា​ត ដល់​លោក​និង​គ្រួសារ​។ ឆ្លើយតប​ទៅ​នឹង​រឿង​នេះ លោក ហ៊ុន សែន សារភាព​ថា បាន​ដល់​លុយ​ឱ្យ​លោក សាពូន មីដាដា ពិត​ប្រាកដ​មែន ប៉ុន្តែ​លោក​ប្រាប់​ថា ឱ្យ​ចំនួន ៣០​ម៉ឺន​ដុល្លារ​។ ទោះបីជា​រឿងរ៉ាវ​បាន​ផុស​ត្រដែត​ឡើង​ច្បាស់ៗ ហើយក៏​ដោយ ក៏​លោក ឱម យ៉ិនទៀង មិន​បាន​ដឹកនាំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​រឿង​នេះ​ឡើយ។

ក្រៅ​ពី​នេះ លោក ឱម យ៉ិនទៀង ដែល​ជា​ប្រធាន​ACU ក៏​ធ្លាប់​ឈ្លោះ​ជាមួយ​អ្នកសារព័ត៌មាន ក្នុង​គោល​បំណង​ជួយ​បិទបាំង​រឿង​ពុករលួយ​ឱ្យ​លោក ហ៊ុន សែន ផងដែរ កាលពី​ឆ្នាំ​២០១៧ នៅ​ពេល​ដែល​អ្នកសារព័ត៌មាន ខ​ល​ទៅ​សម្ភាស​លោក ដើម្បី​សុំ​ការ​បកស្រាយ ថា​តើ​ACU នឹង​បើក​ការ​ស៊ើបអង្កេត​ដែរឬទេ លើ​ករណី​លោក ហ៊ុន សែន ឱ្យ​លុយ ១​លាន​ដុល្លារ ដល់​អតីត​សកម្មជន​បក្ស​ប្រឆាំង គឺ​លោកស្រី ធី សុវណ្ណថា ជា​ថ្នូរ​ឱ្យ​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះជាតិ។

ទាក់ទិន​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ លើកឡើង​ថា លោក​កម្រ​ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​ទៅលើ​មន្ត្រី​ធំៗ​នោះ​ទេ ដោយ​ស្ថាប័ន​មួយ​នេះ ច្រើនតែ​អនុវត្ត​តែ​ទៅលើ​មន្ត្រី​នៅ​ក្រៅ​រដ្ឋាភិបាល​។ លោក​យល់​ឃើញ​ថា ការ​ជ្រើសរើស​អ្នកគ្រប់គ្រង​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ឯករាជ្យ ហើយ​អ្នក​កាន់​តួនាទី​នេះ​ត្រូវ​មាន​សមត្ថភាព និង​ការ​តាំង​ចិត្ត​បម្រើ​ប្រយោជន៍​សាធារណៈ។

លោក សេក សុជាតិ៖ «ឱ្យ​គាត់​បំពេញបេសកកម្ម​របស់​គាត់​ស្រប​ទៅ​នឹង​អ្វី​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​។ ទោះបីជា​បុគ្គល​ណាក៏ដោយ​ក៏​មិន​មាន​ឥទ្ធិពល ឬក៏​មិន​មាន​ស្ថាប័ន​ណាមួយ​ទៅ​គ្របដណ្ដប់​ទៅលើ​ការងារ​ពួកគាត់​ដែរ ព្រោះ​ពួកគាត់​ត្រូវ​ឈរ​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​ដាច់​ដោយឡែក ដើម្បី​ផ្ទៀងផ្ទាត់​រាល់​ទង្វើ និង​សកម្មភាព​របស់​បុគ្គល ឬក៏​មន្ត្រី​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាប័ន​កំពូលៗ តាំងពី​ថ្នាក់​លើ រហូតដល់​ថ្នាក់ក្រោម អាហ្នឹង​ទើប​អាច​ដោះស្រាយ​បាន»

មន្ត្រី​គណបក្សប្រឆាំង លើកឡើង​ថា ដើម្បី​ជំរុញ​ឱ្យ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បំពេញ​តួនាទី​ខ្លួន​ឱ្យ​បាន​ល្អ លុះត្រាតែ​ប្ដូរ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នេះ​ចេញ និង​ជំនួស​មកវិញ​ដោយ​អ្នក​អព្យាក្រឹត្យ ឯករាជ្យ និង​មិន​ចំណុះ​ឱ្យ​បក្ស​កាន់អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។