ពលរដ្ឋ​មិន​រំពឹង​ថា អាជ្ញាធរ​​ច្រកព្រំដែន​នឹង​សម្រួល​ការ​ឆ្លង​ដែន ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ឡើយ

ដោយ ហ៊ុំ ចំរើន
2024.03.16
ពលរដ្ឋ​មិន​រំពឹង​ថា អាជ្ញាធរ​​ច្រកព្រំដែន​នឹង​សម្រួល​ការ​ឆ្លង​ដែន ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ឡើយ ពលករ​ខ្មែរ​អង្គុយ​តម្រង់​ជួរ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ឡែម​ខាង​ទឹក​ដី​ថៃ រង់ចាំ​ឆ្លង​ដែន​ចូល​ច្រក​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ២០១៩ ត្រឡប់​មក​លេង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។
រូបថត៖ ពលករផ្ដល់ឱ្យ

ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​លើកឡើង​ថា ពួកគាត់​មិន​រំពឹង​មន្ត្រី​នៅ​តាម​ច្រកព្រំដែន នឹង​សម្រួល​ឱ្យ​ពលករ ឆ្លងដែន​មក​កម្ពុជា​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នា​ខែ​មេសា​ខាងមុខ តាម​ការណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ណែនាំ​របស់​នាយក​រដ្ឋមន្ត្រី​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ ដរាបណា​គ្មាន​ការ​ដាក់​បទបញ្ជា​ម៉ឺងម៉ាត់។

ស្រប​ពេល​ដែល​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ឈាន​ចូល​មកដល់​នៅ​ខែមេសា​ខាងមុខ​នេះ ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ គ្មាន​ជំនឿ​ថា មន្ត្រី​នៅ​តាម​ច្រក​ព្រំដែន​នឹង​ផ្លាស់ប្ដូរ​ឥរិយាបថ និង​ទម្លាប់​ទារ​លុយ​ពី​ពលរដ្ឋ​ដែល​ឆ្លងដែន​ចូល​មក​ប្រទេស​កំណើត​វិញ​នោះ​ឡើយ។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ លោក ប៉ែន ប៊ុនផន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៦ ខែមីនា ថា លោក​គ្មាន​ជំនឿ​លើ​ការណែនាំ​របស់​លោក ហ៊ុន ម៉ាណែត ឡើយ ព្រោះ​ឆ្នាំ​កន្លងទៅ​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ក៏​ធ្លាប់​ណែនាំ​បែប​នេះ​ដែរ ប៉ុន្តែ​មន្ត្រី​នៅ​តាម​ច្រកព្រំដែន​មិន​អនុវត្ត​តាម ដោយ​នៅតែ​ជំរិត​យក​លុយ​ពី​ពលរដ្ឋ​ដូចដើម និង​គ្មាន​ការ​បន្ធូរបន្ថយ​ឡើយ​។ លោក​យល់​ឃើញ​ថា ការណែនាំ​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​នេះ គឺ​ធ្វើ​ឡើង​ឱ្យ​តែ​ល្អមើល ល្អ​ស្ដាប់​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ពលរដ្ឋ​តែប៉ុណ្ណោះ។

លោក ប៉ែន ប៊ុនផន៖ «មន្ត្រី​ថ្នាក់ក្រោម​គាត់​មិនបាន​អនុវត្ត​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​មក​ឱ្យ​បន្ធូរបន្ថយ​សម្រាប់​ពលករ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដែល​គាត់​មក​ធ្វើការ​នៅ​ប្រទេស​គេ​ហើយ ជួប​ការ​លំបាក​ហើយ ដល់​ពេល​មន្ត្រី​ខ្មែរ​យើង​មាន​ការ​ជំរិត​អី​អ៊ីចឹង​ទៀត ពួកគាត់​ភាគច្រើន​គាត់​តូចចិត្ត គាត់​មិន​ពេញចិត្ត មិន​សប្បាយចិត្ត ដោយសារ​ឃើញ​មន្ត្រី​ខ្លួនឯង​មក​ជំរិត​លើ​ពួកគាត់​អ៊ីចឹង»

ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី១៥ ខែមីនា បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួងទេសចរណ៍ សហការ​ជាមួយ​អាជ្ញាធរ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ស្វាគមន៍​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រឡប់​មក​ស្រុកកំណើត ក៏ដូចជា​ការ​ពង្រឹង​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បរទេស ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខ។

កាល​ពី​រដូវ​ចូល​ឆ្នាំ​ថ្មី​នៅ​ឆ្នាំ​២០២៣ កន្លងទៅ ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​នាំគ្នា​វិល​ត្រលប់​ចូល​មក​ប្រទេស​កម្ពុជា វិញ​រាប់​ពាន់​នាក់ ជាហេតុ​ធ្វើ​ឱ្យ​មាន​ការ​កកស្ទះ​នៅ​តាម​ច្រក​សំខាន់ៗ មួយ​ចំនួន ដូចជា​ច្រក​ប៉ោយប៉ែត ច្រក​បានឡែម ស្ថិត​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង និង​ច្រក​អូរស្មាច់ ស្ថិត​ក្នុង​ខេត្ត​ឧត្តរមានជ័យ ជាដើម​។ ការ​កកស្ទះ​នេះ បាន​បង្ខំ​ឱ្យ​ពលករ​ខ្មែរ​មួយ​ចំនួន ត្រូវ​ដេក​រង់ចាំ​វាយ​ត្រា​លើ​ឯកសារ​នៅ​ច្រកព្រំដែន ដោយ​ពួកគាត់​ត្រូវ​ចំណាយ​ទៅ​ឱ្យ​មន្ត្រី​អន្តោប្រវេសន៍ ក្នុង​ម្នាក់ៗ យ៉ាងតិច ១​ពាន់ ២​រយ​បាត ឬ​ប្រមាណ ៤០​ដុល្លារ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អគ្គនាយក​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ លោក សុខ វាសនា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៦ ខែ​មីនា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​ត្រូវ​ចុច​បិទ។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ឌិន ពុទ្ធី យល់ឃើញ​ថា ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ការ​ឆ្លង​ដែន​របស់​ពលករ​ខ្មែរ ដើម្បី​ទៅ​ស្រុក​កំណើត ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី គឺ​ជា​ឱកាស​ដ៏​សំខាន់ របស់​មន្ត្រី​អន្តោប្រវេសន៍​តាម​ច្រកព្រំដែន ក្នុង​ការ​ទារ​លុយ​ពី​ពលករ និង​ការ​ដំឡើង​ថ្លៃ​សេវា​ដឹកជញ្ជូន​ជាដើម។ លោក​បន្ត​ថា ជា​ជាង​ការណែនាំ​ដោយ​ប្រយោល ថ្នាក់​ដឹកនាំ គួរ​ដាក់​បទ​បញ្ជា​ម៉ឺងម៉ាត់ ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ស៊ើបអង្កេត​អំពើពុករលួយ នៅ​តាម​ច្រកព្រំដែន និង​អប់រំ​ដល់​មន្ត្រី​អន្តោប្រវេសន៍ ឱ្យ​មាន​ក្រម​សីលធម៌ និង​សុចរិត​ភាព ក្នុង​ការ​អនុវត្ត​ការងារ។

លោក ឌិន ពុទ្ធី៖ «ជាទូទៅ​មិនមែន​មានតែ​មួយចំនួន​ទេ គឺ​ភាគច្រើន​តែម្ដង ស្ទើរតែ​ទាំងអស់​ហ្នឹង នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ ក៏ដូចជា​ច្រករបៀង​តូចៗ ហ្នឹង ដូចគ្នា​ទេ​។ ព្រោះ​ពួកគាត់​(​ពលករ​)​ចេញ​ទៅ​សុទ្ធតែ​អស់​លុយ​។ អ៊ីចឹង​មាន​ន័យ​ថា ពលរដ្ឋ​យើង​រងគ្រោះ​ទុក្ខ​ជាន់​លើ​ទុក្ខ នៅក្នុង​ស្រុក​រក​ការងារ​ធ្វើ​មិន​បាន ចេញ​ទៅ​ស្រុក​ក្រៅ​រក​ការងារ​ធ្វើ មក​ព្រំដែន​គេ​ចាប់ជំរិត​យក​លុយ​ទៀត»

កន្លង​មក មន្ត្រី​ប្រចាំការ​តាម​ច្រកព្រំដែន​តែងតែ ទទួលរង​ការរិះគន់​ពី​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការ​សួររក​ឯកសារ ដើម្បី​ទារប្រាក់​ពី​ពលករ និង​ការ​យក​ថ្លៃ​សេវា​លើ​ឯកសារ​លើស​ពី​តម្លៃ​កំណត់​ជាដើម​។ ជាក់ស្ដែង កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ការ​បែកធ្លាយ​ឯកសារ និង​សំឡេង​ប្រកែក​គ្នា​របស់​មន្ត្រី​ផ្នែក​ធ្វើ​លិខិត​ឆ្លងដែន ប្រចាំ​ខេត្ត​បាត់ដំបង នៅ​លើ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​រឿង​ចែក​លុយ​គ្នា​មិន​ស្មើ បន្ទាប់ពី​ពួកគេ​ប្រមូល​បាន​ពី​ការ​ធ្វើ​លិខិតឆ្លងដែន ដោយ​យក​លើស​តម្លៃ​កំណត់​ចំនួន ១៥​ដុល្លារ នៅ​ក្នុង​លិខិតឆ្លងដែន​មួយ​ក្បាល​។ នៅក្នុង​តារាង​បែកធ្លាយ បាន​បង្ហាញ​ពី​ការបែងចែក​លុយ​ចំនួន​ជិត ៥០​លាន​រៀល ឬ​ប្រហែល​ជាង ១​ម៉ឺន​២​ពាន់​ដុល្លារ ឱ្យទៅ​មន្ត្រី​ថ្នាក់លើ ២​នាក់ និង​មន្ត្រី​ថ្នាក់ក្រោម ១៥​នាក់ ដោយ​ក្នុង​ម្នាក់ៗ ទទួល​បាន​លុយ​ជាង ២​លាន​រៀល ឬ ៦​រយ​ដុល្លារ។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​សេវា​រថយន្តក្រុង​សាធារណៈ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ដល់​ពួកគាត់ និង​ពង្រឹង​លើ​ផ្នែក​សីលធម៌ និង​របៀប​ធ្វើ​ការ​ក្នុង​រដ្ឋបាល​របស់​មន្ត្រី​តាម​ច្រកព្រំដែន ដើម្បី​កុំឱ្យ​ពួកគេ​ប្រព្រឹត្ត​អំពើពុករលួយ​បាន​តាម​ទំនើងចិត្ត ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ក្នុង​ពេល​មាន​ពិធី​បុណ្យជាតិ​សំខាន់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។