សង្គមស៊ីវិល និងយុវជនជំរុញរដ្ឋាភិបាលពង្រឹងគុណភាពអប់រំដើម្បីការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការប្រកួតប្រជែង
2023.03.27

សង្គមស៊ីវិល និងអ្នកជំនាញជំរុញដល់រដ្ឋាភិបាលលោក ហ៊ុន សែន ពង្រឹងគុណភាពអប់រំ ទើបកម្ពុជា មានធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបាន។ សំណើនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន អះអាងថា ការបណ្តុះបណ្តាលសម្រាប់ធុរកិច្ចក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជាមានការរីកចម្រើន។
មន្ត្រីសង្គមស៊ីវិលរិះគន់ថា គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រដ្ឋាភិបាលថានឹងមិនសម្រេចតាមផែនការ និងប្រែក្លាយកម្ពុជាឱ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០បានទេ បើវិស័យអប់រំនៅតែទន់ខ្សោយដូចសព្វថ្ងៃនេះ។ ពួកគេអំពាវនាវដល់រដ្ឋាភិបាលត្រូវប្តេជ្ញាចិត្តពិតប្រាកដក្នុងការអនុវត្តគោលនយោបាយដើម្បីផលិតធនធានមនុស្សដែលមានសមត្ថភាព ជាពិសេសក្រសួងអប់រំត្រូវប្រឹងប្រែងបន្ថែមទៀត ចំពោះការធ្វើឱ្យមានសមភាពរវាងគុណភាពអប់រំនៅតាមតំបន់ជនបទ និងនៅទីប្រជុំជន។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក លើកឡើងថា បច្ចុប្បន្នសិស្សានុសិស្សនៅកម្ពុជាហាក់មិនសូវចាប់អារម្មណ៍ការសិក្សាលើមុខជំនាញបែបវិទ្យាសាស្ត្រទេ ដោយសារជីវភាពគ្រួសារក្រីក្រ រៀនចប់គ្មានការងារធ្វើ ខណៈគុណភាពអប់រំមិនទាន់អាចបង្កើតធនធានមនុស្សដែលមានសមត្ថភាពឆ្លើយតបនឹងតម្រូវការ និងការវិវឌ្ឍន៍ដ៏លឿនរបស់ពិភពលោកបាននៅឡើយទេ។ លោកយល់ថាដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមានធនធានមនុស្សខ្លាំង ហើយរីកចម្រើនលើវិស័យបច្ចេកវិទ្យា និងការស្រាវជ្រាវនោះ រដ្ឋាភិបាលត្រូវអនុវត្តគោលនយោបាយបច្ចេកវិទ្យា និងឌីជីថលឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវកែទម្រង់ប្រព័ន្ធអប់រំជាចាំបាច់ចាប់តាំងពីកម្រិតមូលដ្ឋានឡើងទៅ ពីព្រោះវាជាចំណុចគន្លឹះក្នុងការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនល្អៗចូលបណ្ដាក់ទុននៅកម្ពុជា រួមទាំងការប្រកួតប្រជែងជាមួយប្រទេសជិតខាង ឬប្រទេសក្នុងតំបន់ផងដែរ។
លោក គៀន ពន្លក៖ «ហេតុអ្វីបានជាវិស័យអប់រំយើងនៅមានកម្រិតដោយសារយើងឃើញថាក្មេងៗរៀននៅកម្រិតអនុវិទ្យាល័យមួយចំនួន ហើយវិទ្យាល័យដែរ ទាន់ចេះអានអក្សរផង សូម្បីអាណាព្យាបាលសិស្សមួយចំនួនបញ្ជូនកូនទៅរៀន គឺមិនទុកចិត្តទៅលើសាលារៀនរដ្ឋផង ហើយពួកគេទៅទុកចិត្តលើវិស័យឯកជនទៅវិញ សួរថា តើឱ្យកម្ពុជាក្លាយជាប្រទេសបច្ចេកវិទ្យា និងតាមបែបវិទ្យាសាស្ត្រយ៉ាងដូចម្តេច»។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា រយៈប៉ុន្មានឆ្នាំចុងក្រោយនេះប្រព័ន្ធបណ្តុះបណ្តាលសម្រាប់ធុរកិច្ចក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជាមានការរីកចម្រើន ដោយក្នុងនោះគ្រឹះស្ថានឧត្ដមសិក្សាមួយចំនួនបានចូលរួមសកម្មក្នុងការអនុវត្តប្រព័ន្ធនវានុវត្តន៍ជាតិក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាល សម្រាប់មុខជំនាញពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកទេសវិស្វកម្ម និងគណិតវិទ្យាជាដើម។ ថ្លែងក្នុងទិវាជាតិលើកទី១ ស្ដីពី «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»នៅថ្ងៃទី២៦ ខែមីនា លោក ហ៊ុន សែន ថា វិស័យ នេះបានដើរ តួនាទីកាន់តែសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិចាប់តាំងពីការរាតត្បាតជំងឺកូវីដ-១៩ ការកើនកម្តៅ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ។ លោកថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់អាទិភាពចំពោះការអភិវឌ្ឍមូលធនមនុស្សលើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគណិតវិទ្យា ឬហៅថាស្ទេម (STEM) ដោយលើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយជ្រើសរើសការសិក្សាជំនាញ ការពង្រឹងគុណភាពអប់រំគ្រប់កម្រិត និងរក្សាបុគ្គលឆ្នើម ហើយពង្រឹងការស្រាវជ្រាវ និងបង្កើតមូលនិធិស្រាវជ្រាវជាតិ និងតាមរយៈមធ្យោបាយមួយចំនួនទៀត។ ទន្ទឹមនឹងនេះលោក ហ៊ុន សែន អំពាវនាវដល់អ្នកវិនិយោគទុនទាំងក្នុងស្រុក និងក្រៅប្រទេសជួយបណ្ដុះធនធានមនុស្ស និងបង្កើតមូលនិធិទុនឯកជន និងមូលនិធិបណ្ដាក់ទុនជាដើម។
លោក ហ៊ុន សែន៖ «រដ្ឋាភិបាលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញកម្ពុជា២០២២-២០៣៥ និងរបៀបវារៈស្រាវជ្រាវជាតិ២០២៥ក្នុងគោលបំណងជួយដោះស្រាយបញ្ហាប្រឈម និងបង្កើតកាលានុវត្តភាពជូនសាធារណៈ វិស័យឯកជន និងប្រជាជនកម្ពុជាតាមរយៈរៀបចំផែនការបណ្តុះបណ្តាលឱ្យមានប្រសិទ្ធភាព កំណត់ផែនការស្រាវជ្រាវឱ្យបានជាក់លាក់ដោយទទួលបានលទ្ធផលអាចយកមកអនុវត្តបាន និងការជំរុញការអភិវឌ្ឍផលិតផលបច្ចេកវិទ្យាទាន់ពេល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព»។
បច្ចុប្បន្នកម្ពុជាមានយុវជនដែលចង់បន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ភាគច្រើនអាស្រ័យលើការឧបត្ថម្ភពីគ្រួសារ និងការធ្វើការងារក្រៅម៉ោង។ ប្រសិនបើពួកគាត់ខ្វះខាតថវិកា គឺស្វែងរកកម្ចីឥណទានតាមស្ថាប័នឯកជន ដូចជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ប៉ុន្តែពួកគេត្រូវសងត្រឡប់វិញក្នុងអត្រាការប្រាក់ខ្ពស់។ ពួកគេចង់ឃើញរដ្ឋាភិបាលរៀបចំគោលនយោបាយកម្ចីសម្រាប់និស្សិតដើម្បីឱ្យកម្ពុជាមានធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា ដើម្បីបកស្រាយបន្ថែមបានទេនៅថ្ងៃទី២៦ ខែមីនា។
ជុំវិញរឿងនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី ថ្លែងថា លោកគាំទ្រចំពោះរដ្ឋាភិបាលដែលចាប់យកវិស័យបច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញ ស្របពេលពិភពលោកកំពុងផ្តោតសំខាន់លើវិស័យទាំងនេះ។ ទោះយ៉ាងណាលោកមើលឃើញថា កម្ពុជាហាក់ដើរយឺតចំពោះការវិវឌ្ឍរបស់ពិភពលោកក្នុងការកសាងធនធានមនុស្ស ដោយសារការស្រាវជ្រាវនៅតាមសាលា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនានាខ្វះខាតឧបករណ៍ពិសោធន៍ដែលធ្វើឱ្យអ្នកសិក្សាពិបាកអនុវត្តជាក់ស្តែង។
បណ្ឌិត សេង សារី៖ «បើយើងនិយាយពីម៉ាស៊ីនផលិតធនធានមនុស្សរបស់ជាតិ គឺក្រសួងអប់រំ ហើយបើក្រសួងអប់រំ មិនផលិតធនធានឱ្យស្របតាមការវិវឌ្ឍពិភពលោក និងការរីកចម្រើនរបស់កម្ពុជា គឺមានន័យថា យើងដើរក្រោយពិភពលោក។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរមានយន្តការបន្តថា តើកម្ពុជានឹងត្រូវវិនិយោគនៅក្នុងវិស័យអប់រំទាក់ទងវិស័យបច្ចេកវិទ្យាហ្នឹង ក្រៅពីបង្រៀនពីទ្រឹស្ដីហ្នឹង តើអាចបំពាក់នូវមន្ទីរពិសោធន៍ សម្ភារផ្សេងៗសម្រាប់ការសិក្សាទេ»។
តាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡាឆ្នាំ ២០២០-២០២១ និស្សិតថ្នាក់បរិញ្ញាបត្រ មានចំនួនជាង ១ សែន ៧ ម៉ឺននាក់ (១៧០.២៤៦) និស្សិតថ្នាក់ក្រោយបរិញ្ញាបត្រចំនួនជិត ១ម៉ឺន(៩.៤៤៣) នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាង ៨ (៨.៤៦៥) ពាន់នាក់ និងថ្នាក់បណ្ឌិតចំនួនជិត ១ពាន់នាក់ (៩៧៨)។
ក្រុមអ្នកជំនាញ សង្គមស៊ីវិលមើលឃើញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឬការស្រាវជ្រាវថ្មីៗរបស់កម្ពុជានឹងមិនជឿនលឿនបានទេ ប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ និងធ្វើកំណែទម្រង់លើវិស័យអប់រំទេនោះ ពីព្រោះថា សង្គមមួយត្រូវការអ្នកចេះដឹង អ្នកជំនាញច្បាស់លាស់ និងអ្នកដែលបង្កើតគំនិតថ្មីៗ របបគំហើញជាច្រើននៅក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។