កសិករងាកមកចាប់អារម្មណ៍ផលិតជីធម្មជាតិប្រើប្រាស់ដោយខ្លួនឯងខណៈជីនៅលើទីផ្សារឡើងថ្លៃខ្ពស់
2022.07.01

កសិករមួយចំនួនងាកមកចាប់អារម្មណ៍ផលិតជីសរីរាង្គធម្មជាតិប្រើប្រាស់ដោយខ្លួនឯងដោយប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងសហគមន៍ និងកាកសំណល់ផ្ទះបាយជាដើម។
ការស្វះស្វែងរកមធ្យោបាយផលិតជីធម្មជាតិប្រើប្រាស់ដោយខ្លួនឯងនេះ ដោយសារពួកគាត់ខ្វះខាតថវិកាទិញជីកសិកម្មដែលដាក់លក់លើទីផ្សារ និងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព។
កសិករមួយចំនួនត្អូញត្អែរថា សព្វថ្ងៃនេះរបរធ្វើស្រែចម្ការមិនសូវទួលបានផលចំណេញប៉ុន្មានឡើយដោយសារពួកគាត់ត្រូវចំណាយដើមទុនច្រើនជាពិសេសចំណាយទៅលើជី ថ្នាំកសិកម្ម និងប្រេងសាំងជាដើម ដែលបន្តឡើងថ្លៃជាបន្ទាប់ ចំណែកផលិតផលរបស់ពួកគាត់ដែលទទួលបានលក់បានថោក។
បញ្ហានេះបានធ្វើឲ្យមុខរបររបស់ពួកគាត់ពេលខ្លះប្រឈមនឹងការខាតចុងខាតដើម។
កសិករដាំទុរេន នៅស្រុកសំឡូត ខេត្តបាត់ដំបង លោកស្រី វិត សុខភា មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហានេះ កសិករភាគច្រើន បានព្យាយាមសិក្សាស្វែងយល់ពីការផលិតជីកសិកម្មតាមបណ្ដាញសង្គមមានដូចជា យូធូប(YouTube) និងហ្វេសប៊ុក(Facebook) ជាដើមដែលមានអ្នកជំនាញផលិតជីធម្មជាតិ និងកសិករដែលមានបទពិសោធន៍ក្នុងរឿងនេះបានចែករម្លែក ឬហៅថា(Share)តាមរយៈបណ្តាញសង្គមនេះ។
ទោះយ៉ាងណា លោក ស្រី វិត សុខភា នៅតែត្អូញត្អែរថា ការផលិតជីសរីរាង្គដោយខ្លួនឯងនេះ ពុំបានច្រើនតាមតម្រូវការឡើយព្រោះវត្ថុធាតុដើមនោះប្រមូលបានតិច និងត្រូវការអ្នកជំនាញក្នុងការផលិតជីមកជួយណែនាំ ឬបង្រៀនអំពីការផលិតជីធម្មជាតិ និងរបៀបប្រើប្រាស់ដោយផ្ទាល់បន្ថែមទៀត៖ «យើងធ្វើតាមយូធូប មានគ្រឿងផ្សំធ្វើពីពងមាន់ ប៊ីចេងជាដើម រយៈពេលមួយខែបានយើងប្រើបាន បាញ់ទៅវាធ្វើឲ្យដំណាំយើងលូតលាស់ស្លឹកល្អ យើងព្យាយាមរកអ្វីៗថ្មីៗល្អ យើងប្រើទៅកុំឲ្យប៉ះពាល់សុខភាព យើងខំព្យាយាមធ្វើវាឲ្យបាន កាត់បន្ថយទិញជីពីគេមកវាថ្លៃ បើយើងធ្វើបាន យើចំណេញប្រាក់កម្រៃច្រើនដែរ...»។
ការផលិតជីធម្មជាតិនេះ មានច្រើនប្រភេទ ឬច្រើនរបៀប ទៅតាមប្រភេទដំណាំ មានដូចជាជីប្រភេទជីទឹកសម្រាប់ស្រោច ជីកំប៉ុស្តិ៍ សម្រាប់ប្រើទ្រាប់បាត ឬបាចលើថ្នាលដំណាំ ជីផេះអង្កាម និងជីផលិតពីស្រកីដូងជាដើម។
ប្រធានសមាគមកសិករកសិកម្មអភិវឌ្ឍន៍ ភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេត្តព្រៃវែង លោក ភិន ផាត ក៏បានចែករម្លែកនូវបទពិសោធន៍ខ្លះៗអំពីការផលិតជីធម្មជាតិសរីរាង្គក្នុងសហគមន៍របស់គាត់ដែរ។
លោកថា ការផលិតជីសរីរាង្គនេះ ពួកគាត់ប្រើរុក្ខជាតិទន្ទ្រានខែត្រ កាកសំណល់ផ្ទះបាយ និងស្លឹករុក្ខជាតិផ្សេងទៀត លាយជាមួយលាមកសត្វ ដោយទុករយៈពេលប្រមាណមួយខែ ដើម្បីឲ្យវារលួយចូលគ្នាទើបអាចយកទៅប្រើបាន ដោយបាចទៅលើថ្នាលដំណាំមុនពេលដាំ ប្រើជាជីទ្រាប់បាតពេលដាំដំណាំហូបផ្លែ ឬរុក្ខជាតិផ្សេងៗទៀត៖ «ផ្សំជីធម្មជាតិ១រយគីឡូ គាត់អាចដាក់ទន្ទ្រានខែត្រប្រមាណជា៣០គីឡូ លាមកសត្វ៥០គីឡូ គាត់អប់ទុកប្រហែលមួយខែ អាចយកទៅបាចលើដីប្រហែលជា ១០អារ ពីមុនគាត់ជីករណ្តៅទុកដាក់ធ្វើជីនេះ តែឥឡូវគាត់អាចប្រមូលគ្រឿងផ្សំទាំងនេះទុកមួយកន្លែងហើយគ្របតង់ពីលើហើយរយៈពេល៣ថ្ងៃគាត់បើកបាញ់ទឹកម្តងដើម្បីឲ្យជាតិហ្គាសចេញឲ្យអស់មុនយកទៅប្រើ..»។
ការផលិតជីសរីរាង្គដោយប្រើវត្ថុធាតុដើមដែលមាននៅក្នុងសហគមន៍នេះ ក្រៅពីផ្តល់ឲ្យកសិករចំណេញថវិកា វាក៏បានផ្តល់នូវផលប្រយោជន៍ជាច្រើនផ្សេងទៀត។
លោក ភិន ផាត បានឲ្យដឹងថា៖ ជីសរីរាង្គ ដែលកសិករផលិតដោយខ្លួនឯង ដោយប្រើប្រាស់វត្ថុធាតុដើមដែលមាននៅក្នុងសហគមន៍ពួកគាត់នោះ បានជួយកែប្រែស្ថានភាពដីឲ្យធូរល្អ ដីមានជីជាតិ ជួយកម្ចាត់រោគនៅលើដំណាំ ធ្វើឲ្យដំណាំមានការលូតលាស់ល្អ ជួយឲ្យសហគមន៍ និងជុំវិញផ្ទះកសិករ មានបរិស្ថានល្អ និងជួយកាត់បន្ថយផលប៉ះពាល់ដល់សុខភាពដល់អ្នកបរិភោគផងដែរ។
អ្នកជំនាញកសិកម្មណែនាំឲ្យកសិករបង្កើនការដាំដុះរុក្ខជាតិមួយចំនួនដែលមានស្លឹកច្រើន ឬជារុក្ខជាតិប្រភេទវល្លិនៅលើដីដែលទំនេរចោល ឬដាំតាមរបងផ្ទះដើម្បីទុកប្រើប្រាស់ក្នុងការផលិតជីធម្មជាតិឲ្យបានចំនួនច្រើនតាមតម្រូវការប្រើប្រាស់ក្នុងរបរកសិកម្មរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។