ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ស្នើ​ឲ្យ​ពលរដ្ឋ​វ័យ ៤៥​ឆ្នាំ​ឡើង​ទៅ​ឆ្លុះ​ពិនិត្យ​ពោះវៀនធំ

ដោយ ម៉ៅ សុធានី
2021-09-09
Share
ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ស្នើ​ឲ្យ​ពលរដ្ឋ​វ័យ ៤៥​ឆ្នាំ​ឡើង​ទៅ​ឆ្លុះ​ពិនិត្យ​ពោះវៀនធំ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ស្នើ​ឲ្យ​ពលរដ្ឋ​វ័យ ៤៥​ឆ្នាំ​ឡើង​ទៅ​ឆ្លុះ​ពិនិត្យ​ពោះវៀនធំ។
RFA

ពលរដ្ឋ​ក្រីក្រ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា មិន​បាន​ទៅ​ឆ្លុះ​ពិនិត្យ​ពោះវៀនធំ​នៅ​ពេល​អាយុ ចាប់​ពី​៥០​ឆ្នាំ​ឡើង​ទៅ​នោះ​ទេ ដោយសារតែ​គ្មាន​ប្រាក់​បង់​តម្លៃ​សេវា។ បញ្ហា​នេះ​ហើយ​ដែល​ជា​មូលហេតុ​ចំបង នាំ​ឲ្យ​អ្នក​ជំងឺ​ខ្លះ​បាត់បង់​ជីវិត ដោយសារ​ជំងឺមហារីក​ពោះវៀន​នេះ វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ ដែល​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​ព្យាបាល​និង​ជួយសង្គ្រោះ​ជីវិត​បាន​ឡើយ។

តើ​ជំងឺមហារីក​ពោះវៀន បង្ហាញ​រោគ​សញ្ញា​អ្វីខ្លះ ហើយ​គេ​អាច​មាន​វិធី​ណា ដើម្បី​បង្ការ​ឬ​កាត់បន្ថយ​អត្រា​ស្លាប់?

វេជ្ជបណ្ឌិត​ជំនាញ​សុខភាព​នៅ​ប្រទេស​កម្ពុជា ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ដែល​មាន​ជីវភាព​ក្រីក្រ ភាគ​ច្រើន​មិន​បាន​ទៅ​ឆ្លុះ​ពិនិត្យ​ពោះវៀនធំ (Colonoscopy) នោះ​ទេ បើ​ទោះបី​ជា​មាន​រោគសញ្ញា​ខ្លះៗ ដូច​ជា ឧស្សាហ៍​ចុកពោះ ទល់​លាមក លាមក​ពណ៌​ខ្មៅ ឬ​មាន​ឈាម​ក្នុង​លាមក​ក៏ដោយ។

ម្ចាស់​គ្លីនីក​មេត្តា នៅ​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មូលហេតុ​នេះ​ហើយ នៅ​ពេល​អ្នក​ជំងឺ​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​គ្លីនីក​ឯកជន គឺ​ហួស​ពេល​ទៅ​ហើយ ដោយសារ​ជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​ព្យាបាល​ឲ្យ​ជា និង​ជួយសង្គ្រោះ​ជីវិត​បាន​ឡើយ៖ «ចំពោះ​នៅ​ស្រុក​ខ្មែរ គឺជា​ទូទៅ​អត់​មាន​ទេ មិន​សូវ​មាន​អ្នកណា​ទៅ​ពិនិត្យ​មុន ដើម្បី​ស្វែងរក​ជំងឺ​មុន ឬ​ឲ្យ​ដឹង​ជំងឺ​នៅ​ដំណាក់កាល​ដំបូង​ទេ ពីព្រោះ​ជីវភាព​ពលរដ្ឋ​នៅ​មាន​កម្រិត​។ ជាទូទៅ ពួកគាត់​ទៅ​ពិនិត្យ នៅ​ពេល​ដែល​មាន​បញ្ហា​ចេញ​រោគ​សញ្ញា​រួច​ហើយ​។ ចំណែក​អ្នក​មាន​លុយ​វិញ ពួកគេ​ទៅ​ពិនិត្យ​នៅ​ប្រទេស​ថៃ ឬ​វៀតណាម​។ ប៉ុន្តែ​អ្នក​មក​ពិនិត្យ​នៅក្នុង​ប្រទេស ភាគ​ច្រើន​បំផុត គឺ​ដោយសារ​គាត់​មាន​ជំងឺ​រួច​ទៅ​ហើយ ដូចជា ទល់​លាមក ធ្លាក់​ឈាម​តាម​បាត ឬ​ចុក​ពោះ​ជាដើម​...»

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បន្ត​ថា ការ​ឆ្លុះ​ពិនិត្យ​ពោះវៀន​នេះ មាន​សារៈសំខាន់​ណាស់​ដើម្បី​ពិនិត្យ​រកមើល​ជំងឺ​រលាក​ពោះវៀន ស្ទះ​ពោះវៀន ដុះ​សាច់ ឬ​មហារីក​ពោះវៀន​។ លោក​ថា ការ​ឆ្លុះ​ពិនិត្យ​ពោះវៀនធំ​នៅ​តាម​គ្លីនិក​ឯកជន គឺ​តម្លៃ​សេវា ចន្លោះ​ពី ២​រយ ទៅ​៥​រយ​ដុល្លារ ប៉ុន្តែ​នៅ​តាម​មន្ទីរពេទ្យ​ឯកជន​ធំ និង​ទំនើប​ខ្លាំង គឺ​អាច​ថ្លៃ​ជាង​ហ្នឹង​។ ចំណែក​នៅ​មន្ទីរពេទ្យ​រដ្ឋ​វិញ ក៏​គេ​យក​តម្លៃ​ពី​៥០​ដុល្លារ ទៅ​១៥០​ដុល្លារ នៅពេល​ឆ្លុះ​ពិនិត្យ​ម្តងៗ​។ បញ្ហា​តម្លៃ​សេវា​ខ្ពស់​នេះ​ហើយ ដែល​ជា​មូលហេតុ​ចំបង​នាំ​ឲ្យ​ពលរដ្ឋ​ក្រីក្រ គ្មាន​លទ្ធភាព​ពិនិត្យ​ក្នុង​ពោះវៀន​ជាមុន ដែល​ករណី​ខ្លះ​បណ្តាល​ឲ្យ​បាត់​បង់ជីវិត ដោយ​មិនដឹង​ច្បាស់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ស្លាប់​នោះ​ទៀត​ផង។

លោក​វេជ្ជបណ្ឌិត​ជំនាញ​សុខភាព​ទូទៅ​រូប​នេះ មាន​ប្រសាសន៍​ថា គេ​អាច​កត់សំគាល់​រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺមហារីក​ពោះវៀន ដូចជា ឧស្សាហ៍​ឈឺពោះ បត់ជើងធំ​មិន​ទៀងទាត់ ទល់​លាមក លាមក​មាន​ឈាម ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ និង​ច្រើន​អស់​កម្លាំង​ល្ហិតល្ហៃ ជាដើម៖ «ចំពោះ​ការ​ពិនិត្យ​ពោះវៀន​នេះ​គេ​អាច​រក​ឃើញ​ជំងឺ​ច្រើន ហើយ​ជំងឺ​នីមួយៗ គឺ​មាន​រោគសញ្ញា​ខុសៗ​គ្នា​។ ចំពោះ​រោគសញ្ញា​នៃ​ជំងឺមហារីក គឺ​នាំ​ឲ្យ​អ្នកជំងឺ​រាគ​រូស​ជាប្រចាំ ឬ​ពេលខ្លះ​ទល់លាមក ពិបាក​បត់ជើង ដោយសារ​មាន​ដុំ​សាច់​ដុះ​ធំ​ស្ទះ ហើយ​ធ្លាក់ឈាម​តាម​បាត ឬ​លាមក​ខ្មៅ​ក៏​មាន​។ មហារីក​ពោះវៀន​នេះ ភាគច្រើន​កើត​ចំពោះ​មនុស្ស​ចាស់ៗ​អាយុ ពី​៥០​ឆ្នាំទៅ​៦០​ឆ្នាំ​ឡើង​ទៅ​...»

ស្ថិតិ​ជំងឺ​មហារីក របស់​ក្លូបូខេន​ឆ្នាំ​២០២០ (Globocan 2020) នៃ​អង្គការ​សុខភាព​ពិភពលោក បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ ចំនួន​ជាង ១​ម៉ឺន ៨​ពាន់​នាក់ (១៨.៣៧៥) នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ទទួល​សេវា​ព្យាបាល​ជំងឺ​មហារីក នៅ​អំឡុង​ឆ្នាំ​២០២០ ក្នុង​នោះ​អ្នក​ជំងឺ​ជាង ១​ម៉ឺន ២​ពាន់ (១២.៦៣៨) បាន​ស្លាប់ ដោយសារ​ជំងឺ​មហារីក​ថ្លើម សម្លាប់​ច្រើន​ជាង​គេ (.៩៤៦) បន្ទាប់​មក​មហារីក​សួត (.៦៥៤) ទី​៣ មហារីក​សុដន់ (៧៩៣) ទី​៤ គឺ​មហារីក​ស្បូន (៦៤៣) និង​ទី​៥ ស្លាប់​ដោយសារ​មហារីក​ពោះវៀនធំ មាន​ជាង​៥​រយ​នាក់ (៥០៨)​។ ចំណែក​អ្នក​កើត​មហារីក​ពោះវៀនធំ​ករណី​ថ្មី​វិញ ក្នុង​ឆ្នាំ​២០២០ គឺ​មាន​សរុប ជិត ១​ពាន់ ៦​រយ​នាក់ (.៥៩០)

រីឯ​នៅ​សហរដ្ឋអាមេរិក​នេះ​វិញ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺមហារីក​ពោះវៀន (Colon Cancer) មាន​ចំនួន​ជិត ៥​ម៉ឺន ៣​ពាន់​នាក់ (៥៣.០០០) ក្នុង​អំឡុង​ឆ្នាំ​២០២០ ក្នុង​នោះ​ក៏​មាន​អ្នក​ស្លាប់ អាយុ​ក្រោម​៥០​ឆ្នាំ​ផង​ដែរ​។ បញ្ហា​នេះ​ហើយ ទើប​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សេវាកម្ម​បង្ការ​ជំងឺ​នៅ​សហរដ្ឋអាមេរិក (USPSTF) ថ្មីៗ​នេះ បាន​ផ្តល់​ដំបូន្មាន​ឲ្យ​ទាំង​បុរស​និង​ស្ត្រី ត្រូវ​ទៅ​ឆ្លុះ​ពិនិត្យមើល​ពោះវៀនធំ (Colonoscopy) នៅពេល​អាយុ​៤៥​ឆ្នាំ មិនមែន​៥០​ឆ្នាំ ដូច​ពីមុន​នោះ​ឡើយ បើ​ទោះ​បី​ជា​គ្មាន​រោគសញ្ញា ឬក៏​គ្មាន​ប្រវត្តិ​ក្រុម​គ្រួសារ​កើត​ជំងឺ​មហារីក ក៏​ដោយ។

គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​ទូទៅ​ខ្មែរ​-​អាមេរិកាំង លោក​វេជ្ជបណ្ឌិត សៀង សេង ដែល​បាន​ចូលនិវត្តន៍​និង​កំពុង​ផ្សព្វផ្សាយ​អប់រំ​សុខភាព នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​រដ្ឋកាលីហ្វរនីញ៉ា (California) ថា ការ​ឆ្លុះ​ពិនិត្យ​ពោះវៀន​ទៀងទាត់​និង​ទាន់​ពេល​វេលា វេជ្ជបណ្ឌិត​ជំនាញ​អាច​មាន​លទ្ធភាព​ព្យាបាល​ឲ្យ​ជាសះស្បើយ និង​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​៖ «ហេតុផល​ដោយសារ​គេ​រក​ឃើញ​ថា អ្នក​កើត​មហារីក​ពោះវៀនធំ នៅ​អាយុ​ក្មេងៗ​នៅ​ឡើយ​។ ដូចនេះ​ហើយ​បាន​គេ​ផ្លាស់ប្ដូរ​អនុសាសន៍​ចាប់ផ្តើម​ពិនិត្យ (Screening) ពី​អាយុ​៤៥​ឆ្នាំ​ឡើង​ទៅ​។ ប៉ុន្តែ ប្រសិនបើ​មាន​ឪពុកម្ដាយ ឬ​ក្រុម​គ្រួសារ​មាន​ជំងឺ​មហារីក​ពោះវៀនធំ គេ​ឲ្យ​ពិនិត្យ​មុន​អាយុ ៤៥​ឆ្នាំ​ទៀត​។ ភាគច្រើន​ពេល​ទៅ​ពិនិត្យ​អត់​មាន​មហារីក​ទេ ប៉ុន្តែ​ប្រសិន​បើ​ជា​មាន​វិញ គេ​អាច​ជួយ​សង្គ្រោះ​បាន...»

គេហទំព័រ​សុខភាព​ក្រុម​គ្រូពេទ្យ​ជំនាញ WebMD ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ពោះវៀនធំ ចំនួន​៩០% ច្រើន​កើត​ចំពោះ អ្នកមាន​វ័យ​លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ អ្នក​ធ្លាប់​មាន​ដុំ​សាច់​ក្នុង​ពោះវៀនធំ (Polyps) អ្នក​មាន​ប្រវត្តិ​ក្រុម​គ្រួសារ​ធ្លាប់​កើត​ជំងឺមហារីក ឬ​មហារីក​ពោះវៀនធំ អ្នក​ធាត់​ខ្លាំង​ចុក​ខ្លាញ់ អ្នក​ជក់បារី អ្នក​ទទួល​ទាន​សុរា​ច្រើន​ហួស​ហេតុ​ពេក និង​អ្នកមាន​ទម្លាប់​ទទួលទាន​របប​អាហារ​មិនល្អ ដូចជា​សាច់​ក្រហម អាហារ​បំពង និង​ជាតិ​ខ្លាញ់ ជាដើម។

ទាំង​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា និង​លោក​វេជ្ជបណ្ឌិត សៀង សេង យល់​ស្រប​ដូចគ្នា​ថា វិធី​ដ៏​ល្អ​បំផុត ដើម្បី​កាត់បន្ថយ​ហានិភ័យ​ខ្ពស់​នៃ​ជំងឺមហារីក​ពោះវៀនធំ គឺ ត្រូវ​ឆ្លុះ​ពិនិត្យ​ពោះវៀនធំ ក្រោយ​ពី​អាយុ​៤៥​ឆ្នាំ​ឡើង​ទៅ ដើម្បី​រកមើល​កោសិកា​ដុះ​រីក​ធំ​ខុស​ពី​ធម្មតា ឬ​មាន​ដុំ​សាច់ (Polyps) ពីព្រោះ​មហារីក​ពោះវៀនធំ មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទេ នៅ​ពេល​កើត​ឡើង​ដំបូងៗ​។ ដុំ​សាច់​ខ្លាញ់​នៅក្នុង​ពោះវៀនធំ (Polyps) ភាគច្រើន​គ្មាន​គ្រោះថ្នាក់​អ្វី​ទេ ហើយ​គ្រូពេទ្យ​ជំនាញ​នឹង​ផ្តល់​យោបល់​ឲ្យ​ធ្វើ​តេស្ត​ឆ្លុះ​ពោះវៀនធំ រៀងរាល់​៥​ឆ្នាំ​ម្តង ប្រសិនបើ​រក​ឃើញ​ថា ជា​ដុំ​សាច់​ធម្មតា​។ ក៏ប៉ុន្តែ​មាន​ករណី​ដុំ​សាច់​ខ្លះ អាច​ក្លាយជា​មហារីក ដែល​នាំ​ឲ្យ​កកើត​កាន់តែ​ធំ​ឡើងៗ នៅ​ជាប់​នឹង​ជញ្ជាំង​ពោះវៀន ប្រសិនបើ​មិន​បាន​វះកាត់​យក​ចេញ​ទាន់​ពេល​វេលា​។ ចំណែក​អត្រា​អ្នក​រស់រាន​ជីវិត វិញ គឺ​អាស្រ័យ​ទៅ​លើ​ដំណាក់កាល​របស់​ជំងឺ​មហារីក។ ប្រសិនបើ​មហារីក​ពោះវៀនធំ កើត​នៅ​ដំណាក់កាល​ដំបូងៗ គឺ​អត្រា​រស់រាន​មានជីវិត​មាន​កម្រិត​ខ្ពស់ គឺ​ចន្លោះ​ពី​៨៧% ទៅដល់ ៩២%

បន្ថែម​លើ​នេះ លោក​វេជ្ជបណ្ឌិត ផ្តល់​ដំបូន្មាន ឲ្យ​ទទួលទាន​របប​អាហារ​ទ្រទ្រង់​សុខភាព ដូចជា​បរិភោគ​ត្រី បន្លែ ផ្លែឈើ និង​អាហារ​ដែល​មាន​ជាតិ fiber ច្រើន បន្លែ​បៃតង និង​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ក៏​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ ក្នុង​ការ​កើត​ជំងឺមហារីក​ពោះវៀនធំ​បាន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល