វិធី​ថែទាំ​កុមារ​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ-១៩

ដោយ សេក បណ្ឌិត
2021-12-09
Share
វិធី​ថែទាំ​កុមារ​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ-១៩ រូបភាព​ដែល​យូនីសេហ្វ អំពាវនាវឲ្យការពារកុមារមួយជំនាន់ ដែលកំពុងរងគ្រោះពីជំងឺកូវីដ១៩ ដែលកំពុងគំរាមកំហែង និងបង្កឲ្យមានគ្រោះថ្នាក់មិនអាចស្រោចស្រង់បានចំពោះការអប់រំ អាហារូបត្ថម្ភ និងសុខមាលភាព។
Photo Courtesy of Unicef

ការ​ការ​ពារ និង​ការ​ថែទាំ​កុមារ​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ-១៩ គឺ​ជា​វិធីសាស្ត្រ​សំខាន់​បំផុត សម្រាប់​សហគមន៍ ឬ​ទី​កន្លែង​ផ្សេង​ទៀត ដើម្បី​យល់​ដឹង​អំពី​ស្ថានភាព​អ្នក​ជំងឺ​ វិធី​ការពារ និង​ការ​ព្យាបាល​ខ្លួន​ឯង​នៅ​ផ្ទះ​ឱ្យ​ជា​សះស្បើយ និង​កាត់​បន្ថយ​ការ​រាតត្បាត​បន្ត​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន។ តើ​វិធីសាស្ត្រ​អ្វី​ដែល​អាច​ការពារ​កុមារ អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ-១៩? ហើយ​បើ​សិន​កុមារ​ឆ្លង​មេរោគ​ជំងឺ​នេះ​មិន​អាច​ញែក​ឱ្យ​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់​វិញ តើ​អ្នក​ត្រូវ​មើល​ថែ​ពួក​គេ​ដោយ​របៀប​ណា?

ការ​អនុវត្តន៍​វិធីសាស្រ្ត​ការពារ និង​ថែទាំ​សុខភាព​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ-១៩ អាច​ពិបាក​សម្រាប់​កុមារ ប៉ុន្តែ​ឪពុក​ម្តាយ ឬ​អាណា​ព្យាបាល​គួរ​អត់ធ្មត់ និង​ធ្វើ​ជា​គំរូ​ល្អ ហើយ​កូន​របស់​អ្នក​នឹង​ធ្វើ​តាម​អ្នក។ អង្គការ​យូនីសេហ្វ (UNICEF) បាន​ណែនាំ​ឱ្យ​អ្នក​ទាំងអស់​គ្នា​គួរ​អនុវត្ត និង​ពន្យល់​ដល់​កុមារ ដោយ​ប្រើ​វិធី​ដែល​ស្រប​តាម​វ័យ ដើម្បី​ឱ្យ​កូនៗ​របស់​អ្នក​ស្វែង​យល់​អំពី​ស្ថានភាព បញ្ហា​កំពុង​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន និង​ចេះ​ការ​ពារ​ខ្លួន ដោយ​រួម​ទាំង​ការ​កាត់​បន្ថយ​ការ​ខ្វល់​ខ្វាយ​របស់​ពួក​គេ​ផង​ដែរ។

តើ​វិធីសាស្ត្រ​អ្វី​អាច​ការពារ​កុមារ​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ-១៩?

អង្គការ​យូនីសេហ្វ (UNICEF) បាន​ណែនាំ​ពី​វិធីការ​ពារ​កុមារ​មួយ​ចំនួន​ដូចជា ពេល​អ្នក​ចូល​មក​ដល់​ផ្ទះ​ភ្លាម​សូម​កុំ​ប្រញាប់​ឱប​កូន ហើយ​គួរ​តែ​ប្រញាប់​ងូតទឹក​ភ្លាមៗ និង​បង្រៀន​កូន​ឱ្យ​ចេះ​លាង​ដៃ​មុន​ពេល​ទទួល​ទាន​អាហារ ឬ​ក្រោយ​ពេល​ចូល​បន្ទប់​ទឹក ឬ​ក្រោយ​ពេល​ប៉ះ​ពាល់​សម្ភារៈ​ផ្សេងៗ។ អង្គ​ការដដែល​បាន​បញ្ជាក់​ថា បាយ​ម្ហូប​គួរ​ដួស​ដាក់​ចាន និង​ប្រើ​ស្លាបព្រា​ផ្សេង​គ្នា ដើម្បី​ការពារ​ការ​ឆ្លង​រាល​ដាល​មេរោគ​កូវីដ-១៩។ ជា​មួយ​គ្នា​នេះ​ឪពុក​ម្ដាយ​ត្រូវ​ឧស្សាហ៍​សម្អាត​របស់​លេង​កូនៗ​ឱ្យ​បាន​ត្រឹម​ត្រូវ ដោយ​កុំ​ឱ្យ​កុមារ​ប្រើប្រាស់​សម្ភារៈ​ជា​មួយ​អ្នក​ផ្សេងៗ និង​ជៀសវាង​ការ​នាំ​កូន​ទៅ​កាន់​ទី សាធារណៈ​ជា​ដើម។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​លោក​វេជ្ជ​បណ្ឌិត អ៊ួច វុទ្ធី រៀប​រាប់ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ស្ថានភាព​នៅ​ពេល​នេះ​កុមារ​អាច​រង​គ្រោះ បើ​សិន​ជា​មាតាបិតា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ថែទាំ និង​អប់រំ​កូន​ឱ្យ​បាន​ត្រឹម​ត្រូវ។ លោក​ណែ​នាំ​ថា វិធីសាស្រ្ត​ការពារ​កុមារ គឺ​ត្រូវ​តែ​អនុវត្ត​វិធាន​ការ​អនាម័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ទាំង​នៅ​ផ្ទះ សាលា​រៀន និង​នៅ​ទី​សាធារណៈ ហើយ​ត្រូវ​រៀប​ចំ​សម្ភារៈ​ការពារ​រួម​មាន​ម៉ាស អាល់កុល​លាង​ដៃ​ឱ្យ​កូន​របស់​អ្នក​ជា​ប្រចាំ​ផង​ដែរ ដើម្បី​ជៀស​វាង​ការ​ឆ្លង​ជំងឺ​កូវី-១៩៖ «ដើម្បី​កុំ​ឱ្យ​ជំងឺ​នេះ​ឆ្លង​មក​គាត់​ គឺ​អប់រំ​គាត់​ជា​រៀង​រាល់​ថ្ងៃ​ឱ្យ​ចេះ​ការពារ​ខ្លួន ពេល​គាត់​ទៅ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្ដិ​ ឬ​មួយ​គាត់​ទៅ​សាលា​រៀន មុន​ទៅ​សាលា​រៀន​យើង​ត្រូវ​សួរ​កូន​យក​ម៉ាស​ទៅ​នៅ បាន​បាញ់​អាល់កុល​លាង​ដៃ​ហើយ​ឬ​នៅ ពេល​កូន​មក​ពី​សាលារៀន​វិញ​មាន​បាន​លាង​ដៃ​ជា​មួយ​សាប៊ូ មុន​ពេល​ចូល​ហូប​បាយ​ជាមួយ​ឪពុក​ម្តាយ បង​ប្អូន​ហើយ​ឬ​នៅ កន្លែង​ហ្នឹង​ហើយ​វា​គួប​ផ្សំ​នឹង​ឪពុក​ម្តាយ​ក្នុង​ការ​អប់រំ ព្រោះ​ការអប់រំ​កូន​ក្នុង​ជីវភាព​គ្រួសារ​វា​សំខាន់​ណាស់»

បើ​សិន​កុមារ​ដែល​ឆ្លង​វីរុស​មិន​អាច​ញែក​ឱ្យ​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់​វិញ តើ​អ្នក​ត្រូវ​មើល​ថែ​ពួក​គេ​ឱ្យ​បាន​ដិត​ដល់​ដោយ​របៀប​ណា?

អង្គការ​យូនីសេហ្វ (UNICEF) ក៏​បាន​ណែនាំ​ឱ្យ​ឪពុកម្តាយ ឬ​អាណា​ព្យាបាល​ទាំង​អស់​គួរ​ឱ្យ​សមាជិក​ក្នុង​ផ្ទះ​ណា​ម្នាក់​ដែល​មាន​សុខភាព​មាំ​មួន​ម្នាក់​មក​មើល​ថែ​អ្នក​ជំងឺ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​កូវីដ​ទៅ​កាន់​បុគ្គល​ដទៃ​ទៀត។ អ្នក​ថែទាំ​ត្រូវ​អនុវត្ត​តាម​ការ​ណែ​នាំ និង​វិធី​បង្ការ​ពេល​ចេញ​រោគ​សញ្ញា​ដូចជា​ត្រូវ​មាន​ទែម៉ូម៉ែត្រ ឬ​ឧបករណ៍​វាស់​កម្តៅ ថ្នាំ​បន្ថយ​កំដៅ ថ្នាំ​ក្អក សេរ៉ូម​អំបិល​(ORS) កន្សែង​សម្រាប់​ទុក​ជូត​ខ្លួន​បន្ថយ​កំដៅ។ ទន្ទឹង​នឹង​នេះ​ការ​ពិនិត្យ និង​កំណត់​នូវ​រោគ​សញ្ញា​របស់​កុមារ​ត្រូវ​ធ្វើ​ឡើង​ជា​រៀង ២ទៅ​៣ដង​ក្នុង​មួយ​ថ្ងៃ ដោយ​កំណត់​ចំណាំ​នូវ​សីតុណ្ហភាព​ដែល​បាន​វាស់​រួច ដើម្បី​តាម​ដាន​តើ​ក្មេង​ញាំ​បាយ​បាន​ឬ​អត់ ឬ​មាន​អាការៈ​វិលៗ​ផង​ដែរ។

លើស​ពី​នេះ​អ្នក​ថែទាំ​ត្រូវ​តាម​ដាន​រោគសញ្ញា​ដែល​រក​ឃើញ​លើ​កុមារ ដែល​ឆ្លង​ជំងឺ​មាន​ដូច​ជា គ្រុនក្តៅ រាករូស អស់​កម្លាំង ហៀរ​សំបោរ តឹង​ច្រមុះ និង​ឈឺក្បាល​ជា​ដើម។ ប៉ុន្តែ​អ្នក​ថែទាំ​អាច​កាត់​បន្ថយ​អាការៈ​ទាំង​នោះ បើ​កុមារ​ដែល​ក្តៅ​ខ្លួន ឬ​គ្រុន អ្នក​ត្រូវ​ជូន​ខ្លួន​នឹង​ទឹក​ក្តៅអ៊ុនៗ​ដើម្បី​កាត់​បន្ថយ​កំដៅ​ ហើយ​បើ​កំដៅ​ខ្ពស់​ជាង​៣៨​អង្សារ ត្រូវ​ឱ្យ​លេប​ថ្នាំ​បន្ថយ​កំដៅ​សម្រាប់​ក្មេង តែ​បើ​រាករូស​ចេញ​មក​ដូច​​ទឹក​វិញ គួរ​ផឹក​ទឹក​លាយ​នឹង​សេរ៉ូម​អំបិល (ORS) ដើម្បី​ជៀសវាង​ការ​បាត់​បង់​ជាតិ​ទឹក។

លោក​វេជ្ជ​បណ្ឌិត អ៊ួច វុទ្ធី ពន្យល់​ថា​កុមារ​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​ពួក​គេ​ភាគ​ច្រើន​ដែល​ឆ្លង​មេរោគ​ជំងឺ​នេះ ជា​សះ​ស្បើយ​ធម្មតា​វិញ ដោយ​មិន​ដូច​មនុស្ស​ពេញ​វ័យ​នោះ​ទេ ពី​ព្រោះ​ពួកគេ​ភាគច្រើន​មាន​ប្រព័ន្ធ​ការពារ​រឹងមាំ ហើយ​ខ្លះ​ទៀត​មិន​បង្ហាញ​រោគ​សញ្ញា​ទាំង​អស់។

ទោះ​ជា​យ៉ាង​ណា​លោក​ណែនាំ​ឱ្យ​ឪពុកម្ដាយ ឬ​អាណា​ព្យាបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែទាំ និង​តាមដាន​រោគ​សញ្ញា​ក្មេង​ឱ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​ស្មារតី និង​ការ​លូតលាស់​របស់​កុមារ​នា​ពេល​អនាគត។ លោក​បញ្ជាក់​ថា បើ​ករណី​កុមារ​មាន​អាការៈ​ដុនដាប​ខ្លាំង​អ្នក​ត្រូវ​តែ​ប្រញាប់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ៖ «វិធានការ​សុខាភិបាល របស់​ពេទ្យ​គឺ​ថា​កុមារ​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​ជាង​មនុស្ស​ចាស់ បើ​សិន​ជា​គាត់​បាន​ឈ្នះ​នឹង​ជំងឺ​ហ្នឹង គាត់​នឹង​មាន​អង់ទីគ័រ​ធម្មជាតិ សម្រាប់​ការ​ពារ​ខ្លួន​គាត់ ចំពោះ​កុមារ​អត់​មាន​ហានិភ័យ​ខ្លាំង​ទេ យើង​ត្រូវ​ការ​ញែក​ឱ្យ​គាត់​សម្រាក​ឱ្យ​បាន​ត្រឹម​ត្រូវ មាន​កន្លែង​ហាត់​រៀន កន្លែង​ឆ្លើយ​ឆ្លង​តាម​ប្រព័ន្ធ​អនឡាញ​ជា​មួយ​មិត្ត​ភក្តិ និង​គ្រូ​នៅ​សាលា​រៀន​របស់​គាត់ មាន​អាហារ​បី​ពេល​គ្រប់​គ្រាន់ គេង​ឱ្យ​បាន​គ្រប់​គ្រាន់ តាម​ដាន​ពួកគេ​ក្នុង​ផ្ទះ ព្រោះ​កុមារ​យើង​មិន​អាច​យក​ពួក​គាត់​ទៅ​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​អ្វី​ផ្សេង​បាន​ទេ ដោយ​សារ​កុមារ​ត្រូវ​ការ​លើក​ទឹក​ចិត្ត​ខ្ពស់​ពី​ឪពុកម្ដាយ បង​ប្អូន ជា​ពិសេស​អ្នក​នៅ​ជុំវិញ​ខ្លួន»

ប្រការ​គួរ​កាត់​សម្គាល់​សម្រាប់​ឪពុកម្ដាយ ឬ​អាណា​ព្យាបាល​អាច​ភ្លេច​ថា​កុមារ​អាច​នឹង​ទទួល​ផល​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​ក្នុង​កម្រិត​ណា​មួយ​ពី​ស្ថានភាព​ដែល​កំពុង​កើត​ឡើង​ចំពោះ​ក្មេង​ដែល​ត្រូវ​ញែក​ចេញ​ពី​គេ ឬ​ត្រូវ​ទទួល​ការ​ព្យាបាល។ ក្មេងៗ​នឹង​មាន​ការ​ព្រួយ​បារម្ភ​ថា ខ្លួន​ឯង​នឹង​ធ្លាក់​ខ្លួន​ឈឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ឡើងៗ ដោយ​សារ​ពួក​គេ​បាន​ឃើញ ឮ​តាម​ការ​ផ្សាយ​ព័ត៌​មាន ឬ​ដឹងពី​មនុស្ស​ក្នុង​សហគមន៍​ជុំវិញ​ខ្លួន។ ដូច្នេះ​ក្រៅ​ពី​ការ​ថែទាំ​អ្នក​ជំងឺ​ដែល​ជា​កុមារ​ហើយ​នោះ ឪពុក​ម្តាយ ឬ​អាណា​ព្យាបាល ត្រូវ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​កូនៗ​ដូចជា​បង្ហាញ​ភាព​កក់​ក្តៅ និង​និយាយ​លួង​លោម តែ​ត្រូវ​ជៀសវាង​​ការ​ប៉ះ​ពាល់​ផ្ទៃមុខ ភ្នែក ច្រមុះ មាត់ ដោយ​គ្មាន​ការ​ចាំ​បាច់។ លើស​ពី​នេះ​គួរ​អធិប្បាយ​អំពី​ស្ថានភាព​ទាំង​នោះ​ឱ្យ​កូនៗ​បាន​យល់ ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​អារម្មណ៍ និង​អំឡុង​ពេល​ញែក​ចេញ​គួរ​តែ​ឱ្យ​កុមារ​ធ្វើ​​សកម្មភាព​ផ្សេងៗ ដើម្បី​រំសាយ​អារម្មណ៍​ដូច​ជា ការ​ផាត់​ពណ៌ គូរ​រូប សរសេរ​កំណត់​ហេតុ ឬ​អាន​រឿង​និទាន​ជា​ដើម។

ចាប់​តាំង​ពី​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ-១៩​មក ក្រសួង​សុខាភិបាល​​ពុំ​ធ្លាប់​បង្ហាញ​តួ​លេខ ឬ​អត្រា​កុមារ​ឆ្លង​ជំងឺ​កូវីដ-១៩​នោះ​ទេ។

គិត​មកត្រឹមថ្ងៃទី៧ ខែធ្នូ ក្រសួង​​បាន​ចាក់​វ៉ាក់​សាំង​ដល់​កុមារ​អាយុ​ពី៦ ទៅ​១២ឆ្នាំ​មាន​ចំនួន​ជាង​១លាន​៩សែន​នាក់ (.៩៨៦.៥៧៦) ដោយ​លើស​ផែន​ការ កំណត់​ក្នុង​ចំណោម​កុមារ​ចំនួន​ជាង​១លាន​៨សែននាក់ (.៨៩៧.៣៨២) និង​កុមារ​អាយុ ៥ឆ្នាំ​មាន​ចំ​នួន​​ជាង ២សែន ៨ម៉ឺននាក់ (២៨០.៩៩០) ស្មើនឹ​ង៩២,៣៤% ក្នុង​ចំណោម​កុមារ​ជាង ៣សែននាក់ (៣០៤.៣១៧)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល