តើ​គ្រួសារ​នីមួយៗ​គួរ​មាន​ថ្នាំ​បង្ការ​ទុក​អ្វីខ្លះ ដើម្បី​អាច​ព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ?

ដោយ ម៉ៅ សុធានី
2021-08-05
Share

វេជ្ជបណ្ឌិត​នៅ​កម្ពុជា និង​នៅ​សហរដ្ឋអាមេរិក ផ្តល់​ដំបូន្មាន​អំពី​វិធី​ព្យាបាល​ងាយៗ និង​ការ​ត្រៀម​ថ្នាំសង្កូវ​មួយ​ចំនួន សំរាប់​ទុក​នៅផ្ទះ ក្នុង​លក្ខខណ្ឌ​ចាំបាច់​ណាមួយ ដើម្បី​កាត់បន្ថយ​រោគសញ្ញា​ស្រាលៗ នៃ​ជំងឺ​កូវីដ​១៩។ តើ​គ្រួសារ​នីមួយៗ គួរ​មាន​ថ្នាំ​បង្ការ​អ្វីខ្លះ​នៅផ្ទះ ដើម្បី​អាច​ដឹង​ពី​វិធីសាស្ត្រ​ព្យាបាល​ដោយ​ខ្លួនឯង?

វេជ្ជបណ្ឌិត​ជំនាញ​នៅ​កម្ពុជា និង​មជ្ឈមណ្ឌល​បង្ការ​ជំងឺឆ្លង​នៅ​សហរដ្ឋអាមេរិក (CDC) ឲ្យ​ដឹង​ថា សម្ភារៈ​និង​ថ្នាំពេទ្យ​សំរាប់​ទុក​បង្ការ​នៅផ្ទះ​ដើម្បី​ព្យាបាល​រោគសញ្ញា​ស្រាលៗ នៃ​ជំងឺ​កូវីដ​១៩ រួមមាន ប្រដាប់​ស្ទង់​កំដៅ ឬ​ទែរម៉ូមែត្រ (Thermometer) ប្រដាប់​វាស់​កម្រិត​ខ្យល់​អុកស៊ីហ្សែន​ក្នុង​ឈាម ហៅថា អ៊ុកស៊ីម៉ែត្រ (Oximeter) ថ្នាំ​បញ្ចុះ​កំដៅ ដូចជា​ប៉ារ៉ាសេតាម៉ុល (Paracetamol) ថ្នាំ​អាសិបតាមីនូហ្វេន (acetaminophen) Tylenol (ថាយឡឺណុល) និង​ថ្នាំ​ក្អក ជាដើម​។ បន្ថែម​ពី​នេះ ត្រូវ​មាន​សាប៊ូ ទឹក​អាកុល ឬ​ហ្យែល សំរាប់​លាង​សំអាត​ដៃ ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ឱ្យ​បាន​យ៉ាងតិច​ពី ១​ម៉ែត្រ​កន្លះ​ឡើង​ទៅ។

ម្ចាស់​គ្លីនិក​មេត្តា នៅ​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ប្រការ​ដែល​យល់ដឹង​ពី​អាការៈ​នៃ​រោគសញ្ញា​ជំងឺ​កូវីដ១៩ គឺ​ងាយស្រួល​ក្នុង​ការ​សម្រេចចិត្ត ថា តើ​គួរតែ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ឬ​អត់។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​ថា ប្រសិនបើ​អ្នកមាន​អាយុ​លើស​ពី ៦០​ឆ្នាំ និង​មាន​ជំងឺ​រ៉ាំរ៉ៃ ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ឬ​ជំងឺ​សួត ជាដើម និង​ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ៖ «ចំពោះ​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​អ្នក​ដែល​គួរ​បារម្ភ​ខ្លាំង​ជាងគេ គឺ​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន​និង​មនុស្ស​ចាស់។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គួរតែ​តាមដាន​នោះ គឺ​គួរ​មាន​ម៉ាស៊ីន​អ៊ុកស៊ីម៉ែត្រ សំរាប់​វាស់​អុកស៊ីហ្សែន ក្នុងករណី​បើ​ក្រោម​៩៥ គឺ​ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ អាហ្នឹង​សំខាន់​ធ្ងន់ ឬ​ស្រាល​គឺ​កម្រិត​អុកស៊ីហ្សែន និង​ស្ត្រី​មាន​ផ្ទៃ​ពោះ មនុស្ស​ចាស់​លើស​ពី​៦០​ឆ្នាំ​ឡើង​ទៅ និង​មាន​ជំងឺ គឺ​ព្យាបាល​ទៅ​មន្ទីរពេទ្យ​។ ចំពោះ​អ្នក​ដែល​ចង់​ព្យាបាល​នៅផ្ទះ គួរតែ​តាមដាន​កំហាប់​អុកស៊ីហ្សែន​ក្នុង​ឈាម គឺ​គេ​អាច​វាស់​ដោយ​អ៊ុកស៊ីម៉ែត ចាប់​គាប​ហ្នឹង​ម្រាមដៃ​...»

លោក​វេជ្ជបណ្ឌិត​ជំនាញ​រូប​នេះ​បន្ត​ថា ប្រសិនបើ​គ្រួសារ​ណា ពុំ​អាច​មាន​លទ្ធភាព​ទិញ​ម៉ាស៊ីន អ៊ុកស៊ីម៉ែត្រ ដែល​មាន​តម្លៃ​ចន្លោះ​ពី​១៥ ដុល្លារ​ទៅ ៣៥​ដុល្លារ គេ​អាច​កត់សំគាល់​ពី​កម្រិត​ខ្យល់​អ៊ុកស៊ីហ្សែន​ក្នុង​ខ្លួន​បាន គឺ​អស់​កម្លាំង​ល្ហិតល្ហៃ ហត់​ខុស​ពី​ធម្មតា និង​ពិបាក​ដកដង្ហើម​។ ក្នុង​ស្ថានភាព​បែបនេះ អ្នកជំងឺ​ត្រូវ​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។

មជ្ឈមណ្ឌល​បង្ការ​ជំងឺឆ្លង​នៅ​សហរដ្ឋអាមេរិក (CDC) ក៏​បាន​ផ្តល់​ដំបូន្មាន​ដែរ​ថា ដើម្បី​កាត់បន្ថយ​រោគ​សញ្ញា និង​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ត្រូវ​លេបថ្នាំ​អាសិតតាមីនូហ្វេន (acetaminophen) ដើម្បី​បញ្ចុះ​កំដៅ​ក្នុង​ខ្លួន។ ប៉ារ៉ាសេតតាម៉ុល និង​អាសិតតាមីនូហ្វេន គឺជា​ប្រភេទ​ថ្នាំ​ដូចគ្នា សំរាប់​កាត់​បន្ថយ​ឈឺក្បាល គ្រុនក្តៅ​ខ្លាំង និង​ការ​ឈឺ​ចុកចាប់​ក្នុង​ខ្លួន​។ បន្ថែម​ពី​នេះ ត្រូវ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន ឬ​ចាក់​បញ្ចូល​សារ៉ូ​ម (IV) តាម​សរសៃឈាម ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន និង​គេង​សម្រាក​ឲ្យ​បាន​ច្រើន ដើម្បី​មាន​កម្លាំង​ប្រឆាំង​វីរ៉ុស ឬ​មេរោគ។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា មាន​ប្រសាសន៍​បន្ត​ថា ក្នុង​ករណី​ក្តៅ​ខ្លួន ឈឺក្បាល ឈឺបំពង់ក សម្រាប់​មនុស្ស​ពេញវ័យ ត្រូវ​ប្រើប្រាស់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ៥០០​មីលីក្រាម ចំនួន​៣​ដង ក្នុង​មួយថ្ងៃ និង​សម្រាប់​កុមារ​ត្រូវ​ប្រើប្រាស់​ត្រឹម ៣០០​មី​លី​ក្រាម ក្នុង​មួយថ្ងៃ​។ លោក​បន្ត​ថា អ្នកជំងឺ​គួរ​ប្រើ​ថ្នាំ​វីតាមីនសេ និង​ជាតិ​សង្កសី ដើម្បី​បង្កើន​ប្រព័ន្ធ​ការពារ​ខ្លួន​ប្រឆាំង​មេរោគ​៖ «អ្នក​ព្យាបាល​ជំងឺ​កូវីដ​១៩​ស្រាល នៅផ្ទះ គឺ​គ្រាន់តែ​លេបថ្នាំ ប៉ារ៉ាសេតាម៉ុល ឬ​ថ្នាំ​អាសិតតាមីនូហ្វេន។ កូនក្មេង​ប្រើ​ដូស ១៥​មីល្លីក្រាម ក្នុង​មួយ​គីឡូក្រាម បើ​ក្តៅ​ប្រើ ៦​ម៉ោង​ម្តង ហើយ​មនុស្ស​ចាស់​គាត់​អាច​ប្រើ​ប៉ារ៉ា​ម្តង​មួយ​ក្រាម ស្មើ​១​ពាន់​មីល្លីក្រាម ៦​ម៉ោង​ម្តង​។ ហើយ​មួយ​ទៀត​សំខាន់ ក្នុង​បញ្ហា​មាន​ជំងឺ​សួត ពួក​ជាតិ​ស័ង្កសី សំខាន់​ណាស់​ជួយ​ប្រព័ន្ធ​ការពារ​។ គេ​និយាយ តែ​វីតាមីន​សេ ប៉ុន្តែ​ជាតិ​ស័ង្កសី​ក៏​ល្អ​ដែរ មនុស្ស​ចាស់​អាច​ប្រើ​២០​មី​ល្លី​ក្រាម មួយ​គ្រាប់ ២​ដង​ក្នុង​មួយថ្ងៃ រយៈពេល​១៤​ថ្ងៃ​...»

ទោះបីជា​រដ្ឋាភិបាល​សម្រុក​ចាក់​វ៉ាក់សាំង​លើ​ពលរដ្ឋ​បាន​ជិត​៧៥% ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០​លាន​នាក់ យ៉ាងនេះ​ក្ដី ក៏​ចំនួន​អ្នក​ស្លាប់​និង​អ្នក​ឆ្លង​ថ្មី នៅ​តែ​កើនឡើង​ខ្ពស់​ដដែល។ ក្រុម​អ្នក​ជំនាញ​សុខភាព​អះអាង​ថា ប្រការ​ដែល​មាន​ចំនួន​អ្នក​ឆ្លង​ច្រើន ដោយសារ​វ៉ាក់សាំង​ដែល​ចាក់​ជូន​ប្រជាពលរដ្ឋ ភាគច្រើន​ជា​វ៉ាក់សាំង​របស់​ចិន​ឈ្មោះ ស៊ីណូហ្វាម (Sinopham) និង​ស៊ីណូវ៉ាក់ (Sinovac) ដែល​មាន​ប្រសិទ្ធភាព​ទាប ជាង​វ៉ាក់សាំង​ផ្សេងទៀត​ដូចជា វ៉ាក់សាំង​អាស្ត្រាហ្សេនីកា (AstraZeneca) ហ្វាយហ្សឺរ (Pfizer) ឬ​ម៉ូដឺណា (Moderna)

ទោះជា​យ៉ាងនេះ​ក្តី លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ទទូច​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។ លោក​ថា បើ​ទោះ​បី​ជា​មាន​ប្រសិទ្ធភាព​ទាប ក៏​ដោយ ក៏​វា​ជា​ការ​ប្រសើរ ក្នុង​ការ​ជួយ​ការពារ​មិន​ឲ្យ​អ្នកជំងឺ​វិវត្ត​ឈឺ​ធ្ងន់ ឬ​ស្លាប់​បាន​។ លោក​សង្កត់ធ្ងន់​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ ទោះបី​នៅតែ​ឆ្លង​មែន ប៉ុន្តែ​ការ​ឆ្លង​នោះ​គឺ​ក្នុង​ក​ម្រឹត​ឈឺ​ស្រាលៗ អត់​ដូច​អ្នក​ដែល​អត់​បាន​ចាក់​វ៉ាក់សាំង​ទេ ដែល​ត្រូវ​ប្រឈម​ឈឺ​ធ្ងន់ និង​ត្រូវ​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​៖ «ចំពោះ​ដំបូន្មាន​របស់ខ្ញុំ​គឺ​ចាក់​វ៉ាក់សាំង ឥឡូវ​ហ្នឹង​ការសិក្សា​នៅ​ស្រុក​ខ្មែរ​យើង គេ​​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​។ វ៉ាក់សាំង​សំខាន់​ជាងគេ​។ ការ​មើលឃើញ​របស់​ក្រសួងសុខាភិបាល​គឺ​អ្នក​ចាក់ ២​ដូស​ហើយ គាត់​នៅតែ​ឆ្លង​ច្រើន​អ៊ីចឹង សម្រេច​ឲ្យ​មាន​ចាក់​ដូសទី​៣ ដោយសារ​អ្នក​ចាក់​២​ដូ​ស​ហើយ​ប្រភេទ​ស៊ីណូហ្វាម នៅ​ឆ្លង​ច្រើន បើ​ប្រភេទ​ស៊ីណូវ៉ាក់ និង​អាស្ត្រាហ្សេនីកា គឺ​លទ្ធភាព​ការពារ​បាន​ខ្ពស់ មិន​សូវ​មាន​អ្នក​ឆ្លង​ទេ។ គឺ​ចាក់​ថែម​ដល់​អ្នក​ចាក់​២​ដង ប្រភេទ​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ហើយ​ផ្តល់​ដូស​ទី​៣ គឺ​ប្រភេទ​អាស្ត្រាហ្សេនីកា...»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា កន្លង​ទៅ​នេះ ក្រសួង​សុខាភិបាល​ប្រកាស​ពី​ការ​ដាក់​ឲ្យ​អ្នកជំងឺ​កូវីដ​១៩ ស្រាលៗ​អាច​ព្យាបាល​នៅ​ផ្ទះ​បាន ក្នុង​គោល​បំណង ដើម្បី​សម្រួល​បន្ទុក​ដល់​ក្រុម​គ្រូពេទ្យ ដែល​ត្រូវ​មើលថែ​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ធ្ងន់។ ហើយ​ការ​ព្យាបាល​តាម​ផ្ទះ​នេះ ធ្វើ​បាន​សម្រាប់​តែ​អ្នកជំងឺ​កម្រិត​ស្រាល និង​ទៅតាម​លក្ខខណ្ឌ​ជាក់ស្តែង​នៃ​លំនៅឋាន​របស់​អ្នកជំងឺ​ផ្ទាល់​ផង​ដែរ។

ក្រសួង​តម្រូវ​ឲ្យ​អនុវត្ត​ជាដំបូង លើ​អ្នកជំងឺ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​សិន ដែល​បច្ចុប្បន្ន មាន​អ្នក​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​-១៩ កម្រិត​ស្រាល នៅ​តាម​ផ្ទះ​សរុប​ចំនួន​ជាង ១​ពាន់​នាក់ (.០៣៣) ខណៈ​អ្នក​ដែល​ព្យាបាល​នៅ​តាម​ផ្ទះ​ជាសះស្បើយ​មាន​ចំនួន​ជិត ៣​រយ​នាក់ (២៦៨)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល