សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​វៀតណាម​ឲ្យ​ដោះ​លែង​កសិករ​ខ្មែរ​ក្រោម​បី​នាក់

ដោយ យន់ សាមៀន
2022.01.18
Share on WhatsApp
Share on WhatsApp
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​វៀតណាម​ឲ្យ​ដោះ​លែង​កសិករ​ខ្មែរ​ក្រោម​បី​នាក់ (ឆ្វេង) ​លោក ហ្វិន វ៉ាំងឌែប (កណ្ដាល) លោក តៀន ដាម និង (ស្ដាំ) លោក តៀន ណាម ជា​កសិករ​ខ្មែរ​ក្រោម​ ដែល​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ក្រមួនស ចាប់​ពី​បទចោទ​ថា បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ។
រូប៖ សហពន្ធខ្មែរកម្ពុជាក្រោមផ្ដល់ឱ្យ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ថ្កោលទោស​អាជ្ញាធរ​វៀតណាម ដែល​បាន​ចាប់​ខ្លួន​កសិករ​ខ្មែរ​ក្រោម​ពីរ​នាក់ ដាក់​ពន្ធនាគារ និង​ហាមឃាត់​មិន​ឲ្យ​កសិករ​ផ្សេង​ទៀត​ធ្វើស្រែ​លើ​ដី​កេរ​ដូនតា​របស់​ពួក​គេ។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​​ក្រោម​សង្កេត​ឃើញ​ថា វៀតណាម ចាប់​ផ្ដើម​រំលោភ​សិទ្ធិ ខ្មែរ​ក្រោម​កាន់​តែ​កាន់​ខ្លាំង​ឡើង ស្រប​ពេល​ដែល​ពិភព​លោក​ កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ (Covid-19)

យ៉ាង​ហោច​ណាស់​ក៏​មាន​កសិករ​ខ្មែរ​ក្រោម​បី​នាក់​ហើយ​ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ដាក់​ពន្ធនាគារ​ ដោយ​ចោទប្រកាន់​ពាក់ព័ន្ធ​រឿង​បង្ក​អំពើ​ហិង្សា​លើ​អាជ្ញាធរ ​វៀតណាម ពេល​ពួក​គេ ​តវ៉ា​ទាមទារ​ធ្វើ​ស្រែ​លើ​ដី​កេរ្តិ៍​ដូនតា​ របស់​ពួកគេ។ កសិករ​ខ្មែរ​ក្រោម​ពីរ​នាក់​ចុងក្រោយ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ក្រមួនស តាម​សាលក្រម​តុលាការ កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ រួមមាន លោក តៀន ណាម និង តៀន ដាម។ ពួក​គេ​នឹង​ត្រូវ​​ជាប់ពន្ធនាគារ​ពី ៩ខែ ទៅ ២ឆ្នាំ ពី​បទ «ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ»។ កាល​ពី​ខែ​តុលា​កន្លង​ទៅ​ វៀតណាម ក៏​បាន​ចាប់​ខ្លួន​លោក ហ្វិន វ៉ាំងឌែប ដាក់​ពន្ធនាគារ​ពីរ​ឆ្នាំ ពី​បទ​តែ​មួយ​ ហើយ​ឲ្យ​កសិករ​ខ្មែរ​ក្រោម​ម្នាក់​ទៀត នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

អាជ្ញាធរ​វៀតណាម​មិន​ត្រឹម​តែ​ចាប់​កសិករ​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ​ទេ អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ក្រមួន​ស កាល​ពី​ថ្ងៃ​ទី៩ មករា​កន្លង​ទៅ ក៏​បាន​ឃាត់​កសិករ​ខ្មែរ​ក្រោម ប្រមាណ​ជាង ៥០នាក់ មក​ពី​ភូមិ​ចំនួន​បី ក្នុងស្រុក​ព្រៃ​មេ​ង ខេត្ត​ក្រមួន មិន​ឲ្យ​ធ្វើស្រែ​ប្រាំង​លើ​ដី ដែល​អ្នក​ភូមិ​ធ្លាប់​ធ្វើ​ជិត​ពាក់​កណ្ដាល​សតវត្ស​មក​ហើយ។ អាជ្ញាធរ​វៀតណាម បាន​ប្រើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់​បិទ​ផ្លូវ រារាំង​មិន​ឲ្យ​ពួក​គេ​ចូល​ទៅ​ធ្វើស្រែ និង​គំរាមកំហែង​ចាប់​កសិករ​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ​ទៀត​ផង។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​អាជ្ញាធរ​វៀតណាម​ឃាត់​ខ្មែរ​ក្រោម​មិន​ឲ្យ​ធ្វើ​ស្រែ​​លើ​ដី​របស់​ពួក​គេ។ កាល​ពី​ឧសភា ឆ្នាំ២០២០ អាជ្ញាធរ​វៀតណាម​ខេត្ត​ក្រមួន​ស ប្រដាប់​ដោយ​អាវុធ​ប្រមាណ​ជាង ១០០នាក់ បាន​ចុះទៅ​រឹបអូស​យក​ដី​ជា​ច្រើន​រយ​ហិកតារ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ធ្វើជា​កម្មសិទ្ធិ​របស់​រដ្ឋ​ដោយ​មិន​ផ្តល់​សំណង ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​មិន​ព្រម​រហូត​ផ្ទុះ​ការ​តវ៉ា​បណ្ដាលឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ១០នាក់​រង​បួស។ ការ​ផ្ទុះ​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ ហើយ​ទើប​បណ្ដាល​ឲ្យ​តុលាការ​វៀតណាម​ចាប់​ខ្មែរ​ក្រោម​បី​នាក់​ដាក់​ពន្ធនាគារ។ ក្រុម​គ្រួសារ និង​សហព័ន្ធ​ខ្មែរ​ក្រោម​បដិសេធ​ការ​ចោទ​ប្រកាន់ របស់​វៀតណាម​មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម អំពី​អំពើ​ហិង្សា​នេះ ហើយ​បាន​ថ្កោល​ទោស ការ​ចាប់​ខ្លួន​នេះ​ថា ជា​អំពើ​អយុត្តិធម៌។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹង​រតនា មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១៦ មករា​ថា វៀតណាម​រំលោភ​សិទ្ធិ​​​ជនជាតិ​ដើម និង​ដីធ្លី​របស់​ពួក​គេ ទាំង​អយុត្តិធម៌ ហើយ​ថែម​ទាំង​ចាប់​ជន​រង​គ្រោះ​ដាក់​ពន្ធនាគារ​ទៀត​ផង៖ «អាជ្ញាធរ​វៀតណាម​ធ្វើ​បែប​នេះ ជា​ការ​គំរាម​កំហែង​ពលរដ្ឋ​ខ្មែរ​ក្រោម ពីព្រោះ​ពួក​គាត់​តវ៉ា​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​របស់​ពួក​គាត់ គឺ​អត់​មាន​ទោស​កំហុស​អ្វី​ទេ ព្រោះ​ថា​ដី​ស្រែ​ចំការ​នោះ ពួក​គេ​ធ្លាប់​ អាស្រ័យ​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ក្រោយ​មក​ទៀត ​វៀតណាម​យក​ដី​ទាំង​នោះ ​មក​ធ្វើ​ជា​កន្លែង​ឧស្សាហកម្ម​មួយ។ គ្មាន​សង​សំណង​ពលរដ្ឋ​ខ្មែរ​ក្រោម​តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​នេះ​ទេ»

ចាប់​តាំង​ពី​ពិភពលោក កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ១៩ មក វៀតណាម​បាន​ឆ្លៀត​ពេល​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរ​ក្រោម​កាន់​តែ​ខ្លាំង​ឡើង។ ក្រៅ​ពី​ចាប់​កសិករ​ខ្មែរ​ក្រោម ដើម្បី​ដណ្ដើម​យក​ដី​ខ្មែរ​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ អាជ្ញាធរ​វៀតណាម ក៏​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ដាក់ ពន្ធនាគារ​ដោយសារ​តែ​លោក ហ៊ាន​បញ្ចេញ​មតិ​រឿង​ប្រវត្តិ​បាត់បង់​ទឹក​ដី​ខ្មែរ និង​សិទ្ធិ​ជន​ជាតិ​ដើម។ ចំណែក​យុវជន​ខ្មែរ​ក្រោម​ផ្សេង​ទៀត​ក៏​ត្រូវ​វៀតណាម ផាក​ពិន័យ​ជា​ច្រើន​រយ​ដុល្លារ​រឿង​សំដែង​មតិ​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម។

ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​បន្ត​ទៀត​ថា សហព័ន្ធ​នឹង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​​វៀតណាម​ដោះលែង​កសិករ​ខ្មែរ​ក្រោម​​តាម​រយៈ​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ធ្វើ​ចលនា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​ជាមួយ​នឹង​សហគមន៍​អឺរ៉ុប និង​ក្រសួង​ការ​បរទេស និង​អង្គការ (Human Rights Watch)​ដើម្បី​ឲ្យ​ប្រទេស​ទាំង​នោះ ដែល​មាន​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​ហ្នឹង ដើម្បី​ដាក់​គំនាម និង​ធ្វើ​អន្តរាគមន៍​ករណី​វៀតណាម​រារាំង​មិន​ឲ្យ​កសិករ​ខ្មែរ​ក្រោម​ធ្វើ​ស្រែ​ចំការ​និង​ករណី​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ​ផង​ដែរ»

កាល​ពី​ខែ​ធ្នូ​កន្លងទៅ អង្គការ​សិទ្ធិមនុស្ស (Human Rights Watch) រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ជាង​មួយ​រយ​នាក់​ កំពុង​ជាប់​ពន្ធនាគារ​ ដោយសារ​តែ​ការ​ប្រើប្រាស់ ​សិទ្ធិ​មូលដ្ឋាន និង​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ វៀតណាម ក្រៅ​ពី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្លួន​ឯង ​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​នេះ ក៏​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជនជាតិ​ដើម​ខ្មែរ​ក្រោម​ផង​ដែរ។ មន្ត្រី​អង្គការ (Human Rights Watch) ថា វៀតណាម​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​ក្រោម ដោយ​គាប​សង្កត់​ខ្មែរ​ក្រោម​មិន​ឲ្យ​សំដែង​មតិ​រឿង​វប្បធម៌​ជនជាតិ​ដើម សិទ្ធិ​សាសនា និង​គាប​ឲ្យ​ខ្មែរ​ក្រោម ​ទទួល​យក​និង​សម្របសម្រួល ​ការ​រស់​នៅ​តាម​បែប​ជនជាតិ​វៀតណាម​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល