វីដេអូ

អាជ្ញាធរបន្តរារាំងក្រុមកូដករណាហ្គាវើលដ៍មិនឱ្យតវ៉ារកដំណោះស្រាយ

2022-05-10

អាជ្ញាធរ​រាជធានី​បន្ត​រារាំង​ក្រុម​កូដករ​ណាហ្គាវើលដ៍ (#Nagaworld) ជាង ១រយ​នាក់ (១១៦) មិន​ឱ្យ​ឈរ​តវ៉ា និង​លើក​បដា​នៅ​ក្បែរ​អាគារ​ក្រុមហ៊ុន​ឡើយ នៅ​រសៀល​ថ្ងៃទី ១០ឧសភា នេះ។ អាជ្ញាធរ​បាន​បង្ខំ​ក្រុម​កូដករ​ឡើង​ឡាន​ក្រុង​ដឹក​យក​ទៅ​ខណ្ឌ​ព្រែកព្នៅ រហូត​ដល់​ម៉ោង​ជាង ៤ រសៀល​ទើប​ដឹក​ពួកគាត់​មក​ចំណត​ឡាន​ក្រុង​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌឫស្សីកែវ​វិញ។ កូដករ​ម្នាក់ គឺ​លោកស្រី អាទីន រិះគន់​ទង្វើ​របស់​អាជ្ញាធរ​ថា ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់។ លោកស្រី​បន្ត​ថា អាជ្ញាធរ​គួរណាស់តែ​ជួយ​រក​ដំណោះស្រាយ​ឱ្យ​កូដករ មិនមែន​មក​រារាំង ប្រើ​ហិង្សា និង​ប្រើ​ពាក្យ​សម្ដី​ប្រមាថ​ពួកគាត់​យ៉ាង​ដូច្នេះ​ឡើយ។ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី ដើម្បី​សាកសួរ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី ១០ឧសភា។ ប៉ុន្តែ​កន្លងទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ដោយ​ចាត់ទុក​ការ​តវ៉ា​របស់​ក្រុម​កូដករ​ណាហ្គាវើលដ៍​ថា ជា​បាតុកម្ម​ខុសច្បាប់៕

គេហទំព័រ​ទាំងមូល